រឿងពិត! តមសាច់ មានទាំងគុណសម្បត្តិ និងគុណវិបត្តិដល់សុខភាព

របបទទួលទានអាចនឹងមានផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ និងសុខភាពរាងកាយរបស់អ្នកទាំងមូល។ ក្នុងនោះមានការលើកឡើងជាច្រើនអំពីភាពខុសគ្នារវាងការញ៉ាំសាច់ និងញ៉ាំអាហារបួសដូចជាបន្លែផ្លែឈើជាដើម។ បើទោះជារវាងសាច់ និងបន្លែសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងណាក៏ដោយ តែយើងក៏មិនអាចបង្ខំ ឬបញ្ជក់ឱ្យអ្នកទទួលទានតែសាច់ ឬបន្លែទាំងស្រុងនោះដែរ។

ដូច្នេះបានជាថ្ងៃនេះយើងនឹងលើកឡើងពី ១០ចំណុចដែលកើតឡើងចំពោះរូបរាងកាយរបស់អ្នក ប្រសិនជាអ្នកបញ្ឈប់ការញ៉ាំសាច់ ហើយញ៉ាំតែបន្លែនិងផ្លែឈើដូចតទៅ៖

# ស្រកទម្ងន់

អ្នកដែលបញ្ឈប់ ឬកាត់បន្ថយការញ៉ាំសាច់ អាចស្រកទម្ងន់បានរហូតដល់ទៅ ១០ផោន ស្មើនឹង ៤គីឡូក្រាមកន្លះ ដោយមិនបាច់តមចំណី ឬក៏ធ្វើការហាត់ប្រាណច្រើននោះទេ។ ការញ៉ាំបន្លែ ផ្លែឈើ ជំនួសសាច់ធ្វើឱ្យរាងកាយរបស់អ្នកបានបំពេញតួនាទីជួយឱ្យរាងកាយមានសុខភាពល្អ។

# បាក់តេរីល្អក្នុងរាងកាយកើនឡើង

មិនមែនរាល់បាក់តេរីសុទ្ធតែអាក្រក់នោះទេ។ មានបាក់តេរីនៅក្នុងរាងកាយ និងក្នុងអាហារមួយចំនួនគេហៅថាជាបាក់តេរីល្អមានអត្ថប្រយោជន៍សម្រាប់រាងកាយរបស់មនុស្ស។ ដូច្នេះការញ៉ាំបន្លែផ្លែឈើជំនួសសាច់នឹងផ្តល់បាក់តេរីល្អៗសម្រាប់ការពាររាងកាយរបស់អ្នក។ បើទោះជាដំបូងអាហារបន្លែទាំងនោះធ្វើឱ្យអ្នកមានដូចអាការហើមពោះ ឬឆ្អល់ពោះយ៉ាងណាក៏ដោយ ប៉ុន្តែបន្ទាប់ពីរាងកាយ និងក្រពះពោះវៀន អាចសម្របខ្លួនបានហើយនោះ អ្នកប្រាកដជាមានសុខភាពល្អ ព្រោះតែមានបាក់តេរីល្អៗការពាររាងកាយរបស់អ្នកជាមិនខាន។

# ស្បែកមានសុខភាពល្អ

ការញ៉ាំបន្លែផ្លែឈើជំនួសសាច់ អ្នកនឹងសង្កេតថាស្បែករបស់នឹងចាប់ផ្តើមប្រែប្រួល ដោយអស់បញ្ហារឿងឡើងមុនគ្រប់ប្រភេទ ជាពិសេសធ្វើឱ្យស្បែករបស់អ្នកភ្លឺថ្លា។ នោះក៏ដោយសារតែគេដឹងថាការញ៉ាំបន្លែផ្លែឈើគឺជាការបញ្ចេញជាតិពុលមិនល្អពីក្នុងខ្លួន ដែលជាហេតុធ្វើឱ្យស្បែករបស់អ្នកមានសុខភាពល្អដូច្នេះឯង។

# មានកម្លាំងកំហែងជាងមុន

អ្នកដែលញ៉ាំបន្លែផ្លែឈើជំនួសសាច់ត្រូវបានកត់សម្គាល់ឃើញថា រាងកាយមិនសូវជាអស់កម្លាំងខ្លាំងនៅពេលល្ងាច ឬយប់ខុសកាលពីពេលញ៉ាំសាច់។ ដោយសាររាងកាយមានកម្លាំងមិនសូវហេវហត់បានជាមនុស្សមួយចំនួន មានកម្លាំងដើម្បីធ្វើការហាត់ប្រាណបន្ថែមរាល់ល្ងាច ដែលទាំងនេះមិនត្រឹមតែធ្វើឱ្យរាងកាយមានសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំងជួយឱ្យស្រកទម្ងន់បានផងដែរ។

# បន្ថយហានិភ័យជំងឺសសៃឈាមបេះដូង


ការកើតជំងឺទាក់ទងនឹងសសៃឈាមបេះដូងត្រូវបានគេដឹងថាភាគច្រើនទាក់ទងនឹងការញ៉ាំសាច់ក្រហម។ ដូច្នេះហើយបានជាពេលដែលអ្នកតមមិនញ៉ាំសាច់នឹងអាចជួយឱ្យបេះដូងរបស់អ្នកមានសុខភាពល្អ កាត់បន្ថយហានិភ័យនៃការកើតជំងឺសសៃឈាមបេះដូង ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីកក្រពះនិងពោះវៀនធំ។

# កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ

ដូចដែលអ្នកបានដឹងរួចមកហើយថា ការញ៉ាំសាច់ច្រើនពេកមិនត្រឹមតែធ្វើឱ្យធាត់នោះទេ ថែមទាំងធ្វើឱ្យរាងកាយកើនឡើងកម្រិតជាតិខ្លាញ់មិនល្អផងដែរ។ ការបញ្ឈប់ការញ៉ាំសាច់ បែរងាកមកញ៉ាំបន្លែផ្លែឈើជំនួស នឹងអាចជួយកាត់បន្ថយកម្រិតកូឡេស្តឺរ៉ល ជាតិខ្លាញ់មិនល្អពីក្នុងរាងកាយយ៉ាងមានប្រសិទ្ធភាព។

# បង្កើនហ្សែនល្អក្នុងរាងកាយ

បរិយាកាសជុំវិញ និងរបបទទួលទានអាចប៉ះពាល់ដល់រាងកាយរបស់អ្នកដោយផ្តល់នូវហ្សែនល្អ និងហ្សែនមិនល្អ។ ការរស់នៅមិនល្អ និងរបបទទួលទានសាច់ច្រើនពេកនឹងធ្វើឱ្យរាងកាយសម្បូរទៅដោយហ្សែនមិនល្អ ដែលជាហេតុធ្វើឱ្យអ្នកមានជំងឺរ៉ាំរ៉ៃផ្សេងៗនិងកើតជំងឺធាត់ដុះក្បាលពោះជាដើម។ ការញ៉ាំបន្លែផ្លែឈើឱ្យបានច្រើននឹងធ្វើឱ្យហ្សែនល្អកើនឡើងក្នុងរាងកាយ ថែមទាំងធ្វើឱ្យអ្នកមានសុខភាពល្អជាងមុន។

# កង្វះអាហារូបត្ថម្ភ

ប្រសិនជាអ្នកមិនទទួលទានសាច់ រាងកាយរបស់អ្នកនឹងខ្វះជាតិអ៊ីយ៉ូត ជាតិដែក វីតាមីន D និងវីតាមីន B12 ។ ប៉ុន្តែការទទួលទានគ្រាប់ធុញ្ញជាតិផ្សេងៗដូចជាគ្រាប់សណ្តែក ផ្លែឈើ បន្លែពណ៌បៃតងចាស់នឹងអាចជួយបំពេញអាហារូបត្ថម្ភទាំងនោះវិញបាន។ ក្នុងនោះអ្នកក៏អាចប្រើវីតាមីនបំប៉នបន្ថែមផងក៏បានដែរ។

# បាត់បង់រសជាតិ

ជាតិសង្កសីគឺជាប្រភពចម្បងដែលទទួលខុសត្រូវលើអារម្មណ៍ដឹងពីរសជាតិម្ហូបអាហារ។ ដែលជាតិសង្កសីទាំងនោះសម្បូរនៅក្នុងសាច់ក្រហម និងអយស្ទ័រ។ ដូច្នេះការឈប់ញ៉ាំសាច់នឹងធ្វើឱ្យការដឹងពីរសជាតិរបស់អ្នកបាត់បង់។ តែអ្នកក៏អាចបំពេញជាតិសង្កសីបន្ថែមដោយការទទួលទានបន្លែ គ្រាប់ធញ្ញជាតិ សណ្តែក ផលិតផលទឹកដោះគោដែលសម្បូរទៅដោយជាតិសង្កសី។

# ការឈឺចាប់សាច់ដុំ

ជាតិប្រូតេអ៊ីនដែលមាននៅក្នុងសាច់ និងបន្លែផ្លែឈើ អាចជួយពង្រឹងសាច់ដុំ និងជួយធ្វើឱ្យសាច់ដុំឆាប់ជាសាច់ស្បើយពីរបួសនិងការរលាកពីការហាត់ប្រាណបានយ៉ាងល្អ។ អ្នកដែលទទួលទានអាហារបួសដោយមិនញ៉ាំសាច់នឹងធ្វើឱ្យការដុតបំផ្លាញជាតិប្រូតេអ៊ីនបានលឿនជាងការញ៉ាំសាច់រាល់ពេលហាត់ប្រាណដែលអាចជំនួយដល់ការស្រកទម្ងន់។ តែបែរជាធ្វើឱ្យអ្នកហាត់យកសាច់ដុំពិបាកនឹងយកសាច់ដុំបានផងដែរ។

បើទោះជាការតមនិងបញ្ឈប់ការញ៉ាំសាច់មានទាំងគុណសម្បត្តិ និងគុណវិបត្តិយ៉ាងណាក៏ដោយ ក៏អ្នកស្រាវជ្រាវណែនាំឱ្យទទួលទានបន្លែ ផ្លែឈើឱ្យបានច្រើនជាងសាច់។ ព្រោះតែការញ៉ាំសាច់បង្ករឱ្យមានគុណវិបត្តិជាជាងគុណសម្បត្តិឆ្ងាយណាស់។ ប្រសិនជាអ្នកមិនអាចបញ្ឈប់ការញ៉ាំសាច់នោះទេ អ្នកក៏អាចធ្វើការញ៉ាំបន្លែ ផ្លែឈើឱ្យបានច្រើនតាមដែលអាចធ្វើបានជាមួយនឹងសាច់អស់ទាំងនោះដើម្បីសុខភាពរាងកាយទាំងមូល៕