ពិតណាស់! ​ដឹងពីចរិត និងទឹកចិត្តមនុស្សម្នាក់ច្បាស់ ​គឺនៅពេលខ្ចីលុយ

មហាសេដ្ឋីមានជាងគេបំផុតទី ៥ របស់អាស៊ីគឺលោក លី កាស៊ិង (Li Ka-Shing) ធ្លាប់ផ្តល់ដំបូន្មានច្រើន ទៅកាន់មនុស្សទូទៅជាពិសេសអ្នកជំនួញតែម្តង។ នៅក្នុងចំណោមដំបូន្មានទាំងឡាយដែលលោកបានចែករំលែក លោកក៏បានលើកឡើងផងដែរអំពីរបៀបមើលមនុស្ស ជាពិសេសមានឃ្លាមួយលោកធ្លាប់បាននិយាយអំពីរបៀបមើលមនុស្សនៅពេលខ្ចីលុយដូច្នេះថា៖ «អ្នកអាចចង់ដឹងថា អ្នកណាម្នាក់ជាមនុស្សបែបណាដោយគ្រាន់តែប្រើវិធីខ្ចីលុយ»។

«តើអ្វីទៅជារឿងលំបាកបំផុត? គឺខ្ចីលុយគេ! អ្នកដែលឲ្យលុយអ្នកខ្ចី គឺជាអ្នកជួយសង្គ្រោះជីវិតអ្នក។ អ្នកដែលឲ្យលុយអ្នកខ្ចីដោយមិនទាមទារធ្វើលិខិតស្នាមចុះកិច្ចសន្យា គឺជាអ្នក ជួយសង្គ្រោះដ៏ស្មោះត្រង់បំផុតរបស់អ្នក។ សព្វថ្ងៃនេះមិនមានមនុស្សបែបហ្នឹងច្រើនទេ ហើយបើអ្នកបានជួបមនុស្សប្រភេទនេះ អ្នកត្រូវស្រឡាញ់ពួកគេឲ្យអស់ពីចិត្តវិញទៅ»។

តើនេះមានន័យថាម៉េច? តាមពិតទៅអ្នកដែលឲ្យលុយអ្នកខ្ចីនៅពេលដែលអ្នកស្ថិតនៅក្នុងគ្រាដ៏លំបាកមិនមែនដោយសារតែអ្នកទាំងនោះមានប្រាក់ច្រើននោះទេ ប៉ុន្តែដោយសារពួកគេចង់ជួយអ្នក។ អ្វីដែលគេចង់ឲ្យអ្នកខ្ចី មិនមែនជាលុយនោះទេ ប៉ុន្តែវាជាភាពជឿជាក់ ទំនុកចិត្ត ការលើកទឹកចិត្ត និងការទទួលស្គាល់សក្ដានុពលរបស់អ្នកនៅពេលអនាគត។


ក្នុងនាមជាមិត្តភក្ដិ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ជាអ្នកសុចរិតទៀងត្រង់នឹងគ្នា។ ការបាត់បង់ទំនុកចិត្ត គឺជាការបាត់បង់ធនធានដ៏ធំបំផុតមួយនៅក្នុងជីវិត ខណៈដែលមិត្តស្មោះត្រង់ម្នាក់បានផ្តល់ត្រលប់មកវិញពេញមួយជីវិត។ បុគ្គលម្នាក់ដែលខំចំណាយពេលអង្គុយកំដរអ្នក ហើយជួយចេញលុយឲ្យអ្នកទៀត មិនមែនដោយសារពួកគេជាមនុស្សល្ងង់ និងមានប្រាក់ច្រើននោះទេ ប៉ុន្តែដោយសារពួកគេឲ្យតម្លៃលើមិត្តភាពច្រើនជាងលុយទៅវិញនោះទេ៕

ដកស្រង់ពី៖ BizKhmer

Business Money Transfers Suit Cash International_content