គួរឱ្យសរសើរ! ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី ធ្វើការបានល្អមែន ​បានរំដោះនាំពលរដ្ឋខ្មែរ ២រូប ​ដែលមានបញ្ហាឱ្យត្រលប់មកកម្ពុជាដោយសុវត្ថិភាព!

ថ្មីៗនេះ ​ជារឿងគួរឱ្យត្រេកអរបំផុត ​ដោយពលរដ្ឋខ្មែរ ​២រូប ​ដែលមានបញ្ហាជាប់គាំងនៅប្រទេសម៉ាឡេស៊ី បានត្រលប់មកស្រុកកំណើតវិញបានដោយសុវត្ថិភាព ​ក្រោមការជួយដោះស្រាយ ពីស្ថានទូតខ្មែរប្រចាំម៉ាឡេស៊ី។

យោងទៅតាមរយៈព័ត៌មានពីគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី Royal Embassy of Cambodia to Malaysia បានសរសេររៀបរាប់ហេតុការណ៍យ៉ាងលម្អិតថា៖

« ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូត ពលរដ្ឋខ្មែរចំនួន០២រូប ដូចមានឈ្មោះខាងក្រោម នឹងត្រូវបញ្ជូនត្រឡប់ទៅកម្ពុជាវិញ ហើយនឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះ AK 534 នៅថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០៧៖២៥នាទីល្ងាច ។

(១) ពលករ ឆោម តុលា អាយុ ២៩ឆ្នាំ មកពីភូមិរោងចក្រ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បានមកធ្វើការដោយស្របច្បាប់ នៅរោងចក្រសម្ភារៈទូទៅនៅ Batu Caves នៃរដ្ឋ Selangor តាមរយៈក្រុមហ៊ុន ហ្វីលីម័រ ខេមបូឌា នៅខែសីហា ឆ្នាំ២០១០។

ទីភ្នាក់ងារម៉ាឡេស៊ីបានធ្វើ បាត់លិខិត ឆ្លងដែន របស់ពលករពេលយកលិខិតឆ្លងដែនទៅបន្តទិដ្ឋការការងារ កាល ពីដើមឆ្នាំ២០១៨ ប៉ុន្តែ ពលករ នៅបន្តធ្វើការដោយខុសច្បាប់ក្នុងរោងចក្រនោះដដែល។ រហូតដល់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ពលករបាន មក ស្ថានទូត ស្នើសុំជួយរៀបចំឯកសារឱ្យបានត្រឡប់ទៅកម្ពុជាវិញ។ ពលករ បានទទួលប្រាក់ខែគ្រប់ចំនួនជារៀងរាល់ខែ ហើយនិយោជកជាអ្នកចេញថ្លៃបង់ផាកពិន័យ និងសំបុត្រ យន្តហោះ។


(២) ម៉ាត់ ស៊ុបព្រី ភេទប្រុស អាយុ ២២ឆ្នាំ មកពីភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល បានមកសិក្សាខាងសាសនានៅប្រទេសម៉ាឡេស៊ី នៅសាលារៀន Darul Masri Taman Sri Gombak រដ្ឋ Selangor តាមរយៈអ្នកជិតខាងនៅស្រុកកំណើត កាលពីខែតុលា ឆ្នាំ២០១៤។ ឈ្មោះខាងលើមានទិដ្ឋាការសិស្សតែរយៈពេលសិក្សាឆ្នាំដំបូង លុះដល់ឆ្នាំបន្តបន្ទាប់ ពុំមានអ្នករៀបចំស្នើសុំបន្តទិដ្ឋាការសិស្សឱ្យគាត់ទៀតទេ។

ដោយបានបញ្ចប់ការសិក្សា សិស្សរូបនេះ បាន មក ស្ថានទូតនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ស្នើសុំជួយរៀបចំឯកសារឱ្យបានត្រឡប់ទៅកម្ពុជាវិញ ហើយសាលារៀនជាអ្នកបង់ថ្លៃផាកពិន័យ និងទិញសំបុត្រយន្តហោះជូន។

ស្ថានទូតបានជួយសម្របសម្រួលចេញលិខិតធ្វើដំណើរបណ្តោះអាសន្ន និងរៀបចំឯកសារជូនពលរដ្ឋទាំង០២រូបខាងលើទៅការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី។ ក្នុងអំឡុងពេល រង់ចាំ ត្រឡប់ ទៅកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងម្ហូបអាហារបរិភោគផងដែរ​»៕

S Mmm

80393046_2174867709475760_975218370901180416_o