ថ្នាក់ទី១ ដល់ទី១២ ផ្លូវដើររបស់យើងមានតែមួយគត់ទេ គឺរៀន តែពេលប្រឡងធ្លាក់បាក់ឌុប ផ្លូវដើររបស់យើងបែកជាពីរ ទី១ គឺឈប់រៀន ទី២គឺរៀនបន្តទៀត! ​ចុះអ្នកវិញ?

ថ្មីៗនេះប្រធានបទទាក់ទងទៅនឹងការប្រលងសញ្ញាបត្រទុតិយភូមិ ​ឬហៅថា  បាក់ឌុប ​កំពុងតែកក្រើកពេញបណ្តាញសង្គម  ដោយអ្នកខ្លះក៏រីករាយព្រោះតែប្រលងជាប់បាននិទ្ទេសល្អ ​អ្នកខ្លះឈឺចាប់កើតទុក្ខមិនសុខចិត្តព្រោះតែបាននិទ្ទេសមិនល្អ ​ឬធ្លាក់ជាដើម។

ប្រសិនជាប្រលងជាប់បេក្ខជនប្រាកដជាត្រូវបន្តទៅថ្នាក់សាកលវិទ្យាល័យ ​ប៉ុន្តែចុះក្នុងករណីធ្លាក់គួរតែជ្រើសផ្លូវណា?

19990490_1873139809674145_1990119772216005263_n

ដូច្នេះយើងខ្ញុំសូមលើកឡើងពីបទពិសោធន៍របស់បងប្រុសម្នាក់ទាក់ទងនឹងលទ្ធផលប្រលងដូចខាងក្រោមនេះ៖

យោងតាមរយៈគណនីហ្វេសប៊ុក Vannimith Smann បានសរសររៀបរាប់ពីបទពិសោធន៍របស់ខ្លួនថា ៖ « បាក់ឌុប, ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ផ្លូវដើររបស់យើងមានតែមួយគត់ទេ គឺរៀន តែពេលប្រឡងធ្លាក់បាក់ឌុប ផ្លូវដើររបស់យើងបែកជាពីរ ទី១ គឺឈប់រៀន ទី២គឺរៀនបន្តទៀត។

ខ្ញុំជាអតីតសិស្ស ធ្លាក់បាក់ឌុបកាលពីឆ្នាំ២០០០ ខ្ញុំបានសម្រេចចិត្តឈប់រៀន ព្រោះ យល់ឃើញថាចំណេះដឹងពីសាលា គ្មានប្រយោជន៍ប៉ុន្មានទេ ដោយសារខ្ញុំឃើញ អ្នករកសុីភាគច្រើន មិនប្រើចំណេះដឹងពីសាលាផង ឧទាហរណ៍ ការហៅម៉ូយ ប្រើត្រឹមតែភាសា ការគិតលុយប្រើតែ Casio ...។

ចំណែកមិត្តភ័ក្រខ្ញុំខ្លះដែលប្រឡងធ្លាក់ដែរ គេសម្រេចចិត្តរៀនបន្ត។ ឆ្នាំ២០០១ ខ្ញុំជួយលក់ដូរ ឪពុកម្តាយនៅផ្ទះ ពេលនោះខ្ញុំមានលុយចាយគ្រប់គ្រាន់ ខណៈពេលដែលមិត្តភ័ក្រខ្ញុំ ប្រឹងរៀនថ្នាក់ទី១២ទាំងត្រដាបត្រដួស ។ ដល់ឆ្នាំ២០០៥ ខ្ញុំត្រូវបានឪពុកម្តាយ ប្រគល់ការងារ ទាំងស្រុង ពេលនោះជីវភាពខ្ញុំល្អប្រសើរច្រើន ដាច់ឆ្ងាយពីមិត្តរបស់ខ្ញុំដែលកំពុងរៀនឆ្នាំទី៤ ផ្នែកធនាគារ ហើយជួលបន្ទប់តូចមួយស្នាក់នៅជុំគ្នាបួននាក់យ៉ាងចង្អៀត។ ឆ្នាំ២០០៧ ខ្ញុំសន្សំលុយទិញបានឡានសមរម្យមួយជិះ ខណៈពេលដែលមិត្តខ្ញុំ មានត្រឹមតែម៉ូតូ បង់រំលោះ និងប្រាក់ខែត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ។ ពួកយើងនៅតែរាប់អានគ្នា ហើយខ្ញុំបានចំអកលេងអោយវាថា (អ្នកធ្លាក់បាក់ឌុប បើកឡានជូនអ្នកបរិញ្ញា 😜😜😜) ។

ឆ្នាំ២០០៩ សេដ្ឋកិច្ចធ្លាក់ ការលក់ដូរចាប់ផ្តើមមានបញ្ហា រីឯការប្រកួតប្រជែងក៏កាន់តែខ្លាំង មុខរបរខ្ញុំថយចំណូល ខ្ញុំក៏ត្រូវបន្ថយចំណាយ តែនៅពេលនោះខ្ញុំក៏នៅតែយល់ថា បញ្ហាទាំងអស់នេះ វាមិនទាក់ទងនឹងចំណេះដឹងឡើយគឺទាក់ទងនឹងវិបត្តិសេដ្ឋកិច្ចសកល។ ឆ្នាំ២០១០ អ្នកលក់ជិតខាងដែលគេរៀនចប់បរិញ្ញាប័ត្រហិរញ្ញវត្ថុ បានបើកមុខរបរដូចខ្ញុំដែរ ម៉ូយនិងបុគ្គលិករបស់ខ្ញុំត្រូវគេដណ្តើមយកអស់ ដោយសារតែខ្ញុំតែងតែមានបញ្ហាខាងបញ្ជីស្នាមជាមួយបុគ្គលិក។ ឆ្នាំ២០១៤ ខ្ញុំមានបញ្ហា រឿងបង់ពន្ធ ដែលតម្រូវអោយខ្ញុំចំណាយលើអ្នកជំនាញ មកជួយបិទបញ្ជី ។

69062408_10211288946297833_769198693906644992_n


ឆ្នាំ២០១៦ ខ្ញុំមានបញ្ហា រឿងទិញទំនិញ ហួសកាលបរិឆ្ឆេទកំណត់ជាញឹកញាប់ ដោយសារតែខ្ញុំមិនចេះរបៀបមើល ដែលបានធ្វើអោយខ្ញុំ ខាតលុយ និងប្រឈប់មុខនឹងផ្លូវច្បាប់ទៀត ។ ទប់ទល់លែងជាប់ នៅឆ្នាំ២០១៧ ខ្ញុំក៏សម្រេចលក់ហាងនិងមុខរបរ ដែលជាកេរ្តិ៍តំណែលឪពុកម្តាយ ទៅរកសុីទិញលក់ដីវិញ ។ ដោយសារតែចំណេះដឹងទូទៅខ្ញុំខ្សោយ ការស្វែងយល់ព័ត៌មានខ្ញុំមិនបានទូលំទូលាយ ខ្ញុំទិញប៉ះដីមានទំនាស់ជាញឹកញាប់ ។ ឆ្នាំ២០១៨ ខ្ញុំគ្មានលុយទិញដី ខ្ញុំបានត្រឹមតែជាអ្នកគួកជេរអោយគេ ដែលទទួលបានកំរៃ តិចតួចបំផុត មានម្តងនោះ ខ្ញុំបានជួយលក់ដីអោយគេ ក្នុងតម្លៃ ៣០.០០០ដុល្លារ ហើយអ្នកលក់អោយលុយខ្ញុំ១០០០ដុល្លារ តែខ្ញុំមិនយក ហើយស្ដីអោយគេថា កុំនិយាយបាតដៃខ្នងដៃជាមួយខ្ញុំ កាលពីនិយាយគ្នាមុនពេលលក់ សន្យាថាអោយខ្ញុំ ៣% ។

បន្ទាប់ពីគុណលុយរួចមក ខ្ញុំស្ទើតែបោកក្បាល ហើយខ្មាស់គេយ៉ាងខ្លាំង (3%x30000=900) ខ្ញុំក៏សម្រេចចិត្ត ឈប់រកសុី ហើយដាក់ពាក្យធ្វើការ ស្ទើតែគ្រប់កន្លែង ទំរាំតែបានធនាគារមួយទទួលយក ដោយសារតែខ្ញុំ គ្មានសញ្ញាប័ត្រនិងបទពិសោធន៍ ការងារអ្វីទាំងអស់។ តួនាទីខ្ញុំពេលនេះជាតៃកុងឡាន ហើយបើកបរអោយមិត្តខ្ញុំដែលប្រលងធ្លាក់បាក់ឌុបក្នុងឆ្នាំ២០០០ដូចគ្នា ។ ខ្ញុំបាននិយាយទៅកាន់មិត្តរបស់ខ្ញុំ នូវពាក្យ កាលពី១២ឆ្នាំមុនថា (អ្នកធ្លាក់បាក់ នៅតែបើកឡានជូនអ្នកបរិញ្ញា ដដែល 😭😭😭) ។

ផ្ញើជូនប្អូនដែលធ្លាក់បាក់ឌុប

- គ្មានអ្នកណាម្នាក់ មិនដែលបរាជ័យទេ

- សម្រេចចិត្តខុសតែមួយជំហាន អាចបំផ្លាញអនាគតយើងមួយជីវិត

- ក្នុងសង្គមដែលយើងមើលទៅដ៏សាមញ្ញ តែពោពេញទៅដោយចំណេះដឹង

- អ្នកគ្រប់គ្រងមុខរបរ ដែលមិនមានចំណេះដឹង នឹងដើរដល់ផ្លូវទាល់យ៉ាងឆាប់រហ័ស។

តស៊ូរៀន ១២ឆ្នាំបាន ចុះហេតុអីតស៊ូមិនបានត្រឹមតែ១ឆ្នាំ? ឬត្រូវតស៊ូរស់ទាំងវេទនា ពេញមួយជីវិត? »។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?