ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ ហេតុអ្វីសម្ភាសការងារពីរទៅបីកន្លែងហើយមិនជាប់!

នៅពេលដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬក៏កំពុងតែសិក្សាថ្នាក់បរិញ្ញាបត្រនោះ និស្សិតគ្រប់រូបតែងស្រវ៉ារកការងារធ្វើដើម្បីរកកម្រៃយកមកបង់ថ្លៃសិក្សា ចិញ្ចឹមក្រពះរបស់ខ្លួន និងបង់ថ្លៃការរស់នៅប្រចាំថ្ងៃ។

Interview 190709 800x450

មិនត្រឹមតែនិស្សិតទើបបញ្ចប់ការសិក្សា ឬក៏កំពុងតែសិក្សានោះទេ សូម្បីតែមនុស្សគ្រប់ៗរូបតែងស្វះស្វែងរកការងារធ្វើដើម្បីរកប្រាក់ខែនិងអភិវឌ្ឍន៍ខ្លួនបន្តទៅមុខទៀត ដោយអ្នកខ្លះទៀតប្តូរការងារជាច្រើនកន្លែងដើម្បីស្វែងរកបទពិសោធន៍ថ្មីៗ។

960x0

ប៉ុន្តែអ្វីដែលជាឧបសគ្គនោះគឺកើតឡើងនៅអំឡុងពេលសម្ភាស ដែលបុគ្គលមួយចំនួនធំសម្ភាសសុំការងារមិនជាប់ទោះបីជាដាក់ច្រើនកន្លែងក៏ដោយ។

Bad Job Interview

ដោយសារបញ្ហាមួយនេះទើបឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានសរសេរលើគេហទំព័រហ្វេសប៊ុក MJQ University Press ដោយចែករំលែកនូវចំណុចសំខាន់ៗដើម្បីសម្ភាសឲជាប់។

Oknha Dr. Mengly J. Quach

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានសរសេរថា៖

“#ធ្វើម៉េចឆាប់ជាប់សម្ភាស?

តើអ្នកគ្រប់គ្នាដឹងទេ ថាហេតុអ្វីអ្នកខ្លះសម្ភាសសុំការងារធ្វើលើក ទី១ ត្រូវបានគេជ្រើសរើសយកធ្វើការ? ហើយហេតុអ្វីបានជាអ្នកខ្លះទៀតសម្ភាសសុំការងារគេធ្វើពីរបីកន្លែងតែពុំជាប់សម្ភាស? នៅទីនេះខ្ញុំសូមចែករំលែកគន្លឹះមួយចំនួនជួយឱ្យយើងងាយជាប់សម្ភាស។

មែនទែនទៅ ក្រៅតែពីសមត្ថភាព ចំណេះដឹង បទពិសោធ និងសន្លឹកសញ្ញាបត្រ ដើម្បីជាប់សម្ភាសនៅក្នុងក្រុមហ៊ុនណាមួយ គឺទាមទារឱ្យយើងមានចំណុចជាច្រើនទៀតដូចជា៖

ទី១ ការស្លៀកពាក់ និងរៀបចំខ្លួនប្រាណ៖ ចំណុចដំបូងបង្អស់នេះ គឺពេលទៅសម្ភាសការងារយើងត្រូវតែស្លៀកពាក់ឱ្យបានសមរម្យ ពោលត្រូវស្លៀកពាក់ខោអាវសាច់ក្រណាត់ ពណ៌មិនឆើតឆាយពេក តឺនុយ​ឱ្យបានសមសួន ហើយត្រូវពាក់ស្បែកជើងប៊ូ។ រីឯសក់ក្បាលវិញ យើងត្រូវកាត់ម៉ូតឡុងសុង ឬម៉ូតណាដែលសក្តិសមនឹងកន្លែងការងារដែល​យើងស្នើសុំបំពេញការងារនោះ ពោលបើនៅការិយាល័យ យើងត្រូវកាត់ម៉ូតសក់ខ្លីសមល្មម ឱ្យសមជាបុគ្គលិកក្រុមហ៊ុន ហើយសិត​ឱ្យមានរបៀបរៀបរយ។ ចំណែកក្រចកដៃ ពុកមាត់ ពុកចង្កា រោមច្រមុះ ត្រូវកាត់កោរឱ្យបានស្អាតបាត។ លើសពីនេះ អ្វីដែលត្រូវប្រយ័ត្នប្រយែងបំផុតនោះ គឺក្លិនខ្លួន និងក្លិនមាត់។ អ្នកដឹងទេ ក្លិន​មិនល្អអាចបង្កឱ្យយើងបាត់បង់ឱកាសការងារក៏ថាបាន ពិសេស​បើការងារដែលអ្នកស្នើសុំនោះ នៅក្រុមហ៊ុនដែលមានស្តង់ដារ។

ទី២ ការគោរពម៉ោងពេល៖ មនុស្សខ្មែរមួយចំនួនពុំសូវឱ្យតម្លៃទៅលើការគោរពម៉ោងពេលទេ ពោលបើគេណាត់ជួបម៉ោង៧ព្រឹក ទាល់តែម៉ោង៧:១៥នាទី ឬម៉ោង៧កន្លះព្រឹកបានគាត់ទៅដល់កន្លែងណាត់​ជួបនោះ។ ទម្លាប់មិនល្អនេះ វាជាប្រភពធ្វើឱ្យយើងបរាជ័យគ្រប់យ៉ាង រាប់ទាំងទំនាក់ទំនងបុគ្គលភាព ទំនាក់ទំនងការងារ ទំនាក់ទំនង​អាជីវកម្ម រួមទាំងការសម្ភាសសុំការងារធ្វើជាដើម។ ដូច្នេះ ប្រសិនបើអ្នកមានណាត់សម្ភាសសុំការងារធ្វើ អ្នកត្រូវតែទៅឱ្យដល់កន្លែងណាត់ជួបសម្ភាសនោះ យ៉ាងហោចណាស់ឱ្យបាន១៥នាទីមុន ដើម្បីរៀបចំខ្លួនប្រាណ និងត្រៀមលក្ខណៈសម្ភាសឱ្យបានល្អ។ បើអ្នកទៅដល់ក្រោយម៉ោងសម្ភាស ឬយឺតយ៉ាវ នោះអ្នកសម្ភាសអ្នកនឹងវាយតម្លៃថាអ្នកជាមនុស្សគ្មានទំនួលខុសត្រូវ មិនឱ្យតម្លៃទៅលើពេលវេលា ហើយអ្នកខ្លួនឯងក៏ពុំបានត្រៀមខ្លួនក្នុងការសម្ភាសដែរ ដូច្នេះវាអាចធ្វើឱ្យអ្នកមានឱកាសជាប់សម្ភាសតិចភាគរយណាស់។

ទី៣ ការធ្វើគារវកិច្ច៖ ប្រពៃណីខ្មែរដ៏ផូរផង់គួរឱ្យស្ញប់ស្ញែង នៅពេល​ជួបគ្នាគឺលើកដៃសំពះជម្រាបសួរ និងសួរសុខទុក្ខ។ ដូច្នេះនៅពេលដើរ​ចូលទៅដល់កន្លែងសម្ភាស យើងត្រូវតែលើកដៃសំពះជម្រាបសួរអ្នក​រង់ចាំសម្ភាសយើង អមដោយទឹកមុខស្រស់ប្រិមប្រិយ និងរួសរាយ​រាក់ទាក់។ ហើយបើអាច ក្រោយពេលសំពះហើយយើងត្រូវចាប់ដៃគេ។ ការចាប់ដៃនេះសោត យើងត្រូវតែចាប់ឱ្យស៊ប់ ច្របាច់ឱ្យ​ណែន រលាក់ឱ្យឮ។ បើធ្វើបែបនេះបាន គ្រាន់តែគេចាប់ដៃជាមួយយើងហើយ គេចង់បានយើងធ្វើការឱ្យក្រុមហ៊ុនគេបាត់ទៅហើយ ព្រោះគេគិតថា យើងជាមនុស្សរឹងមាំ ម្ចាស់ការ មានទំនួលខុសត្រូវខ្ពស់ និងអាចទុកចិត្តបាន។

ទី៤ ការឆ្លើយសំណួរអ្នកសម្ភាស៖ ពេលគេសួរសំណួរមកយើង យើងត្រូវតែឆ្លើយទៅគេវិញឱ្យពេញឃ្លាប្រយោគ កុំឆ្លើយកំបុតៗឱ្យសោះ។ ឧទាហរណ៍គេសួរយើងថា “តើប្អូនឈ្មោះអ្វី?” យើងត្រូវឆ្លើយថា “បាទលោកពូ! ខ្ញុំឈ្មោះ សៅ ចរិយា។” ឬ “ចាស៎លោកពូ! ខ្ញុំឈ្មោះ សេង ពិសី។” ដាច់ខាតកុំឆ្លើយកំបុតៗ ឬមិនពេញឃ្លាប្រយោគឱ្យសោះ។ តួយ៉ាងគេសួរយើងថា “តើប្អូនឈ្មោះអ្វី?” យើងឆ្លើយទៅគេថា “ដារ៉ា!” គេសួរយើងទៀតថា “តើនរណាជាដារ៉ា?” យើងឆ្លើយទៀតថា “គឺខ្ញុំ” បើឆ្លើយបែបនេះ គេមិនយកយើងធ្វើការឱ្យគេទេ ព្រោះគេគិតថាយើងជាមនុស្សឈ្លើយ ខ្លាចយកមកយើងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុនគេ។ បើសិនយកយើងមកធ្វើការឱ្យគេ ចៃដន្យអតិថិជនគេទូរសព្ទមកចង់សួរអំពីសេវាកម្មអ្វីមួយ ស្រាប់តែយើងលើកទូរសព្ទនិយាយជាមួយគេ “អាឡូ! នរណាគេ? មានការអី? រកនរណាដែរ?” គឺច្បាស់ជាចោលលុយហើយ ច្បាស់ជាអតិថិជនខឹងដាច់ក្បាលដាច់កន្ទុយមិនខានទេ។ យើងត្រូវនិយាយថា “ជម្រាបសួរ! ខ្ញុំ លីម នីតា កំពុងនិយាយ។ តើលោកពូ/អ្នកមីងមានអ្វីអាចឱ្យខ្ញុំជួយបានទេ? អរគុណលោកពូ/អ្នកមីងដែលប្រើប្រាស់សេវាកម្មពួកយើង...” បើយើងនិយាយតែប៉ុណ្ណឹង ទោះបីអតិថិជនខឹងយើងប៉ុនណា​ក៏ពួកគាត់ត្រជាក់ចិត្តដែរ ហើយថ្ងៃក្រោយពួកគាត់ណែនាំសាច់ញាតិ ឬមិត្តភក្តិមកប្រើប្រាស់សេវាកម្មយើងទៀតក៏មាន។

ទី៥ កុំនិយាយវាយប្រហារកន្លែងការងារចាស់៖ នៅពេលអ្នកសម្ភាស​សួរសំណួរយើងថា “ហេតុអ្វីបានជាអ្នកឈប់ពីកន្លែងការងារចាស់?” សំណួរនេះ បើទោះបីយើងមិនពេញចិត្ត ឬស្អប់កន្លែងការងារចាស់ក៏ដោយ យើងមិនត្រូវឆ្លើយវាយប្រហារកន្លែងការងារចាស់ទេ ព្រោះ​បើយើងឆ្លើយវាយប្រហារកន្លែងការងារចាស់ នោះគេនឹងគិតថា បើយកយើងបម្រើការឱ្យគេ ថ្ងៃក្រោយយើងអាក់អន់ចិត្តនឹងគេ យើងនឹងនិយាយអាក្រក់ពីគេ ដូចដែលយើងនិយាយអាក្រក់ពីក្រុមហ៊ុនចាស់ដូច្នោះដែរ។ ដូច្នេះយើងត្រូវនិយាយលើកសរសេរកន្លែងការងារចាស់របស់យើង “កន្លែងការងារចាស់របស់ខ្ញុំល្អខ្លាំងណាស់ យកចិត្តទុកដាក់អំពីសុខទុក្ខបុគ្គលិកខ្លាំងណាស់។ ខ្ញុំមិនចង់លា​ឈប់ពីទីនោះទេ តែដោយសារខ្ញុំធ្វើការនៅទីនោះយូរដែរហើយ ទទួលបានបទពិសោធនិងចំណេះដឹងច្រើនណាស់ដែរហើយ ដូច្នេះខ្ញុំចង់​យក​ចំណេះដឹងនិងបទពិសោធទាំងនោះ មកចូលរួមអភិវឌ្ឍក្រុមហ៊ុនលោកពូ/អ្នកមីងម្ដង ម្យ៉ាងខ្ញុំក៏ចង់រៀននិងទទួលបទពិសោធថ្មីៗពីក្រុមហ៊ុនលោកពូ/អ្នកមីងផងដែរ។” គ្រាន់តែឮយើងនិយាយសរសើរកន្លែងការងារចាស់បែបនេះ គេឱ្យយើងជាប់សម្ភាសបាត់ទៅហើយ ព្រោះគេគិតថាយើងជាមនុស្សស្រឡាញ់ការងារ មានគំនិតចង់ចូលរួមអភិវឌ្ឍក្រុមហ៊ុនគេ និងជាមនុស្សមិនចូលចិត្តនិយាយអាក្រក់​ពីក្រោយខ្នង។

ទី៦ ឆ្លើយសំណួរប្រកបដោយភាពស្វាហាប់ និងសម្លឹងឱ្យចំកែវភ្នែកអ្នកសម្ភាស៖ នៅពេលអ្នកសម្ភាសសួរយើង យើងត្រូវឆ្លើយទៅគេដោយភាពស្វាហាប់ និងសម្លឹងឱ្យចំកែវភ្នែកអ្នកសម្ភាស ដើម្បីបញ្ជាក់​ប្រាប់គេថា យើងជាមនុស្សម៉ឺងម៉ាត់ ហ្មត់ចត់ ក្លាហាន និងមានការយកចិត្តទុកដាក់ខ្ពស់។ ម្យ៉ាងការនិយាយទៅកាន់នរណាម្នាក់ដោយភាពស្វាហាប់ រួមទាំងសម្លឹងចំកែវភ្នែកគេ គឺធ្វើឱ្យគេមានភាពកក់ក្ដៅ និងមានទំនុកចិត្តខ្ពស់មកលើយើង។

ទី៧ ការចរចាប្រាក់ខែ៖ ខ្ញុំធ្លាប់សម្ភាសបុគ្គលមួយចំនួន នៅពេលខ្ញុំសួរគាត់ថា “តើក្មួយចង់បានប្រាក់ខែប៉ុន្មាន?” គាត់ឆ្លើយថា “ប៉ុន្មាន​ក៏បានដែរ” ខ្ញុំសួរគាត់បញ្ជាក់ទៀតថា “តើក្មួយចង់បានប៉ុន្មាន?” គាត់នៅតែឆ្លើយថា “ស្រេចតែលោកពូ! លោកពូឱ្យខ្ញុំប៉ុន្មានក៏បានដែរ។” គ្រាន់តែឮគាត់ឆ្លើយដដែលៗបែបនេះ ខ្ញុំលែងចង់បានគាត់មកធ្វើការនៅក្រុមហ៊ុនខ្ញុំបាត់ទៅហើយ ព្រោះគាត់ជាមនុស្សគ្មានម្ចាស់ការ គ្មានឯករាជ្យភាព។ កុំឆ្លើយអ៊ីចឹងអី! យើងត្រូវក្លាហាន ត្រូវតែហ៊ានចរចាសុំប្រាក់ខែគេឱ្យខ្ពស់បន្តិចទៅ កុំស្រេច​លើ​គេផ្ដល់ឱ្យ ដល់ពេលបានប្រាក់ខែតិចតាំងមកអង្គុយអន់ចិត្ត តូច​ចិត្តតូចថ្លើមនោះ។ ដូច្នេះបើគេសួរថា “តើចង់បានប្រាក់ខែប៉ុន្មាន​ដែរក្មួយ?” យើងត្រូវឆ្លើយថា “កាលនៅកន្លែងការងារចាស់ ខ្ញុំបានប្រាក់ខែត្រឹមតែ៥០០ដុល្លារទេ តែមកទីនេះបើលោកពូមានចិត្តសន្ដោសឱ្យខ្ញុំ៦០០ដុល្លារ ឬ៦៥០ដុល្លារ ខ្ញុំសូមអរគុណលោកពូច្រើន។ ព្រោះរាល់ថ្ងៃខ្ញុំមានបន្ទុកច្រើន ពោលគឺខ្ញុំត្រូវរ៉ាប់រងការចំណាយក្នុងគ្រួសារផង ត្រូវរ៉ាប់រងលើការបង់ថ្លៃសិក្សាប្អូនផង និងត្រូវចំណាយលើថ្លៃព្យាបាលម្ដាយឈឺផង។” បើយើងចេះនិយាយបែបហ្នឹង គេកម្រថាមិនឱ្យប្រាក់ខែតាមការចរចារបស់យើងណាស់។

ទី៨ ចំណាប់អារម្មណ៍ក្រោយពេលសម្ភាសចប់៖ ក្រោយពេលសម្ភាស​ចប់យើងត្រូវតែសំពះអរគុណអ្នកសម្ភាសយើង ដោយនិយាយថា “ក្មួយសូមអរគុណលោកពូ/អ្នកមីង ដែលបានចំណាយពេលដ៏មានតម្លៃសម្ភាសខ្ញុំ។ ទោះបីជាប់ឬធ្លាក់ក៏ដោយ ក៏ខ្ញុំនៅតែទន្ទឹងរង់ចាំដំណឹងពីលោកពូ/អ្នកមីងយ៉ាងអន្ទះសា។ ប៉ុន្តែខ្ញុំសង្ឃឹមថា លោកពូ/អ្នកមីងនឹងផ្ដល់ឱកាសឱ្យខ្ញុំបានបម្រើការនៅក្នុងក្រុមហ៊ុនលោក​ពូ/អ្នកមីង...”៕

#MJQUP”

Screenshot (260)

យោងតាមចំណុចសំខាន់ៗខាងលើដែលឧកញ៉ាវេជ្ជបណ្ឌិត បានសរសេរនោះគឺអាចដាស់តឿនមនុស្សគ្រប់រូបសិក្សាតាមបានដែលវាអាចជាគ្រឹះសម្រាប់អ្នកចង់សម្ភាសការងារឲទទួលបានជោគជ័យផងដែរ៕