ការនាំចូល និងនាំចេញរបស់ចិនបានធ្លាក់ចុះច្រើន ជាងការរំពឹងទុកក្នុងខែកញ្ញា

ថ្ងៃអាទិត្យ ១៣ តុលា ២០១៩

ចំណុចសំខាន់ៗ

  • ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃច័ន្ទនេះថា ការនាំចេញគិតជាដុល្លារអាមេរិករបស់ចិនបានធ្លាក់ចុះ ៣,២ ភាគរយនៅក្នុងខែកញ្ញាពីមួយឆ្នាំមុន ខណៈពេលដែលការនាំចូលបានធ្លាក់ចុះ ៨,៥ ភាគរយក្នុងរយៈពេលដូចគ្នានេះ។
  • សេដ្ឋវិទូដែលបានស្ទង់មតិដោយ Reuters បានរំពឹងថាការនាំចេញរបស់ចិននឹងធ្លាក់ចុះ ៣% ហើយ ការនាំចូលនឹងធ្លាក់ចុះ ៥,២% នៅក្នុងខែកញ្ញា បើប្រៀបធៀបទៅនឹងឆ្នាំមុន។

A

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃច័ន្ទនេះ ដោយលើកឡើងពីទិន្នន័យ ការនាំចូល និងនាំចេញរបស់ចិនសម្រាប់ខែកញ្ញា ដែលមានភាពអាក្រក់ជាងការរំពឹងទុក នៅពេលដែលការកកិតពាណិជ្ជកម្មកំពុងបន្តកើតមានជាមួយសហរដ្ឋអាមេរិក។

បើគិតតាមប្រាក់ដុល្លារសហរដ្ឋអាមេរិក ការនាំចេញរបស់ចិនបានធ្លាក់ចុះ ៣,២% ក្នុងខែកញ្ញាពីមួយឆ្នាំមុន ខណៈពេលដែលការនាំចូលធ្លាក់ចុះ ៨,៥% ក្នុងរយៈពេលដូចគ្នា។ សារព័ត៌មាន Reuters បាននិយាយថាតុល្យភាពពាណិជ្ជកម្មសរុបរបស់ប្រទេសក្នុងខែកញ្ញាមានចំនួន ៣៩,៦៥ ពាន់លានដុល្លារ។

សេដ្ឋវិទូដែលបានស្ទង់មតិដោយ Reuters បានរំពឹងថា ការនាំចេញរបស់ចិនដែលគិតជាដុល្លារអា-មេរិកនឹងធ្លាក់ចុះ ៣% ហើយការនាំចូលនឹងធ្លាក់ចុះ ៥,២% នៅក្នុងខែកញ្ញា បើប្រៀបធៀបទៅនឹងឆ្នាំមុ-ន។ អតិរេកពាណិជ្ជកម្មទូទៅរបស់ប្រទេសនេះសម្រាប់ខែមុន ត្រូវបានគេព្យាករណ៍ថានឹងមានចំនួន ៣៣,៣ ពាន់លានដុល្លារ។

នៅក្នុងខែសីហាការនាំចេញរបស់ចិនគិតជាដុល្លារអាមេរិកបានធ្លាក់ចុះ ១% ពីមួយឆ្នាំទៅមួយឆ្នាំដែលជាការធ្លាក់ចុះដ៏ធំបំផុត ចាប់តាំងពីខែមិថុនា ដោយសារការដឹកជញ្ជូនទៅសហរដ្ឋអាមេរិកធ្លាក់ចុះយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរ ការនាំចូលរបស់ចិនបានធ្លាក់ចុះ ៥,៦% ក្នុងរយៈពេលដូចគ្នា។ វាបានធ្វើឲ្យអតិរេកពាណិជ្ជកម្មរបស់ខ្លួនកើនដល់ ៣៤,៨៣ ពាន់លានដុល្លារនេះបើយោងតាមទិន្នន័យគយចិន ។

បើគិតជាប្រាក់យ័នការនាំចេញរបស់ចិន នៅក្នុងខែកញ្ញាគឺធ្លាក់ចុះ ០,៧% បើប្រៀបធៀបទៅនឹងឆ្នាំមុនខណៈការនាំចូលធ្លាក់ចុះ ៦,២% ក្នុងរយៈពេលដូចគ្នា។

ChinaTradeSep.1571024165219


លោក Martin Lynge Rasmussen សេដ្ឋវិទូចិននៅក្រុមហ៊ុនប្រឹក្សាសេដ្ឋកិច្ច Capital បាននិយាយថាការនាំចេញពីប្រទេសមានសេដ្ឋកិច្ចធំទី ២ លើពិភពលោកនឹងត្រូវការពេលវេលាដើម្បីស្តារឡើងវិញ។

លោកបានសរសេរនៅក្នុងកំណត់សម្គាល់មួយថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មខ្នាតតូចរវាងសហរដ្ឋអាមេរិក និងចិនដែលបានព្រមព្រៀងកាលពីថ្ងៃសុក្រ មិនមានការផ្លាស់ប្តូរទស្សនវិស័យគួរឲ្យកត់សម្គាល់ឡើយ”។

លោកបានបន្ថែមថា “ក្រឡេកមើលទៅការនាំចេញ មើលទៅនៅតែធ្លាក់ចុះដដែលនៅត្រីមាសខាងមុខ” ។ ទន្ទឹមនឹងនេះ កំណើននៃការនាំចូលមានការថយចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសថ្មីៗនេះ ហើយឥឡូវនេះមើលទៅមានភាពទន់ខ្សោយខុសពីធម្មតាទាក់ទងនឹងកំណើនសេដ្ឋកិច្ច។

សេដ្ឋកិច្ចចិនដែលធំជាងគេទី ២ នៅលើពិភពលោកកំពុងកើនឡើងក្នុងល្បឿនយឺតៗ នៅពេលមានជម្លោះពាណិជ្ជកម្មអូសបន្លាយរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន។ មន្រ្តីមកពីប្រទេសទាំងពីរបានជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុនដើម្បីពិភាក្សាពីពាណិជ្ជកម្ម ហើយលោកប្រធានាធិបតីដូណាល់ត្រាំបានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបានឈានដល់ដំណាក់កាលមួយដ៏សំខាន់បំផុតមួយ ជាមួយប្រទេសចិន។

លោក Trump មានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះនឹងមានការចូលរួមពីប្រទេសចិនក្នុងការទិញផលិតផលកសិកម្មរបស់អាមេរិកដែលមានតម្លៃពី ៤០ ទៅ ៥០ ពាន់លានដុល្លារ និងដោះស្រាយកង្វល់ដូចជា ការលួចកម្មសិទ្ធិបញ្ញា និងការកេងបន្លំរូបិយប័ណ្ណ។ ទីក្រុងវ៉ាស៊ីនតោនក៏បានផ្អាកការដំឡើងពន្ធលើទំនិញចិនដែលគ្រោងសម្រាប់សប្តាហ៍នេះផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃច័ន្ទនេះថា អ្នកនាំពាក្យម្នាក់មកពីគយចិនបាននិយាយថា ភាពតានតឹងពាណិជ្ជកម្មរបស់ប្រទេសនេះជាមួយសហរដ្ឋអាមេរិកបានប៉ះពាល់ដល់សកម្មភាពនាំចេញ និងនាំចូលរបស់ខ្លួន។

ប្រែសម្រួលដោយ៖ សារុន រស្មី

កែសម្រួលដោយ៖ Serpent

ប្រភព៖ CNBC

https://www.cnbc.com/2019/10/14/china-economy-chinese-imports-exports-trade-data-for-september-2019.html