ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ចេញមតិមួយចំនួនទាក់ទងទៅនឹងសុខភាពប្រចាំថ្ងៃដែលទាក់ទងទៅនឹងការសម្រេចកាមដោយដៃដែលវាបានផ្ដល់អត្ថប្រយោជន៍ជាច្រើន។
យោងតាម Page ដែលមានឈ្មោះថា MJQ University Press ដែលជា Page របស់ឧកញ៉ាវេជ្ជបណ្ឌិតផ្ទាល់បានផុសចែករំលែកទូទៅថា៖
"យុវជនយើងមួយចំនួន ជាពិសេសអ្នកនៅស្រុកស្រែចម្ការ ជួនកាលពួកគាត់អាយុ១៧ ១៨ឆ្នាំទៅហើយ តែមិនដែលធ្លាប់សម្រេចកាមដោយដៃ (Masturbation) នៅឡើយផង។ នេះអាចមកពីពួកគាត់មានការខ្មាសអៀនច្រើន ឬអាចមកពីពួកគាត់ខ្លាចប៉ះពាល់សុខភាពផ្លូវភេទ ឬក៏អាចមកពីពួកគាត់ពិបាករកកន្លែងសម្រេចកាមដោយដៃ ដ្បិតពួកគាត់រស់នៅជុំគ្រួសារ ផ្ទះតូចគ្មានបន្ទប់ដាច់ដោយឡែកពីគ្នា។
និយាយដល់ការសម្រេចកាមដោយដៃនេះ ខ្ញុំធ្លាប់ឮចាស់ៗនៅតាមទីជនបទនិយាយបន្លាចកូនចៅប្រុសៗរបស់ពួកគាត់ថា “កុំធ្វើអីផ្ដេសផ្ដាសវ៉ឺយ (សម្រេចកាមដោយដៃ) ប្រយ័ត្នកើតរោគស្រវាំងភ្នែក ឆ្កួត គ្មានកូន កើតជំងឺឃ្លង់...”។
បើតាមក្បួនពេទ្យ គេពុំបានហាមប្រាមមិនឱ្យយើងសម្រេចកាមដោយដៃនោះឡើយ។ ផ្ទុយទៅវិញគេមានតែជំរុញឱ្យយើងសម្រេចកាមដោយដៃឱ្យបានច្រើន យ៉ាងហោចណាស់ក៏មួយដងដែរក្នុងមួយថ្ងៃ ដ្បិតការសម្រេចកាមដោយដៃ វាជួយកាត់បន្ថយភាពធុញថប់តប់ប្រមល់ ធ្វើឱ្យអារម្មណ៍យើងស្រស់ស្រាយ បង្កើតទឹកកាមថ្មី ធ្វើឱ្យឈាមដើរស្រួល កាត់បន្ថយករណីរំលោភសេពសន្ថវៈ ជាដើម។ ម្យ៉ាង ប្រសិនបើយើងមិនដែលសម្រេចកាមដោយដៃទេ ក្បាលលិង្គនឹងតូចខុសខ្នាត ហើយពេលរួមភេទជាមួយដៃគូឆាប់ចេញទឹកកាម ដែលធ្វើឱ្យដៃគូអស់អារម្មណ៍ជាមួយយើងក៏មានដែរ។
នៅស្រុកយើងដោយសារការហូបចុករបស់ប្រជាពលរដ្ឋមិនសូវពេញលេញ ឬពុំសូវមានជីវជាតិគ្រប់គ្រាន់ ដូច្នេះគេមិនសូវឱ្យបុរសដែលមិនទាន់មានដៃគូ សម្រេចកាមដោយដៃញឹកញាប់ពេកទេ ប៉ុន្តែបើនៅសហរដ្ឋអាមេរិក ដែលជាប្រទេសអភិវឌ្ឍ ពលរដ្ឋគេសម្បូរអាហារញ៉ាំចុកគ្រប់គ្រាន់ គឺគេណែនាំឱ្យយុវជនគេសម្រេចកាមដោយដៃឱ្យបាន២ទៅ៣ដងក្នុងមួយថ្ងៃ ហើយជួនកាលអាច៤ដងក្នុងមួយថ្ងៃក៏មានដែរ។
ខ្ញុំសូមបញ្ជាក់បន្តិចថា ពុំមែនតែបុរសទេដែលត្រូវសម្រេចកាមដោយដៃនោះ សូម្បីតែនារីភេទក៏គួរតែសម្រេចកាមដោយដៃដែរ។ រឿងហ្នឹងពុំមែនជារឿងគួរឱ្យខ្មាសអៀនអីទេ ព្រោះវាជាធម្មជាតិរបស់មនុស្សយើងគ្រប់ៗរូប ដែលនរណាៗក៏គួរតែយល់ដឹង និងធ្វើវាដែរ៕"