មកដឹងពីប្រវត្តិនំស៊ាំងវិចម្តងធ្លាប់តែញ៉ាំ!

តើអ្នកចូលចិត្តនំស៊ាំងវិចដែរឬទេ?​ តើនរណាជាអ្នកបង្កើតវាមុនគេ និងនៅពេលណា?​ ដូចដែលអ្នកដឹងស្រាប់ហើយថា នាពេលបច្ចុប្បន្ននេះ នំស៊ាំងវិចមានការពេញនិយមជាខ្លាំងស្ទើរតែទូទាំងពិភពលោក ។ តែអ្នកប្រហែលជាមិនបានចាប់អារម្មណ៍ថាតើវាមានដើមកំណើត និងត្រូវបានង្កើតឡើងដំបូងដោយអ្នកណាទេ មែនទេ? តោះអានអោយដឹងទាំងអស់គ្នាពីប្រវត្តិដំបូងបង្អស់នៃនំស៊ាំងវិចរហូតមកដល់សព្វថ្ងៃ៖

1000

Credit photo: 1ZOOM

នំស៊ាំងវិចដែលកត់ត្រាដំបូងបង្អស់ត្រូវបានបង្កើតឡើងក្នុងសតវត្ស៍ទី១ មុនគ្រឹស្ថសករាជ ដោយលោក  Hillel the Elder ​ដែលជាមេដឹកនាំសាសនា Jewish ​ដ៏ល្បីល្បាញម្នាក់ ។ នំស៊ាំងវិចនោះត្រូវបានលាយជាមួយគ្រឿងផ្សំផ្សេងៗដូចជា គ្រាប់រុក្ខជាតិ ផ្លែប៉ោម គ្រឿងទេស និងស្រាទំពាំបាយជូរខ្លះៗ ដាក់ត្រង់ចន្លោះបន្ទះនំបុ័ងពីរបន្ទះ ។

ក្រោយមក នៅសតវត្ស៍ទី ៦ ដល់សតវត្ស៍ទី ១៦ មនុស្សបានយកនំបុ័ងធ្វើជាទ្រនាប់ដូចចានសំប៉ែត រួចដាក់សាច់ បន្លែលើបន្ទះនំបុ័ងនោះហើយបរិភោគដោយដៃ ។ នំស៊ាំងវិចប្រភេទនេះត្រូវបានគេហៅថា ​នំស៊ាំងវិចចំហ ​“Trenchers”។

ឈ្មោះ “Sandwich” ​ត្រូវបានលេចឡើងដំបូងបង្អស់នៅសតវត្ស៍ទី១៨ ដែលជាឈ្មោះនៃទីក្រុងមួយនៅភាគខាងត្បូងនៃប្រទេសអង់គ្លេស ។ ឈ្មោះនេះត្រូវបានដាក់ឡើងក្រោយពី បុរសជនជាតិអង់គ្លេសម្នាក់គឺលោក  John Montague (1718-1792) ​ដែលជាអភិជនទី៤ នៃទីក្រុង Sandwich ​ដោយលោកចូលចិត្តបរិភោគអាហារ និងលេងល្បែងនៅ London’s Beef Steak Club ។​ ​នំស៊ាំងវិចនោះត្រូវបានធ្វើឡើងដោយយកបន្ទះសាច់គោដាក់ត្រង់ចន្លោះនំបុ័ងពីរបន្ទះ ។

Montagu


​Credit photo: wikipedia

នៅសតវត្ស៍ទី ១៩ លោកស្រី Eliza Leslie ​ជាអ្នកនិពន្ធជនជាតិអាមេរិចកាំង បានណែនាំនំស៊ាំងវិចដល់ប្រទេសអាមេរិច ។ ក្នុងឆ្នាំ ១៨៣៧ លោកស្រីបាននិពន្ធសៀវភៅវិធីធ្វើម្ហូបមួយដែលមានឈ្មោះថា Directions for Cookery ​ដោយ​មានបញ្ចូលពីរូបមន្ដធ្វើ  Ham Sandwich ​។

ចាប់តាំងពីសតវត្ស៍ទី២០ រហូតដល់ពេលបច្ចុប្បន្ននេះ នំស៊ាំងវិចមានការពេញនិយមខ្លាំងដោយវាងាយស្រួលក្នុងការធ្វើ មានរសជាតិឆ្ងាញ់ មានតម្លៃធូរថ្លៃ និងជាពិសេសជាអាហារដែលអាចយកតាមខ្លួនបានដែលបង្កលក្ខណៈងាយស្រួលដល់អ្នកធ្វើការ និងក្មេងសិស្សសាលាជាដើម ។

ប្រែសម្រួល៖ Serpent

ត្រួតពិនិត្យ៖  Geo & Rey

ប្រភព៖ New Headway Elementary