កាយវិការរ៉ូមែនទិកទាំង ១០ ដែលអាចធ្វើឱ្យទំនាក់ទំនងស្នេហារបស់អ្នកកាន់តែមានភាពរឹងមាំជាងមុន!!!

យើងភាគច្រើនចង់រស់នៅដល់ចាស់ជាមួយមនុស្សជាទីស្រលាញ់របស់យើងប៉ុន្តែការសិក្សាបានបង្ហាញថាអត្រានៃការរៀបអាពាហ៍ពិពាហ៍កំពុងតែធ្លាក់ចុះ ដែលបានធ្វើឱ្យយើងជាច្រើនគិតថាទំនាក់ទំនងយូរអង្វែងគឺជារឿងទេវកថា ឬរឿងមួយដែលមិនអាចទៅរួច។ ទោះជាយ៉ាងណាក៏ដោយ វាមិនមែនដូចអ្វីដែលអ្នកបានគិតនោះទេ។ ស្នេហា និងទំនាក់ទំនងមានភាពស្មុគស្មាញ ប៉ុន្តែមានគន្លឹះរ៉ូមែនទិកជាក់ស្តែង និងងាយៗដែលយើងអាចអនុវត្តន៍ដើម្បីប្រាកដថាយើងទទួលបានអ្វីដែលល្អបំផុត។

គេហទំព័រ kalib9 បានធ្វើការស្រាវជ្រាវ និងធ្វើបញ្ជីនៃកាយវិការរ៉ូមែនទិកមួយចំនួនដែលអាចជារូបមន្តនៃទំនាក់ទំនងរឹងមាំ និងមានភាពរីករាយ។

១. ចែករំលែកក្តីសុបិន្តទៅដៃគូរបស់អ្នក

1

ការចែករំលែកក្តីសុបិន្តតូចមួយរបស់អ្នកទៅអ្នកជាទីស្រលាញ់ ធ្វើឱ្យអ្នកកាន់ក្តីមានក្តីសង្ឃឹមជាមួយគ្នាសម្រាប់គោលដៅតែមួយ។ គិតអំពីការសន្សំប្រាក់សម្រាប់ដំណើរកម្សាន្តទៅ Disneyland ជាមួយក្មេងៗ ឬឡានថ្មី ឬជាការសង្ឃឹមក្នុងការជួសជុលបន្ទប់របស់អ្នក ឬគ្រោងនឹងជួបជុំគ្រួសារនៅឯស្រុកកំណើត។ វិធីចែករំលែកណាមួយក៏ដោយ នឹងធ្វើអោយអ្នកឆ្ពោះទៅរកក្តីសង្ឃឹម និងក្តីសុបិន្ត គឺជាវិធីវិជ្ជមានដើម្បីធ្វើឱ្យអ្នកមានទំនាក់ទំនងល្អ និងរីករាយ។

២. សរសេរលំអិតអំពីបំណងប្រាថ្នាសាមញ្ញរបស់ដៃគូអ្នក

2

ប្រសិនបើអ្នកឃើញថាអ្នកតែងតែភ្លេចនូវអ្វីដែលពួកគេចង់បានសម្រាប់ថ្ងៃកំណើតរបស់ពួកគេ ចំនុចនេះប្រហែលជាដំណោះស្រាយចំពោះបញ្ហានោះ ហើយ។ រាល់ពេលដែលដៃគូរបស់អ្នកនិយាយអំពីទីកន្លែងមួយដែលគេចង់ទៅទស្សនាខ្សែភាពយន្តដែលគេបានរំពឹងថានឹងចាក់បញ្ចាំងដំបូង ឬអ្វីមួយដែលពួកគេចង់ទិញសូមសរសេរវាទុក។ អ្នកអាចរក្សាទុកជាកំណត់ត្រានៅលើទូរស័ព្ទដៃរបស់អ្នក ហើយមើលវានៅពេលណាដែលអ្នកចង់ធ្វើវាតាមកាលបរិច្ឆេទ ឬទិញកាដូមួយសម្រាប់មនុស្សជាទីស្រលាញ់។

៣. រៀបចំផែនការការភ្ញាក់ផ្អើលតូចៗសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នក

3

ស្នេហាពិតមិនត្រឹមតែជាចំណង់ចំណូលចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាអាកប្បកិរិយាដែលអ្នកជ្រើសរើសនៅជាមួយមនុស្សនោះជារៀងរាល់ថ្ងៃផងដែរ។ គួរធ្វើឱ្យដៃគូរបស់អ្នកភ្ញាក់ផ្អើលជាមួយនឹងកាដូបន្តិចបន្ទួច ដែលមនុស្សជាទីស្រលាញ់របស់ចូលចិត្ត ឬទិញសំបុត្រចូលមើលខ្សែភាពយន្តដែលពួកគេចង់មើល (ដែលអ្នកបានសរសេរនៅក្នុងសៀវភៅកត់ត្រារបស់អ្នក) ។

៤. ក្នុងអំឡុងពេលឈ្លោះគ្នាសូមគិតអំពីរបៀបដែលវាអាចជាកំហុសរបស់អ្នក

4

ប្រសិនបើអ្នកកំពុងឈ្លោះប្រកែកគ្នា ហើយដឹងថាអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបាន សូមទៅកាន់បន្ទប់ផ្សេងៗគ្នារយៈពេល ២០ នាទី។ នេះនឹងផ្តល់ឱ្យអ្នកនូវពេលវេលាខ្លះដើម្បីធ្វើឱ្យអារម្មណ៍ស្ងប់ និងសំខាន់ជាងនេះគឺគិត និងឆ្លុះបញ្ចាំងពីការពិតដែលថាអ្នកប្រហែលជាបានចូលរួមចំណែកខ្លះក្នុងស្ថានភាពដែលធ្វើឱ្យអ្នកឈ្លោះគ្នា។ បន្ទាប់ពី ២០ នាទីបានកន្លងផុតទៅសូមមកអង្គុយនៅតុជាមួយគ្នា ហើយប្រាប់គ្នាពីកន្លែងដែលអ្នកគិតថាអ្នកខុស សូមអភ័យទោស និងព្យាយាមរកដំណោះស្រាយចំពោះបញ្ហាជាមួយគ្នា។

៥. អនុវត្តវិធីសាស្ត្រ ៣-១

5

ប្រសិនបើពេលខ្លះអ្នកគិតថាអ្នកតែងតែធ្វើអ្វីដែលចិត្តរបស់អ្នកចង់ធ្វើសូមសាកល្បងវិធីនេះ។ នៅពេលដែលអ្នកចង់ទៅមើលកុន។ អ្នកទាំងពីរអាចជ្រើសរើសខ្សែភាពយន្តចំនួន ៣ បន្ទាប់មកត្រូវសម្រេចចិត្តយកខ្សែភាពយន្តតែមួយគត់ដែលគិតថាវានឹងពេញចិត្តសម្រាប់អ្នកទាំងពីរ។ តាមវិធីនេះអ្នកបានធ្វើការជាមួយគ្នាដើម្បីធ្វើការសំរេចចិត្តហើយអ្នកទាំងពីរជ្រើសរើសអ្វីដែលត្រូវធ្វើរួមគ្នា។

៦. ចំណាយពេលវេលាខ្លះដើម្បីនៅឆ្ងាយពីគ្នា


6

ប្រសិនបើយើងចំណាយពេលទំនេរទាំងអស់ដែលយើងមានជាមួយដៃគូរបស់យើងនោះ វាគឺជាការប្រសើរ តែដើម្បីអោយកាន់តែប្រសើរជាងនេះទៅទៀតនោះ អ្នកគួរចំណាយពេលវេលាខ្លះនៅឆ្ងាយពីគ្នា។ ដូចជាទៅលេងមិត្តរបស់អ្នក ឬទៅលេងប៉ាម៉ាក់របស់អ្នកជាដើម។ ព្រោះនៅពេលដែលអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកកំពុងតែស្រលាញ់គ្នានោះ ពេលវេលាដែលនៅឆ្ងាយគ្នានេះ និងធ្វើអោយអ្នកកាន់តែនឹកគ្នា ស្រលាញ់គ្នាលើសដើម។

៧. បង្កើតឳកាសអោយមនុស្សជាទីស្រលាញ់ បានជួបជាមួយឪពុកម្តាយរបស់អ្នក

7

អ្នកគួរតែបង្កើតពេលវេលាដ៏សមរម្យមួយ ដើម្បីអោយប្រពន្ធ ឬប្តីរបស់អ្នកបានជួបនិយាយគ្នាលេងជាមួយ ឪពុកម្តាយរបស់អ្នក។ ព្យាយាមបន្ធូរបន្ថយបញ្ហា ដោយធ្វើជាមនុស្សម្នាក់ដែលតែងតែប្រាប់ពួកគេនូវព័ត៌មានវិជ្ជមាន។ អ្នកអាចជាមនុស្សម្នាក់ដែលបានអញ្ជើញពួកគាត់ សម្រាប់ហូបអាហារពេលល្ងាច ប៉ុន្តែអ្នកមិនគួរចូលរួមជាមួយពួកគេទេ ទុកអោយមនុស្សជាទីស្រលាញ់របស់អ្នក និងឪពុកម្តាយក្មេងគាត់បានជួបគ្នាទៅបានហើយ។ អ្នកអាចធ្វើជារវល់ ឬមានការបន្ទាន់នៅកន្លែងការងារ ដោយផ្តល់ឳកាសអោយពួកគាត់បាននៅជាមួយគ្នា។ វិធីនេះនឹងធ្វើអោយឪពុកម្តាយរបស់អ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកកាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នា។

៨. ធ្វើការងារក្នុងផ្ទះជាមួយគ្នា

FALLING INN LOVE

បង្កើតអ្វីមួយជាមួយគ្នា​ ដូច្នេះអ្នកក្លាយជាអ្នកជំនាញក្នុងការធ្វើការជាក្រុម។ យើងកំពុងនិយាយអំពីអ្វីដែលសាមញ្ញ ដូចជាការរៀបចំអាហារ ធ្វើម្ហូបនៅផ្ទះ កែលម្អផ្ទះ ឬគូរគំនូរនៅផ្ទះជាដើម។ វាមានសារៈសំខាន់ណាស់សម្រាប់អ្នកទាំងពីរដើម្បីសំរេចអ្វីមួយជាមួយគ្នា។

៩. ឱប! អាចធ្វើឱ្យអ្នកកាន់តែមានអារម្មណ៍កក់ក្តៅ

9

ការឱបគ្នារបស់មនុស្សគឺមានឥទ្ធិពលខ្លាំងណាស់ដែលវាអាចប្រាស្រ័យទាក់ទងស្នេហាដោយមិនចាំបាច់និយាយ។ លើសពីនេះទៅទៀតគឺការបញ្ចេញអុកស៊ីតូស៊ីនដែលត្រូវបានគេស្គាល់ថាជាអរម៉ូនស្នេហា។ សារធាតុនេះធ្វើឱ្យអ្នក និងដៃគូរបស់អ្នកមានអារម្មណ៍រីករាយ សុវត្ថិភាព និងមានទំនាក់ទំនងល្អ។ និយាយអោយខ្លី វាគឺធ្វើឱ្យអ្នកមានអារម្មណ៍ស្នេហា។ សូមចំណាយពេលមួយភ្លេតនេះដើម្បីថ្លែងអំណរគុណចំពោះដៃគូរបស់អ្នក។ វិធីនេះនឹងធ្វើអោយស្នេហារបស់អ្នកកាន់តែសុីជម្រៅ ហើយវាថែមទាំងជួយឱ្យអ្នកទាំងពីរមានអារម្មណ៍ថាជាពេលវេលាដ៏មានតម្លៃទៀតផង។ លើសពីនេះទៅទៀតការសិក្សាបង្ហាញថាការបង្ហាញការពីការស្រលាញ់នេះ ពិតជាធ្វើឱ្យយើងកាន់តែសប្បាយរីករាយ។

១០. សូមឱ្យដៃគូរបស់អ្នកមានសកម្មភាពពេញមួយថ្ងៃលើអ្វីដែលពួកគេស្រឡាញ់ចូលចិត្ត

10

ពេលខ្លះអ្នកគួរចំណាយពេលមួយថ្ងៃជាមួយដៃគូរបស់អ្នកធ្វើអ្វីដែលពួកគេចូលចិត្ត ទោះបីវាមិនមែនជាអ្វីដែលអ្នកចាប់អារម្មណ៍ច្រើនក៏ដោយ។  អ្នកទាំងពីរនឹងស្គាល់គ្នាកាន់តែច្បាស់ ហើយអ្នកប្រហែលជានឹងទទួលបាននូវចំណង់ចំណូលចិត្តថ្មីមួយដែលអ្នកអាចចាប់ផ្តើមអនុវត្តជាមួយគ្នា។

តើអ្នកអនុវត្តគន្លឹះស្នេហាទាំងនេះហើយ ឬនៅ? តើអ្នកមានដំបូន្មានអ្វីដើម្បីរក្សាទំនាក់ទំនងស្នេហា ឲ្យកាន់តែ រឹងមាំដែរ ឬទេ? សូមចែករំលែកវិធីសាស្រ្តរបស់អ្នកនៅក្នុងផ្នែកមតិយោបល់!

ប្រែសម្រួល៖ Crusher

ប្រភព៖ Bright Side