ជីវិតខ្ញុំ ក្នុងរយៈពេលពេញមួយឆ្នាំនេះ អរគុណសម្រាប់គ្រប់យ៉ាងដែលបានកើតឡើង

អរគុណឆ្នាំចាស់ ឆ្នាំ២០១៨ រយៈពេលមួយឆ្នាំពេញនេះ ជីវិខ្ញុំបានឆ្លងកាត់រឿងជាច្រើនគួរសម សូម្បីតែឈឺក៏ច្រើន បាត់បង់ក៏ច្រើន ខាតបង់ក៏មិនតិច រងសម្ពាធក៏ច្រើន ត្រុវគេមើលងាយ សើចចំអក បំបាក់ទឹកចិត្ត ទម្លាក់កំហុស ត្រូវមនុស្សជិតស្និទ្ធបំផ្លាញទឹកចិត្តម្ដហើយម្ដងទៀត អ្នកណាធ្វើអ្វី គិតអ្វី និយាយអ្វីពីខ្ញុំ មានគំនិតបែបណាលើខ្ញុំ កុំស្មានថាខ្ញុំមិនដឹងឱ្យសោះ តែព្រោះមនោសញ្ចេតនា និងការយោគយល់​ ទើបខ្ញុំលើកលែង ណាមួយខ្ញុំរវល់នឹងការងារច្រេីន ទើបខ្ញុំមិនចង់យកចិត្តទុកដាក់នឹងការគិត ឬសម្ដីរបស់អ្នកណា ចង់ប្រាប់ថា ខ្ញុំហត់នឿយច្រើន ទើបខ្ញុំស្ងៀមស្ងាត់បែបហ្នឹង ខ្ញុំមិនមានពេល ទៅខ្វល់នឹងអ្នកណា ហើយក៏មិនចង់ឈឺក្បាល នឹងបញ្ហាដដែលៗទៀតដែរ។

ហើយអ្វីដែលខ្ញុំបានសង្កេតឃើញក្នុងឆ្នាំនេះ គឺខ្ញុំអត់ធ្មត់ស្ទើរគ្រប់យ៉ាង មិនថាជាមួយមនុស្សជុំវិញខ្លួន ឬរឿងដែលបានកើតឡើង តែដល់ចុងឆ្នាំ វាហាក់មិនសូវចេះទប់ប៉ុន្មានទេ សម្ដីអាក្រក់ ចូលចិត្តជះអារម្មណ៍ម្ដងម្កាល មិនសូវយោគយល់អ្នកណាទេ ត្រូវថាគឺថា ចិត្តហ៊ានជ្រុលហើយ។

សរុបសម្រាប់បញ្ចប់ឆ្នាំចាស់នេះ គឺខ្ញុំបរាជ័យរឿងមិនអាចសម្រេចបំណងប៉ុន្មានចំណុច និងរឿងកាលពីថ្ងៃទី១ខែធ្នូនេះ តែវាក៏ជារឿងដែលសមនឹងអាចទទួលយកបានដែរ។

យ៉ាងណាក៏សរសើរខ្លួនឯង ដែលអាចទ្រាំអាចឆ្លងកាត់មកដល់ពេលនេះបាន កើនមួយឆ្នាំទៀតហើយ ហើយក៏កំពុងតែគិតថា គួរប្រើចរិតដដែលសម្រាប់ឆ្នាំថ្មី ឬគួរកែប្រែអ្វីខ្លះ?

ហើយក៏ សូមរីករាយស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០១៩ សង្ឃឹមថា ខ្លួនឯងនឹងកាន់តែរឹងប៉ឹង រឹងមាំជាងនេះ ក្លាហានជាងនេះ ខំប្រឹងជាងនេះ និងអត់ធ្មត់តស៊ូឱ្យបានខ្លាំងជាងនេះ ហើយសន្យាថា នឹងសម្រេចកិច្ចការមួយចំនួនធំឱ្យបានក្នុងឆ្នាំថ្មីនេះ មានរឿងច្រើនដែលខ្ញុំត្រូវធ្វើ មានការងារច្រើនដែលត្រូវបំពេញ មានក្ដីស្រមៃច្រើន ដែលត្រូវតែសម្រេច មុនពេលអ្វីៗហួសពេល សង្ឃឹមថា ខ្ញុំនឹងមានពេលច្រើនជាងនេះ។

ក៏សង្ឃឹមដែរថា ខ្ញុំនឹងបានសម្រេចក្ដីប្រាថ្នា ការស្រមៃ ដែលខ្ញុំចង់បានក្នុងឆ្នាំថ្មីនេះ មិនបានទាំងអស់​ យ៉ាងហោចណាស់​ ក៏បានមួយពីរដែរ៕


43107892_1897106830374394_7411304684469616640_n

43951660_1909665935785150_479038460099821568_o

44747982_1919488388136238_9201326914617212928_n

45770685_1945257378892672_1228393374306795520_n

រក្សាសិទ្ធ : TSR Sharing

អត្ថបទ : Panha Roth