សញ្ញាទាំង១០ដែលបង្ហាញថាអ្នកជ្រើសរើសមុខជំនាញរៀនចំគោលដៅនៅសាកលវិទ្យាល័យ

ការជ្រើសរើសមុខជំនាញរៀននៅសាលា ជារឿងសំខាន់មួយក្នុងជីវិត ពីព្រោះបើអ្នកជ្រើសរើសមិនបានត្រឹមត្រូវ នោះអ្នកនឹងខ្ជះខ្ជាយពេលវេលាយ៉ាងច្រើនទៅលើវា ដូច្នេះហើយមុននឹងសម្រេចចិត្តជ្រើសរើសជំនាញណាមួយដែលអ្នកពេញចិត្ត អ្នកគួរតែមានភាពជឿជាក់លើមុខជំនាញនោះ ហើយប្រឹងឲ្យអស់ពីលទ្ធភាពរបស់អ្នក។ មានសិស្សនិស្សិតមួយចំនួនបានជ្រើសរើសខុស ដោយសារពួកគេមិនបានធ្វើការកត់សម្គាល់ខ្លួនឯងច្បាស់លាស់ ពេលខ្លះរៀនតាមមិត្តភក្តិ ឬអ្នកដទៃបញ្ចុះបញ្ចូលតែប៉ុណ្ណោះ។

អត្ថបទនេះប្រាប់ពីសញ្ញា ១០ យ៉ាងដែលបង្ហាញថាអ្នកមិនសាកសមនឹងមុខជំនាញដែលអ្នកបានជ្រើសរើសរៀននៅសាកលវិទ្យាល័យ៖

១​​. អ្នកប្រលងធ្លាក់ញឹកញាប់

Se3

ការប្រលងធ្លាក់ម្តងម្កាលជារឿងធម្មតាដោយសារមុខវិជ្ជាខ្លះលំបាកខ្លាំង ប៉ុន្តែបើសិនជាធ្លាក់ញឹកញាប់ពេក វាមិនមែនជាហេតុផលល្អសម្រាប់ខ្លួនអ្នកឡើយ អាចមកពីអ្នកមិនពេញចិត្តលើមុខវិជ្ជានោះក៏ថាបាន។ ការប្រលងនៅសាកលវិទ្យាល័យគឺមានការតឹងរ៉ឹងខ្លាំង ប៉ុន្តែខ្ញុំជឿថាបើមុខជំនាញដែលអ្នកស្រលាញ់ និងពេញចិត្តក្នុងការរៀន ភាគរយដែលធ្លាក់គឺមានតិចបំផុត ឬស្ទើរតែគ្មានទាល់តែសោះ។

២. អ្នកខកខានរៀន

Se2

ខ្ញុំជឿថានៅពេលអ្នកចូលចិត្តមុខវិជ្ជាដែលអ្នកជ្រើសរើស និងពេញចិត្តការរៀននៅក្នុងថ្នាក់នោះអ្នកមិនងាយនឹងខកខានទៅរៀនឡើយ បើទោះជាពេលខ្លះអ្នកមានការរវល់យ៉ាងណាក្តី លុះត្រាតែមានអ្វីមករារាំងអ្នកដាច់ខាត ឬមានការចាំបាច់ខ្លាំង។ ប៉ុន្តែបើអ្នកខកខានរៀនក្នុងថ្នាក់ជារឿយៗ បង្ហាញថាអ្នកកំពុងរើសមុខជំនាញមិនត្រឹមត្រូវ ហើយចាប់ផ្តើមមានអារម្មណ៍ធុញនឹងវាបន្តិចម្តងៗ បង្កអោយអ្នកខកខានចូលរៀន និងមិនពេញចិត្តរៀនលើមុខវិជ្ជានោះផងដែរ។

៣. អ្នកមានអារម្មណ៍ចង់គេចវេះលើកិច្ចការក្នុងសាលា

Se4

មិនមែនកិច្ចការនៅក្នុងសាលាមានភាពងាយស្រួលទាំងអស់នោះឡើយ តាមពិតភាគច្រើនធ្វើអោយមានការហត់នឿយ និងធុញទ្រាន់ពេលខ្លះ។ ទោះជាយ៉ាងនេះក្តី អ្នកនៅតែមានអារម្មណ៍ចង់ដឹង ចង់ធ្វើ និងព្យាយាមរកដំណោះស្រាយអោយទាល់តែបានទៅលើមុខជំនាញដែលអ្នកពេញចិត្ត។ ខ្ញុំជឿថាពេលខ្លះមានការនឿយហត់ខ្លាំង ប៉ុន្តែអ្នកអាចគ្រាន់តែសម្រាកមួយរយៈពេលខ្លី ក្រោយមកអ្នកនឹងចាប់ផ្តើមធ្វើវាបន្តទៀតមិនខាន។ ផ្ទុយមកវិញ បើអ្នកព្យាយាមគេចវេះពីកិច្ចការក្នុងសាលា ជាសញ្ញាមិនល្អមួយដែលអ្នកគួរកត់សម្គាល់ពីខ្លួនឯង និងគួរជៀសវាងពីការគេចវេះទើបជាការល្អ។

៤. អ្នកមានអារម្មណ៍ថាត្រូវបានបង្ខំអោយចូលរៀន

Se5

បើអ្នកពិតជាមានអារម្មណ៍បែបនេះមែន វាជាក់ច្បាស់ណាស់ថាអ្នកកំពុងដើរផ្លូវខុសក្នុងការជ្រើសរើសមុខជំនាញនោះ។ អារម្មណ៍យ៉ាងនេះអាចមកពីអ្នកបានចូលរៀនមុខវិជ្ជានោះតាមរយៈ មាតាបិតា មិត្តភកិ្ត ឬមនុស្សជិតស្និទ្ធរបស់អ្នកក៏អាចថាបាន។ សកម្មភាពនេះបញ្ជាក់ថាមិនមែនជារឿងល្អឡើយដែលត្រូវធ្វើតាមអ្នកដទៃ ហើយធ្វើអោយមានភាពតានតឹងក្នុងម៉ោងរៀននៅពេលអ្នកមិនមានចំណាប់អារម្មណ៍ទៅលើមុខជំនាញនោះ។

៥. អ្នកតានតឹង និងធុញថប់ឥតឈប់ឈរ

Se7

ខ្ញុំជឿថាកិច្ចការផ្សេងៗដែលគ្រូដាក់អោយធ្វើនៅសាកលវិទ្យាល័យនឹងធ្វើឲ្យអ្នកជៀសវាងមិនរួច និងមានអារម្មណ៍វេទនាម្តងម្កាល ប៉ុន្តែនេះជាកាតព្វកិច្ចស្រាប់ហើយរបស់និស្សិតគ្រប់រូប។ ប្រសិនបើអ្នកមិនពេញចិត្តក្នុងការធ្វើកិច្ចការទាំងនោះ ហើយបែរជាព្រងើយកន្តើយទៅវិញ បែបនេះបង្ហាញពីសញ្ញាដែលអ្នកផ្ទុយពីមុខជំនាញនោះស្រាប់ទៅហើយ។

៦. អ្នកចាប់អារម្មណ៍លើមុខជំនាញដទៃច្រើនជាង


 

ក្នុងពេលបំពេញកិច្ចការក្នុងសាលា អាចទាក់ទងនឹងមុខជំនាញ ឬការស្រាវជ្រាវផ្សេងៗ ទោះយ៉ាងនេះក្តី អ្នកនៅតែបំពេញកិច្ចការមុខជំនាញរបស់អ្នកបានយ៉ាងហ្មត់ចត់ដដែល។ ប៉ុន្តែបើសិនអ្នកចាប់អារម្មណ៍ការងារផ្សេងច្រើនជាងមុខជំនាញដែលខ្លួនកំពុងធ្វើ នោះមិនមែនជាការល្អឡើយ។ ហើយអាចធ្វើអោយអ្នកឃ្លាតឆ្ងាយបន្តិចម្តងៗពីអ្វីដែលអ្នកបានសម្រេចចិត្តលើកដំបូង។

៧. អ្នកជៀសវាងនិយាយពីមុខជំនាញដែលអ្នករៀន

Se6

និស្សិតស្ទើរគ្រប់រូបតែងតែនិយាយពីមុខជំនាញដែលពួកគេសិក្សារាល់ពេលជួបជុំគ្នាមិនថានៅទីណាក៏ដោយ។ ផ្ទុយមកវិញ នៅពេលអ្នកជៀសវាងនិយាយពីវា អាចបង្ហាញអោយអ្នកដឹងពីខ្លួនឯងច្បាស់ជាមុន និងធ្វើអោយមានភាពតានតឹងបន្តិចនៅពេលអ្នកបង្ហាញវាចេញទៅអោយអ្នកដទៃបានដឹង។

៨. អ្នកមិនអាចពន្យល់ប្រាប់ពីមូលហេតុដែលអ្នកជ្រើសរើសយកមុខជំនាញនោះ

FeahUntitled 1

និស្សិតភាគច្រើនមានភាពច្បាស់លាស់នៅពេលមាននរណាម្នាក់សួរថា ហេតុអ្វីបានជាអ្នកជ្រើសរើសមុខជំនាញនេះ? ហើយពួកគេឆ្លើយវាបានយ៉ាងងាយស្រួលពីមូលហេតុដែលពួកគេជ្រើសយក។ ប៉ុន្តែប្រសិនបើអ្នកមិនអាចប្រាប់ពីមូលហេតុរបស់អ្នក ឬមានភាពស្ទាក់ស្ទើរក្នុងការឆ្លើយសំណួរនេះ វាច្បាស់លាស់ណាស់ដែលថា អ្នកបានជ្រើសរើសមុខជំនាញខុសបាត់ទៅហើយ។

៩. អ្នកមិនមានភាពចុះសម្រុងល្អជាមួយមិត្តរួមថ្នាក់ ឬសាស្ត្រាចារ្យ

ប្រសិនបើអ្នកចង់អនុវត្តបានល្អ និងទទួលបានជោគជ័យនៅក្នុងការសិក្សារបស់អ្នក អ្នកចាំបាច់ត្រូវមានការប្រាស្រ័យទាក់ទងល្អជាមួយមនុស្សដែលនៅជុំវិញខ្លួនអ្នក។ ក៏ព្រោះតែការប្រាស្រ័យទាក់ទងជារឿងល្អមួយដែលគ្រប់គ្នាត្រូវមាន ដើម្បីឈានទៅរកភាពជោគជ័យរួមគ្នា។

១០. អ្នកកំពុងមានការគិតទីពីរ

F7TeuWwBJleJMoPMkuPl

មនុស្សគ្រប់គ្នាតែងតែគិតពីគំនិតទីពីររបស់គេជាមិនខាន មិនថាខ្ញុំ មិនថាអ្នក ប៉ុន្តែខ្ញុំជឿថា បើអ្នកគិតបានច្បាស់លាស់នៅគំនិតទីមួយ ហើយអ្នកបានគូសវាសបានត្រឹមត្រូវ ជម្រើសទីពីរមិនអាចគ្រប់គ្រងអ្នកបានឡើយ ដោយសារតែអ្នកពេញចិត្តនូវអ្វីដែលអ្នកកំពុងធ្វើសព្វថ្ងៃនេះទៅហើយ។ ប្រសិនបើអ្នកតែងតែគិតដល់ជម្រើសទីពីរល្អជាងផ្លូវដែលអ្នកកំពុងដើរ អាចជាកំហុសឆ្គងមួយ ហើយបង្ហាញអ្នកថា អ្នកមិនសាកសមនឹងអ្វីដែលអ្នកបានជ្រើសរើសដើរនៅពេលនេះឡើយ។

 

Translated by: Ly Hout

Edited by: Serpent & Rey

Cited by: happylearnnews.com

Source in English:  SOCIETY19