សញ្ញាជាក់ស្តែង១០យ៉ាង បង្ហាញថាមិត្តរបស់អ្នកស្រលាញ់អ្នក

តើអ្នកមានការសង្ស័យថា មិត្តរបស់អ្នកកំពុងលួចស្រលាញ់អ្នកមែនទេ? អ្នកប្រហែលជាមានអារម្មណ៍ថា គាត់ចាត់ទុកអ្នកលេីសពីមិត្តធម្មតា។ អ្នកប្រហែលជាភ័យខ្លាច ក្នុងការបញ្ជាក់ចំពោះរឿងនេះ ព្រោះវាអាចបំផ្លាញចំណងមិត្ដភាពរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ អ្នកចង់ដឹងពីការពិត ដូច្នេះអ្នកនឹងត្រូវដឹងថាធ្វេីដូចម្តេច ដើម្បីកុំឱ្យគាត់ឈឺចាប់។

ប្រសិនបើអ្នកចង់ដឹងថាតើមិត្តរបស់អ្នកកំពុងស្រលាញ់អ្នកឬយ៉ាងណានោះ ខាងក្រោមនេះគឺជាសញ្ញាមួយចំនួនដែលអ្នកអាចយកទៅពិចារណាបាន។

១. តែងតែផ្ញើសារមកអ្នកតាំងពីពេលព្រឹករហូតដល់យប់

ប្រសិនបើមិត្តភក្តិរបស់អ្នកតែងតែស្វាគមន៍អ្នកដូចជា «អរុណសួស្តី» «ញុំបាយថ្ងៃត្រង់នៅ?» «រាត្រី​សួស្តី» តាមការផ្ញេីរសារជារៀងរាល់ថ្ងៃ ហេីយគាត់ព្យាយាមរក្សាការសន្ទនានៅពេលអ្នកឆ្លើយតប នេះគឺអាចជាសញ្ញាមួយ។ មិត្ដភក្ដិរបស់អ្នកនឹកឃេីញអ្នកជានិច្ច ហើយគាត់ចង់ភ្ជាប់ទំនាក់ទំនងជាមួយអ្នក សូម្បីនៅពេលអ្នកនៅឆ្ងាយពីគ្នាក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ វាជាការល្អប្រសិនបើអ្នកអាចធ្វេីការព្យាយាមត្រួតពិនិត្យទម្លាប់គេមុនពេលសន្មត់។ ប្រសិនបើគាត់តែងតែធ្វើបែបនេះជាមួយមិត្តភក្តិផ្សេងទៀត នោះវាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ។

២. ទំនេរសម្រាប់អ្នកជានិច្ច

អ្នកអាចដឹងថាមិត្តរបស់អ្នកស្រលាញ់អ្នក ប្រសិនបើគាត់មិនដែលរវល់នៅពេលអ្នកហៅ។ គាត់អាចលះបង់អ្វីដែលគាត់កំពុងធ្វើ ដើម្បីគ្រាន់តែនៅជាមួយអ្នក។ វាជារឿងធម្មតាទេសម្រាប់មិត្តភក្តិ ដែលចេះជួយគ្នាទៅវិញទៅមក ប៉ុន្តែនៅពេលនិយាយអំពីអាទិភាពវិញគឺ គ្រួសារ ការងារ និងការសិក្សា ជាទូទៅត្រូវធ្វើជាមុនសិន។

ឥឡូវនេះ ប្រសិនបើមិត្តរបស់អ្នក អាចដាក់ទៅម្ខាងនូវពេលវេលារបស់ពួកគេសម្រាប់ ក្រុមគ្រួសារ ការងារ ឬ ការសិក្សា ដេីម្បីបាននៅក្បែរអ្នកនោះ វាគឺជារឿងខុសគ្នា។ បេីដូចនេះ អ្នកត្រូវចាប់ផ្តើមសួរថា «មូលហេតុអ្វី?»។

៣. គេប្រឹងតែងខ្លួនស្អាតៗរាល់ពេលអ្នកនឹងជួបគេ

សញ្ញាមួយទៀត គឺអ្នកអាចកត់សំគាល់ថាមិត្តរបស់អ្នក តែងតែតែងខ្លួនស្អាតបាតនៅក្នុងពេលមានគម្រោងជួបជុំគ្នា ប៉ុន្តែគាត់ហាក់ដូចជាមិនសូវខ្វល់អំពីការតែងខ្លួនរបស់គាត់ទេ នៅពេលដែលអ្នកជួបគាត់ដោយចៃដន្យ។ ប្រហែលជាគាត់ពិតជាបានរៀបចំ ដើម្បីឱ្យមើលទៅល្អស្អាតរាល់ពេលដែលអ្នកនឹងជួបគាត់ ពីព្រោះគាត់ចង់ឱ្យអ្នកចាប់អារម្មណ៍លេីគាត់។

ជាការពិតណាស់ វាជារឿងធម្មតាសម្រាប់មនុស្សយើង ដើម្បីឱ្យមានការទាក់ទាញជាពិសេសពីមនុស្សដែលយើងស្រលាញ់។ នោះហើយជាមូលហេតុដែល យើងស្លៀកពាក់ដ៏ល្អស្អាត ស្ទីលម៉ូដសក់ថ្មី ហើយងូតទឹក បាញ់ទឹកអប់ រាល់ពេលដែលមានឱកាសជួបជាមួយ មនុស្សដែលយេីងស្រលាញ់។

៤. ក្លាយជាមនុស្សចេះកំប្លែងនៅពេលដែលអ្នកនៅក្បែរ

តើអ្នកបានកត់សម្គាល់ឃើញថាមិត្តរបស់អ្នក គឺគួរឱ្យអស់សំណើចនិងនិយាយច្រេីន ប្លែកខុសពីធម្មតានៅពេលដែលអ្នកមកដល់? «ប្លែកខុសពីធម្មតា» មានន័យថាអ្នកដឹងថាគាត់ជាមនុស្សដែលស្ងប់ស្ងាត់ ប៉ុន្ដែគាត់ចាប់ផ្តេីមចេះនិយាយច្រេីននិងកំប្លែងៗ គ្រប់ពេលដែលអ្នកនៅក្បែរនោះដែរ។ នេះប្រហែលជាដោយសារតែគាត់ ចង់បានការចាប់អារម្មណ៍ពីអ្នក។

ការនិយាយកំប្លែងៗ និងឮៗ គឺជាវិធីងាយស្រួលបំផុតមួយ ដើម្បីឱ្យអ្នកដទៃមានការយកចិត្តទុកដាក់។ វាក៏ជាវិធីមួយដេីម្បីនិយាយថា «សូមមើលខ្ញុំ! ខ្ញុំសប្បាយរីករាយពេលនៅជាមួយអ្នក។»

៥. សើចចំពោះរឿងកំប្លែងដែលអ្នកនិយាយ ទោះបីជាអ្នកផ្សេងទៀតមិនសេីចក៏ដោយ

សញ្ញាជាក់ស្តែងមួយទៀត គឺនៅពេលដែលគាត់តែងតែសើច នូវរឿងកំប្លែងរបស់អ្នកឮៗ។ គាត់ហាក់បីដូចជាមនុស្សតែមួយគត់ដែលអ្នកចូលចិត្តការកំប្លែងស្ងួតរបស់អ្នក។

ចូរទទួលស្គាល់រឿងនេះ អ្នកក៏នឹងធ្វើដូចគ្នាក្នុងករណីដែលអ្នកលួចស្រលាញ់នរណាម្នាក់ តាមរយៈការស្តាប់រឿងកំប្លែងនេះផងដែរ។ វានឹងជាឱកាសរបស់អ្នកដើម្បីបង្ហាញគាត់ថា អ្នកជាអ្នកគាំទ្រលេខ១របស់គាត់។

៦. ស្តាប់អ្នកមិនចេះធុញ

អ្នកនឹងដឹងថាមនុស្សម្នាក់ចូលចិត្តអ្នក នៅពេលគាត់ចាប់អារម្មណ៍រឿងផ្ទាល់ខ្លួនរបស់អ្នក និងអ្វីផ្សេងទៀតដែលអ្នកចង់និយាយ។ គាត់ចូលចិត្តស្តាប់អ្នក ហេីយអ្នកអាចចាប់អារម្មណ៍ថា ដោយសារតែគាត់នៅតែបន្តសួរសំណួរជាច្រេីនទៀត សូម្បីតែរឿងមិនសំខាន់ដែលអ្នកប្រាប់គាត់។


ដូចគ្នានេះផងដែរ ទោះបីជាអ្នកប្រាប់មិត្តរបស់អ្នក អំពីរឿងដដែលៗម្តងហើយម្តងទៀតក៏ដោយ ក៏គាត់នៅតែស្តាប់។ កុំភ្ញាក់ផ្អើល បើសិនជាគាត់ចងចាំរាល់ព័ត៌មានលម្អិតនៃអ្នក ព្រោះគាត់ពិតជាយកចិត្តទុកដាក់ និងចាប់អារម្មណ៍ចំពោះអ្នក។

៧. ចាប់អារម្មណ៍លើជីវិតស្នេហារបស់អ្នក

ប្រសិនបើមិត្តភក្តិរបស់អ្នក តែងតែចង់ដឹងរឿងថ្មីៗដែលទាក់ទងនឹងស្ថានភាពស្នេហារបស់អ្នក ឬក៏របៀបដែលអ្នកលួចស្រលាញ់នរណាម្នាក់ វាប្រហែលជាដោយសារតែគាត់ចង់ដឹងថាតើ គាត់អាចមានឱកាសនៅជាមួយអ្នកបានដែរឬទេ។

គ្មានរឿងអ្វីអាក្រក់ជាងការដឹងថាបេះដូងរបស់មនុស្សដែលយេីងលួចស្រលាញ់ គឺជារបស់អ្នកដទៃរួចហើយនោះទេ។ ដូច្នេះប្រសិនបើអ្នករកឃេីញបែបនេះ អ្នកអាចប្រើមិត្តភាពរបស់អ្នក ដើម្បីដឹងថាតើអ្នកគួររក្សាអារម្មណ៍ស្រលាញ់ឬបញ្ឈប់។

៨. សរសើរអ្នកសូម្បីតែរឿងតូចៗ

មិនមានអ្វីខុសទេ ប្រសិនបើនរណាម្នាក់សរសើរអ្នក ព្រោះវាជារឿងល្អ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកកត់សម្គាល់ថាមានមនុស្សម្នាក់ ដែលកត់សម្គាល់និងសរសើររឿងគ្រប់យ៉ាងរបស់អ្នក សូម្បីតែរឿងខ្លះៗដែលអ្នកស្ទើរតែមើលមិនឃើញដោយភ្នែកទទេក៏ដោយ។ នេះប្រហែលជាមានន័យថា គាត់កោតសរសើរយ៉ាងច្រើន មិនថារឿងតូចឬធំអំពីអ្នក។

លើសពីនេះទៀត ទម្លាប់នៃការសរសេីររបស់មិត្តភក្តិរបស់អ្នក អាចជាយុទ្ធសាស្រ្តរបស់គាត់ដើម្បីយកឈ្នះបេះដូងរបស់អ្នក។ មនុស្សយេីងនឹងសប្បាយរីករាយ និងចង់នៅក្បែរមនុស្សដែលតែងតែសរសើរពួកគេ។ ពីព្រោះពួកគេមានអារម្មណ៍ថាមានតម្លៃ។

៩. ចូលចិត្តនៅតែពីរនាក់ជាមួយអ្នក

ប្រសិនបើអ្នកកត់សម្គាល់ឃើញថាមិត្តរបស់អ្នក ហាក់ដូចជារីករាយនឹងការសេពគប់របស់អ្នក ហេីយជាពិសេសនៅពេលដែលគ្មានមនុស្សផ្សេងនៅជុំវិញនោះ នេះគឺជាសញ្ញាមួយដែលគាត់កំពុងតែលួចស្រលាញ់អ្នក។ គាត់ចង់បានការចាប់អារម្មណ៍ទាំងស្រុងពីអ្នក ដូច្នេះអ្នកអាចមានពេលវេលាជាមួយគាត់ដោយមិនមានការរំខាន។

តេីអ្វីដែលជាការបង្ហាញជាធម្មតាថា នេះគឺជាអ្វីដែលមិត្តរបស់អ្នកចង់បាន? ឧទាហរណ៍៖ គាត់នឹងរៀបចំគម្រោងដេីម្បីជួបជុំគ្នា ដែលអ្នកគិតថាការជួបជុំជាក្រុម។ បន្ទាប់មក គាត់ប្រាប់អ្នកថាអ្នកដទៃរវល់អស់ហេីយ ប៉ុន្តែអ្នកត្រូវធ្វើតាមគម្រោងនោះ។

១០. គេចពីអ្នកនៅទីសាធារណៈ

មិត្តរបស់អ្នកអាចបើកចំហខ្លាំងជាមួយអ្នក រាល់ពេលដែលអ្នកផ្ញើរសារឬនិយាយទូរស័ព្ទ ជាមួយគេ។ តែអ្នកសម្គាល់ថាគាត់មិនសូវមានទំនាក់ទំនងជាមួយអ្នក នៅពេលអ្នកចេញទៅក្រៅឬនៅទីសាធារណៈទេ។ តើនេះជារឿងមិនគួរឱ្យសង្ស័យទេឬ?

ហេតុផលដែលមិត្តភក្តិរបស់អ្នកធ្វេីដូចនេះ អាចដោយសារតែគាត់មានអារម្មណ៍ភ័យខ្លាច នៅពេលដែលអ្នកនៅក្បែរ។ គាត់ភ័យខ្លាចថាអ្នក និងអ្នកដទៃនឹងអាចកត់សំគាល់នូវអ្វី ដែលគាត់មានអារម្មណ៍ចំពោះអ្នក។

និយាយជាមួយមិត្តរបស់អ្នក

មិនមានអ្វីខុសទេប្រសិនបើមិត្តរបស់អ្នកស្រលាញ់អ្នក។ យើងមិនអាចគ្រប់គ្រងខ្លួនយើង ពីការស្រលាញ់នរណាម្នាក់បានទេ។ តេីអ្វីដែលខុសនោះ គឺនៅពេលដែលគាត់រំពឹងថាអ្នកក៏មានអារម្មណ៍ដូចគ្នាចំពោះគាត់ដែរ ហើយអ្នកមិនអាចផ្តល់ឱ្យបាន។ តើ​អ្នក​គួរ​ធ្វើអ្វី​? ចូរនិយាយជាមួយមិត្ដភក្ដិនោះដើម្បីឱ្យគេដឹងច្បាស់។ ខ្ញុំជឿថាអ្នកនៅតែអាចជួយសង្គ្រោះមិត្ដភាពបាន ថ្វីបើអ្នកមិនមានអារម្មណ៍នឹងគ្នាទៅវិញទៅមកក៏ដោយ។ បញ្ហាគឺស្ថិតត្រង់ការចេះគ្រប់គ្រងស្ថានភាពដោយការគោរព និងការទទួលយកការពិតប៉ុណ្ណោះ។។

ប្រភពអត្ថបទ៖ inspiringtips.com