ភាពខុសគ្នារវាងទម្លាប់របស់អ្នកមាននិងអ្នកក្រដែលមានការពន្យល់ជាច្រើន!តោះចង់ដឹងថាតើខុសគ្នាបែបណាខ្លះ!!

បើយោងតាមរបាយការរបស់អ្នកវិទ្យាសាស្រ្តសេដ្ឋកិច្ច​ បានបង្ហាញថា មានមហាសេដ្ឋី ២៦នាក់ ដែលមានទ្រព្យសម្បត្តិស្មើនឹងប្រជាជន ៣.៨ កោដិនាក់នៃចំនួនប្រជាជនលើពិភពលោក។ សម្រាប់ពួកយើងមួយចំនួន វាមើលទៅហាក់ដូចជាមិនយុត្តិធម៌ទេ ប៉ុន្តែប្រសិនបើយើងបានដឹងពីអ្វី ដែលមហាសេដ្ឋីទាំងនោះបានធ្វើយើងពិតជាអស់ចម្ងល់។ នៅពេលអ្នកចាប់ផ្តើមសិក្សាប្រធានបទនេះ អ្នកនឹងដឹងអំពីទម្លាប់ល្អៗរបស់អ្នកមាន ដែលអាចជួយពួកគេឱ្យទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុ។

ដោយយោងតាមគេហទំព័រ Bright Side បានរកឃើញទម្លាប់ទាំង ១០ ដែលអ្នកមាន និងអ្នកក្រកំពុងតែធ្វើ។ យើងសង្ឃឹមថាអ្នកនឹងពេញចិត្ត ហើយកែប្រែទម្លាប់ដែលមិនល្អដើម្បីទទួលបានភាពជោគជ័យទាំងអស់គ្នា។

១. ការផ្តល់អំណោយ ឬការចែករំលែក គឺជាសញ្ញានៃចិត្តរបស់អ្នកមាន

៧៩ ភាគរយ នៃអ្នកមាន គឺជាមនុស្សដែលមានចិត្តសប្បុរសធម៌។ ពួកគេមានទម្លាប់លះបង់ពេលវេលា ថវិកា និងជំនាញរបស់ពួកគេដើម្បីជួយដល់អ្នកដទៃ។

ការផ្លល់អំណោយសប្បុរសធម៌វាមិនត្រឹមតែជាសញ្ញានៃទឹកចិត្តល្អប៉ុណ្ណោះទេ វាថែមទាំងបង្ហាញអំពីតម្លៃនៃជីវិតទៀតផង។ ជាការពិតណាស់ អ្នកដែលមានមហិច្ឆតាគឺគ្រាន់តែចង់ចំណាយទៅគ្រប់ទីកន្លែង តែអ្នកមានវិញ គេដឹងពីកន្លែងដែលលុយត្រូវធ្វើចរាចរណ៍ ហើយដឹងថាអ្នកណាខ្លះដែលត្រូវការជំនួយ។

វាមិនមានន័យថាអ្នកត្រូវខ្ជះខ្ជាយលុយរបស់អ្នកនោះទេ។ តែការធ្វើអ្វីៗគ្រប់យ៉ាងដោយមានហេតុផលច្បាស់លាស់គឺចាំបាច់ណាស់។

២. កុំនិយាយថា "ទេ"!

ព្រាយាមរៀប់ចំនួនដង ដែលក្នុងមួយថ្ងៃអ្នកបាននិយាយពាក្យថា​ "ទេ" ឬការបដិសេធនូវគំនិតរបស់អ្នកណាម្នាក់ប៉ុន្មានដង។ បើទោះបីជាអ្នកដឹងរឿងរាវទាំងនោះ ១០០% ក៏ដោយ សូមរង់ចាំបន្តិច ហើយបើកចិត្តអោយទូលាយ។ ការចេះអត់ធ្មត់ និងអត់អោនគឺមានសារៈសំខាន់ណាស់។

៣. កុំនិយាយដើមគេប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន

ការនិយាយដើមគេ អាចធ្វើឱ្យខូចទំនាក់ទំនង និងជាការបិទទ្វារឆ្ពោះទៅរកភាពជោគជ័យរបស់អ្នក។ អ្នកមាន មានទម្លាប់មិននិយាយអ្វីនៅពីក្រោយខ្នងអ្នកដទៃនោះទេ។

ប្រសិនបើអ្នកមានបញ្ហាជាមួយនរណាម្នាក់ វាជាការប្រសើរណាស់ ប្រសិនបើអ្នកទៅរកមនុស្សនោះ ហើយនិយាយជាមួយពួកគេដោយផ្ទាល់។ អាកប្បកិរិយាបែបនេះនឹងបន្ថែមតម្លៃដល់កេរ្តិ៍ឈ្មោះរបស់អ្នកនៅក្នុងសង្គមផងដែរ។

៤. ត្រូវមានគោលដៅច្បាស់លាស់ មិនមែនមានតែបំណងប្រាថ្នានោះទេ

ប្រសិនបើអ្នកចង់ទទួលបានភាពជោគជ័យ សូមអ្នកកំណត់គោលដៅអោយច្បាស់លាស់។ បើគ្រាន់តែមានការសង្ឃឹម អ្នកមិនអាចគ្រប់គ្រងលទ្ធផលនៃភាពជោគជ័យរបស់អ្នកបានទេ។តាមរយៈការធ្វើផែនការ និងដឹងច្បាស់នូវអ្វីដែលអ្នកចង់បាន អ្នកនឹងបោះជំហានឆ្ពោះទៅរកភាពជាអ្នកមាន។

៥. អ្នកមានមិនសង្ឃឹមលើការឈ្នះរង្វាន់នោះទេ

Thomas Corley និងអ្នកផ្សេងទៀតដែលសិក្សាអំពី "ការបង្កើតមហាសេដ្ឋីដោយខ្លួនឯង" បានសន្និដ្ឋានថាមនុស្សជោគជ័យមិនលេងល្បែងទេ ហើយគេមិនរង់ចាំដោយសង្ឃឹមថានឹងឈ្នះឆ្នោតនោះដែរ។

វាមិនមែនមានន័យថាពួកគេមិនមានហានិភ័យនោះទេ។ ពួកគេពិតជាមាន! ប៉ុន្តែរឿងដែលចម្បងរបស់ពួកគេ គឹពឹងផ្អែកលើខ្លួនឯង មិនមែនលើសំណាងទេ។


៦. អ្នកមានចូលចិត្តអានច្រើន

លោក Bill Gates បាននិយាយថា គាត់អានសៀវភៅចំនួន ៥០ ក្បាលក្នុងមួយឆ្នាំ ហើយវាបានផ្តល់នូវគុណប្រយោជន៍យ៉ាងធំធេងដល់គាត់។ មហាសេដ្ឋីក្រប់គ្នាបាននិយាយថា ការអានច្រើនជាផ្លូវមួយដែលអាចនាំអ្នកទៅដល់ភាពជោគជ័យ។

ទោះយ៉ាងណា យើងមិននិយាយអំពីសៀវភៅដែលគ្រាន់តែសម្រាប់ការកំសាន្តសប្បាយប៉ុណ្ណោះទេ ប៉ុន្តែយើងក៏និយាយទៅលើសៀវភៅដែលរាប់បញ្ចូលទាំងព័ត៌មានអំពីការអភិវឌ្ឍខ្លួនឯងផងដែរ។ ពួកវាបានអប់រំអ្នក និងផ្តល់គំនិតថ្មីៗដល់អ្នក។ ១១% នៃអ្នកមាននិង ៧៩% នៃអ្នកក្រដែលអានសៀវភៅសម្រាប់ជាការកំសាន្ដ។

៧. មិនចាំបាច់ត្រូវបង្ហាញថាអ្នកជាអ្នកមាន

អ្នកដែលទទួលបានជោគជ័យ គឺជាមនុស្សដែលមើលទៅធម្មតា មិនមែនជាអ្នកដែលស្លៀកសម្លៀកបំពាក់ថ្លៃបំផុតទេ។ ពួកគេមិនទិញឡានដែលមានពន្លឺចែងចាំង ឬកាបូបថ្មីៗទេ។ អ្នកមានពិតប្រាកដ ចូលចិត្តធ្វើខ្លួនសាមញ្ញធម្មតា មិនតែងខ្លួនឡូយឆាយបង្ហាញដល់អ្នកដទៃឡើយ។

៨. មនុស្សមានទ្រព្យសម្បត្តិស្តុកស្តម្ភថែរក្សាស្នាមញញឹមជាទម្លាប់ប្រចាំថ្ងៃ

៦២% នៃអ្នកមានបានប្រើខ្សែសម្អាតធ្មេញជារៀងរាល់ថ្ងៃ បើប្រៀបធៀបទៅនឹងប្រជាជនក្រីក្រមានតែ ១៦% ប៉ុណ្ណោះ។ ស្នាមញញឹមគឺជារឿងដំបូងដែលយើងកត់សំគាល់លើមនុស្សម្នាក់ៗ។ វាអាចធ្វើឱ្យខូចសោភ័ណភាពទាំងមូលរបស់អ្នកប្រសិនបើអ្នកមានខ្យល់ដង្ហើមអាក្រក់ និងធ្មេញលឿង។

៩. ការទទួលយកបំណុលគឺជាទំលាប់របស់អ្នកក្រ

អ្នកជំនួញម្នាក់ជនជាតិអាមេរិចឈ្មោះ David Ramsey និយាយថាអ្នកមានមិននៅជំពាក់បំណុលគេទេ។ ប្រសិនបើពួកគេត្រូវការទិញអ្វីមួយពួកគេនឹងសន្សំប្រាក់សម្រាប់វា ហើយបង់វាជាសាច់ប្រាក់តែម្តង។

ការខ្ចីប្រាក់ពីធនាគារសម្រាប់ការដើរលេងវិស្សមកាល ឬសម្រាប់ទិញឡានវាហាក់ដូចជាមិនសមហេតុផលទេ ពីព្រោះអ្នកត្រូវបង់ការប្រាក់លើប្រាក់កម្ចីជាប្រចាំ។ Ramsey ណែនាំថា“ បំណុលគឺជាឧបសគ្គធំមួយសម្រាប់ការកសាងទ្រព្យសម្បត្តិ” ។

១០. អ្នកមិនអាចទទួលបានជោគជ័យដោយមានតែម្នាក់ឯងទេ

អ្នកមានគឺជាអ្នកដែលធ្វើការជាក្រុម! ពួកគេមិនអាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងតែម្នាក់បានទេ។ ពួកគេមិនមែនជាមនុស្សដែលឆ្លាតជាងគេលើពិភពលោកទេ។ ប្រសិនបើពួកគេមិនដឹងអ្វីមួយពួកគេផ្តល់ភារកិច្ចដល់អ្នកដទៃដែលមានចំណេះដឹងលើផ្នែកនោះ។

វាមិនគួរឱ្យខ្មាស់អៀនទេដែលបានសុំជំនួយពីអ្នកដទៃ។

តើអ្នកយល់ថា ទម្លាប់មួយណាដែលសំខាន់បំផុតសម្រាប់ភាពជោគជ័យ? តើអ្នកមានទម្លាប់ផ្ទាល់ខ្លួនដែលជួយអ្នកឱ្យសម្រេចគោលដៅរបស់អ្នកដែរ​ រឺទេ? សូមចែករំលែកបទពិសោធន៍របស់អ្នកជាមួយយើង ហើយដាក់យោបល់របស់អ្នកនៅកន្លែងមតិយោបល់ខាងក្រោម!

ប្រែសម្រួលដោយ៖ Crusher

ប្រភពដើម៖ Bright Side