មិនមែនលំៗទេ ​ត្រូវត្រៀមចិត្តត្រៀមកាយ ​ហើយអានលម្អិតចំណុចទាំងអស់នេះជាមុនសិន មុនសម្រេចចិត្តរៀនពេទ្យ

មាននិស្សិតមិនតិចទេ ដែលតែងតែប្រាថ្នាធ្វើជាវេជ្ជបណ្ឌិតដ៏ចំណាន ប្រកបដោយគុណវុឌ្ឈ ចំណេះជំនាញច្បាស់លាស់ ។ ប៉ុន្ដែមុននឹងឈានដល់ចំនុចទាំងនោះ ក៏ទ្រាំលំបាកមិនស្ទើរ ។

ដូច្នេះមុនសម្រេចចិត្តរៀនពេទ្យ ​អ្នកត្រូវត្រៀមលក្ខណៈសម្បត្តិទទួលយករឿងទាំងអស់នេះដូចខាងក្រោម ៖

១.ស្ថានភាពទូទៅរបស់និស្សិតពេទ្យ

- ឆ្នាំទីមួយ ៖ ពេលទើបតែប្រលងជាប់បាក់ឌុបភ្លាមៗ ម្នាក់ៗមានមោទកភាពណាស់ ចង់ប្រលងចូលពេទ្យ ព្រោះលំដាប់ពិន្ទុរគួរសមដែរ ។ នៅពេលដែលប្រលងចូលរៀនពេទ្យឆ្នាំទី ១ ជាប់រឹតតែអរទៀតខ្លាំងទៀត ចំណែកឯពុកម៉ែឯណោះរីកមុខមាត់មើលតែនំប៉័ងត្រូវទឹក ។ កូនឯនេះ ក៏សប្បាយដែរត្បិតជាប់ហើយ ក៏ចេះតែខំរៀន ។ សិស្សពេទ្យខ្លះទៅរៀន មានទាំងវិចខ្ចប់បាយទៅញុំានៅសាលាទៀត ជួយសន្សំម៉ែពុក ត្បិតអីការសិក្សាវិជ្ជានេះ ចំណាយច្រើន ។ សិស្សខ្លះទៀតក៏ឆ្លៀងរៀនគួរនឹងគេនឹងឯង ។ និយាយពីថាស្រលាញ់សាលាខ្លាំង និយាយពីថា​ ដណ្ដើរគ្នាអង្គុយតុមុខ រហូតដល់ឆ្នាំទី ៥ ។

- ឆ្នាំទីពីរ ៖ រៀនបានមួយឆ្នាំចាប់ផ្ដើមតឹងទ្រូងបណ្ដើរៗ ត្បិតមេរៀនចាប់ផ្ដើមកើនជាលំដាប់ ។ មេរៀនក៏ជាភាសាបារាំងទៀត លោកគ្រូតាយើង គាត់ពន្យល់បារាំងខ្លះ លាយខ្មែរខ្លះ ។ ស្ដាប់កត់ៗ ខ្លះដេកលក់ព្រៀត ។ ខ្លះមិនសូវយល់ទាន់ ក៏បែកគំនិតរៀនក្រុម រៀបចំមេរៀនរៀនជាក្រុម ។ ខ្លះទៀតរកក្រុមមិនទាន់បាន ក៏ចេះតែទៅតាមគេតាមឯង ។ ខ្លះទិញសៀវភៅពេទ្យតាមសិស្សច្បង ក្រាស់ៗមកអាន ។ សៀវភៅក្រាស់ៗស្អាតមិនហ៊ាន ហែកទៀត ទុកដេកមើល ។

- ឆ្នាំទី បី ៖ ថតចម្លង កូពីចុះឡើងៗ ឯកសារគរពេទ្យផ្ទះ ។ មេរៀនកាន់តែគរក្នុងបន្ទប់ ចាប់ឯលិចចាប់ឯកើត មើលនោះមើល នៅតែមិនចង់យល់ ។ មើលសៀវភៅយូរៗ សៀវភៅមើលមនុស្សវិញ ។ ចំនែកពេលទៅលេងស្រុកម្ដងៗ ចាស់ៗចាប់ផ្ដើមសួរ អាវ៉ា ! អាមុំ ជួយមើលថ្នាំតា មើលថ្នាំនេះ គេលេចត្រូវអី? លេបប៉ុន្មានដង ? តាឈឺនេះ ឈឺនោះ តើចៅឯងមានថ្នាំអីទេ? សិស្ស​ឯនេះ ខ្មាស់គាត់មិនដឹងឆ្លើយអី ត្បិតទើបរៀនបានតិចៗ មិនដឹងត្រូវប្រាប់យ៉ាងមេច បានត្រឹមតែថា មីង ពូ តា ចាំខ្ញុំសួរគ្រូពេទ្យឱ្យ ព្រោះមិនទាន់រៀនដល់ផង ។

- ឆ្នាំទីបួន ៖ ចាប់ផ្ដើមចុះស្ដារបណ្ដើរៗ ។ ទៅពេទ្យដំបូង ដើរក្រវែលតែ អ្នកគ្រូ គិលានុបដ្ឋាកយិកា ក្រែងគាត់ឱ្យជួយចាក់ថ្នាំ ។ ខ្លះទៅពេទ្យដែរ តែមិនហ៊ានចាក់នឹងគេ ។ ពេលចាក់គេ គេស្រែកថាឈឺណាស់ពេទ្យ ឯងឯនេះ ចាប់ផ្ដើមបែកញើសបណ្ដើរៗ ញ័រដៃទ្រឺតៗ មិនដឹងមេចទេ ? ចាក់គេ យូរៗចង់ខ្យល់ខ្លួនឯង ។ ខ្លះស្គាល់ពេទ្យខ្លះក៏ចេះតែទៀតយាមរហូត ។

- ឆ្នាំទីប្រាំ ៖ មានអារម្មណ៍មិនចេះ កាន់តែច្រើន ។ ទៅរៀនមេរៀនច្រើន តែមិនសូវមានសិស្សច្រើនសួរគ្រូទេ ។ គ្រូសួរថាមានអ្វីឆ្ងល់អត់? ភាគច្រើនថា អត់ទេលោកគ្រូ ។ បន់ឱ្យតែលោកគ្រូឆាប់ចេញ អាលបានទៅរៀនអង់គ្លេស បារាំង ឬសាកលមួយទៀត ។ ឱ្យតែពេលឈប់ថ្ងៃបុណ្យម្ដងៗ អរនាំគ្នាហ៊ោ កញ្ជ្រៀវដូចសេះ ។ ចង់និយាយថាមិនដែលបានសួរគ្រូទេ អ្នកខ្លះ ។ ដល់ពេលទៅពេទ្យ មានសំណួរមិនហ៊ានសួរគ្រូវិញ ។

- ឆ្នាំទី ប្រាំមួយ ​៖ ថ្នាក់កាន់តែធំ រៀនកាន់តែភ្លេច ។ រៀនច្រើនភ្លេចច្រើន ។ មេរៀនច្រើនពេក ខ្លះដេកក្នុងថ្នាក់ ខ្លះស្ដាប់គ្រូ ។ លើកនេះ មិនហ៊ានអង្គុយតុមុខទៀតទេ ខ្លាចគ្រូសួរមេរៀន ក៏ចេះតែសង្ងំក្រោយៗទៅ ក្រែងគ្រូមិនសួរ ។ ម្នាក់ៗខំនោះខំ ។ ខ្លះចង់បានឯកទេស នាំគ្នាគេចសាលាអស់ ដើម្បីមើលមេរៀន ឬសំណួរត្រៀម ។ ឯទៅពេទ្យ ក៏គេចខ្លះមកខ្លះ ។ ឆ្នាំកាន់តែធំ មិនសូវហា៊នទៅស្រុក ខ្លាចចាស់ៗសួរតៀត ។

- ឆ្នាំទីប្រាំពីរ ៖ ឆ្នាំកាន់តែធំ រវល់ច្រើន ទៅស្ដារផង យាមផង ។ មេរៀនក៏កាន់តែច្រើន មិនទាន់ចេះមើលជំងឺ ក៏ចេះតែខ្លាច ។ ពេលទៅស្ដារ គ្រូសួរថា អាអូនឆ្នាំទី ប៉ុន្មានទៅ? បាទលោកគ្រូ ឆ្នាំទី ៧ អាំងទាំង ហើយ(Intern) ។ អូ! ចឹងអូនឯងអំាងទុបេ អ្នកជំងឺមួយ ។ សិស្សឯនេះ ងាកមើលមុខគ្នា មិនដឹងចាប់អីមុន ។ អូនហា ! ចេះអត់? បាទចេះតិចៗលោកគ្រូ ។ ក្នុងចិត្តឯនេះ ឡើងញ័រ ។

- ឆ្នាំទីប្រាំបី ៖ នៅពេទ្យកាន់តែច្រើន ក៏ចេះមើលជំងឺខ្លះៗ មើលមេរៀនបន្ថែមខ្លះទៀត ក៏ចេះតែហ៊ានមើលជំងឺ ។ លោកគ្រូក៏ចេះតែបណ្ដោយឱ្យធ្វើខ្លះ ៗ អ៊ីចឹងទៀត សិស្សក៏បានចំនេះបន្ថែម ។

69626887_678906845918364_3225064949424324608_n

២.ស្តង់ដារស្នេហា

#អំពីសិស្សប្រុស


- កាលរៀនឆ្នាំទីមួយ មើលទៅសិស្សពេទ្យស្រីស្អាតៗណាស់ ពិសេសមើលឃើញតែសិស្សហ្វាម៉ាស៊ី ។ ចង់សុំស្រលាញ់គេដែរតែមិនហ៊ាន ត្បិតអីឆ្នាំនៅតូចៗ ខ្លាចខាងស្រី គេមិនស្រលាញ់ ។

- ឆ្នាំទីពីរចេះតែខំប្រឹងរៀនទៀតហើយ ភាគច្រើនសិស្សប្រុសៗទៅអង្គុយខាងអាគារហ្វាម៉ាស៊ី ។ ស្រីៗគ្នាអៀន ។ និយាយពីថា មើលស្ៗរីគ្នាឯងក្នុងថ្នាក់មិនឃើញ ។

- ឆ្នាំទីបី ខ្លះស្រលាញ់បានមិត្ដនារីថ្នាក់ផ្សេង ឬសាលាផ្សេង ឬ ស្រលាញ់អាមុំៗ ហ្វាម៉ាស៊ីឆ្កុយបាត់ ព្រោះមើលស្រីៗក្នុងថា្នក់មិនឃើញ ។

- ឆ្នាំទីបួន សម្លឹងមើលសិស្សហ្វាម៉ាស៊ីលែងសូវបានដូចមុន ព្រោះសិស្សច្បងរើសមុនបាត់ហើយ ក៏បកមករកមិត្ដស្រីៗក្នុងថ្នាក់វិញ ។ តែទំរាំបកក្រោយយឺតបាត់ ព្រោះសិស្សច្បង DES កក់ទុកបាត់ ។

- ឆ្នាំទីប្រាំ ទី ប្រាំមួយ ដល់ទី ប្រាំបី មិត្ដភ័ក្រចាប់ផ្ដើមការបណ្ដើរៗ ចាំតែចងដៃគ្នា ។

35350164_662707637410892_4364198857391734784_n

#សិស្សស្រី

- ឆ្នាំទីមួយ មិនសូវទាន់ចេះគិតស្នេហាអីទេ ចេះតែពឺតរៀនហើយ

- ឆ្នាំទីពីរ មានសិស្សច្បងតាមតិចៗ តែមិនទាន់ អូខេ

- ឆ្នាំទី បី មានសិស្សច្បង កក់ស្រេចបណ្ដើរ ពិសេសបងៗ DES ហ្នឹងកាត់មុខកាត់មាត់សិស្សប្អូន

- ឆ្នាំទី បួនឡើងទៅ ចាប់ផ្ដើមមានការបណ្ដើរហើយ ។ ខ្លះទៀត ដែលមិនទាន់មាន គិតក្នុងចិត្ដថា អ៊ូយគ្នា ចាស់ហើយតើ ខ្លាចតែអត់មានអ្នកស្រលាញ់ ។ ខ្លះឃើញមិត្ដភ័ក្រការ រំអុកខាងប្រុសឱ្យចូលដណ្ដឹង នឹងអាលបានការ យូរពេកចាស់ ខ្មាស់គេ ។

នេះជាទស្សនៈមួយជ្រុងនៃការយល់ឃើញរបស់ខ្ញុំប៉ុណ្ណោះ ។ ដូចគ្នាយើងខ្លះអត់នឹង ?

ដោយ លី រតនា

35349078_662707700744219_7514175670969171968_n