ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ វិធីសង្គ្រោះបឋមអ្នករលាកភ្លើងឬត្រូវភ្លើងឆាបឆេះ – Kalib9 ក្នុងស្រុក គន្លឹះ ជីវិតកម្សាន្ត យល់ដឹង | Pelklas

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ វិធីសង្គ្រោះបឋមអ្នករលាកភ្លើងឬត្រូវភ្លើងឆាបឆេះ

ឈានចូលមកកាន់ឆ្នាំ ២០២០ នេះ យើងឃើញថាមានករណីគ្រោះអគ្គីភ័យជាច្រើនបានកើតឡើង។ ហេតុការណ៍ទាំងនេះហើយដែលបង្កឲ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាច្រើនព្រមទាំងធ្វើឲ្យមនុស្សរងរបួសនិងប៉ះពាល់ដល់អាយុជីវិតផងដែរ។ បន្ទាប់ពីរងរបួសដោយសាររលាកឬត្រូវភ្លើងឆេះនោះគឺប្រជាពលរដ្ឋពុំទាន់យល់ដឹងនូវវិធីសង្គ្រោះបឋមនោះទេ។

យោងតាមហ្វេសប៊ុកផេករបស់ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានឈ្មោះថា MJQ University Press បានសរសេរទាក់ទងនឹង វិធីសង្គ្រោះបឋមអ្នករលាកភ្លើងឬត្រូវភ្លើងឆាបឆេះ ក្នុងហ្វេសប៊ុកថា៖

92843871_2835668749863578_6096756641321975808_o

"ប្រជាពលរដ្ឋគ្រប់រូបគួរតែចេះវិធីសង្គ្រោះបឋមជួយខ្លួនឯងឬអ្នកដទៃ នៅពេលរលាកដោយសារអ្វីមួយ ឬត្រូវភ្លើងឆាបឆេះជាដើម។ ហេតុអ្វីខ្ញុំនិយាយបែបនេះ? នោះក៏ព្រោះតែខ្ញុំឃើញអ្នកខ្លះនៅពេលត្រូវភ្លើងឆេះ គាត់មិនដឹងត្រូវធ្វើយ៉ាងម៉េចទេ គិតតែពីខំប្រឹងរត់ ដែលធ្វើឱ្យភ្លើងរឹតតែឆេះខ្លាំងលើសដើម។

នៅពេលមានភ្លើងឆាបឆេះខ្លួនប្រាណគេមិនឱ្យយើងរត់ទេ គឺគេឱ្យយើងឈប់នៅមួយកន្លែង ហើយផ្ដេកខ្លួនននៀលលើដី យកដៃខ្ទប់មុខកុំឱ្យឆេះមុខ ហើយស្រែកហៅឱ្យគេជួយ។ យើងននៀលខ្លួនលើដីដើម្បីឱ្យខ្លួនយើងទប់នឹងដីបំបាត់អុកស៊ីសែន បំបាត់ខ្យល់ ដើម្បីឱ្យភ្លើងឆាប់រលត់។ ចំណែកអ្នកដទៃវិញ នៅពេលឃើញនរណាត្រូវភ្លើង​ឆេះ ត្រូវយកក្រណាត់ឬដោះអាវទៅគ្របពីលើកន្លែងដែលត្រូវភ្លើង​ឆេះ​ឱ្យជិត ព្រោះភ្លើងវានឹងរលត់នៅពេលគ្មានខ្យល់ ឬគ្មានអុកស៊ីសែន។ ក្រោយពេលភ្លើងរលត់ហើយ បើរលាកដៃយើងត្រូវដោះចិញ្ចៀនចេញ តែបើរលាកលើខ្លួនយើងត្រូវដោះខ្សែក្រវាត់និងខោអាវ​ចេញ ពីព្រោះពេលរលាកភ្លើង ខ្លួនយើង ដៃយើង វាហើមនិងពងបែកលឿនណាស់។ ដូច្នេះពេលហ្នឹងយើងដោះចិញ្ចៀនអត់បានទេ ហើយខ្សែក្រវាត់ ខោអាវ ក៏ពិបាកដោះណាស់ដែរ។ ចំណែកក្រណាត់ដែលឆេះជាប់ស្បែក យើងកុំព្យាយាមទាញវាចេញអី ព្រោះវាអាចធ្វើ​ឱ្យ​ស្បែកជនរងគ្រោះរហែក ក្លាយទៅជាដំបៅ។ អ៊ីចឹងតើយើងត្រូវធ្វើម៉េច? យើងត្រូវយកកន្ត្រៃទៅកាត់ឬចៀរក្រណាត់ដែលជាប់ស្បែកនោះចេញ។ បន្ទាប់ពីដោះខ្សែក្រវាត់ ខោអាវ ចិញ្ចៀន និងចៀរក្រណាត់ចេញពីកន្លែងឆេះហើយ យើងត្រូវធ្វើរឿងមួយចំនួនទៀតទៅតាមកម្រិតនៃការឆេះ។

Managing Pain_0

ឆេះកម្រិតទី១ (ឆេះស្បែកស្រទាប់លើ) គេឱ្យយើងយកកន្លែងឆេះទៅត្រាំទឹក ឬបង្ហូរទឹករ៉ូប៊ីណេឱ្យវាហូរលើកន្លែងឆេះនោះ រហូតដល់លែងឈឺ។ ទឹកដែលត្រូវយកទៅត្រាំនោះ មិនត្រូវឱ្យក្ដៅពេក ហើយក៏មិនត្រជាក់ពេកដែរ ព្រោះវាអាចធ្វើឱ្យរបួសយើងឈឺលើសដើមនៅថ្ងៃក្រោយ ហើយថែមទាំងធ្វើឱ្យកោសិកាយើងខូចថែមទៀតផង។ លុះនៅពេលដកកន្លែងត្រូវភ្លើងឆេះចេញពីទឹករួចហើយ យើងនឹងឃើញរបួសឡើងពណ៌ក្រហម ឬឡើងពងបែក ពេលនោះយើងមិនត្រូវញេចវាទេ ព្រោះពងបែកហ្នឹងវាជួយការពារកុំឱ្យមេរោគចូល។ បើមេរោគចូល ខ្លួនយើងច្បាស់ជាចេញដំបៅពេញខ្លួនមិនខានទេ។ ជំហានបន្ទាប់នោះ យើងត្រូវយកវ៉ាសេលីនមកលាបពីលើកន្លែងឆេះនោះ គឺលាបមួយថ្ងៃ៣ទៅ៤ដងហើយលាបរហូតដល់ជាសះស្បើយ។

ប្រសិនបើឆេះកម្រិតទី២ (ឆេះដល់ស្រទាប់ស្បែកទី២) យើងត្រូវត្រាំខ្លួនយើងឬកន្លែងរលាកនឹងទឹកត្រជាក់ធម្មតារហូតដល់យើងបាត់ឈឺ។ ក្រោយពេលត្រាំទឹករួច យើងនឹងឃើញពងបែកជាច្រើននៅកន្លែងត្រូវភ្លើងឆេះឬរលាកនោះ ហើយបើឈឺខ្លាំងយើងត្រូវញ៉ាំថ្នាំកាត់បន្ថយការឈឺចាប់ដូចជា Motrim, Advill, Neocin និង Tylenol។ បន្ទាប់មក យើងត្រូវយកថ្នាំផ្សះដូចជា Bactrim និង Neosporin មកលាបពីលើមុខរបួសក្នុងមួយថ្ងៃ៣ដង ហើយយក​បង់រុំមុខរបួសមករុំពីលើរបួស។ ក៏ប៉ុន្តែ ប្រសិនបើយើងឃើញមុខរបួសឡើងពងបែកខ្លាំង ដែលអាចធ្វើឱ្យដំបៅរលួយ យើងត្រូវលេបថ្នាំផ្សះពីខាងក្នុងបន្ថែមទៀត។ ម្យ៉ាងយើងអាចយកប្រទាលកន្ទុយក្រពើមកលាបបន្ថែម ប៉ុន្តែបើគ្មានប្រទាលកន្ទុយក្រពើទេ យើង​យកឡេធម្មតា (Lotion) ដែលគ្មានក្លិនមកលាបមុខរបួសក៏បានដែរ។ យើងលាបវាដើម្បីកុំឱ្យក្ដៅពេក កុំឱ្យរលាកខ្លាំង និងដើម្បីឱ្យមុខរបួសមានសំណើម។ ផ្ទុយទៅវិញ យើងមិនត្រូវលាបប្រេងកូឡា ថ្នាំដុសធ្មេញ ឬរបស់របរអ្វីផ្សេងទៅតាមជំនឿអរូបិយនោះទេ ព្រោះវាគ្មានប្រសិទ្ធភាពឡើយ ហើយអាចនឹងបង្កការឈឺចាប់ឬគ្រោះថ្នាក់​លើសដើម។ មួយវិញទៀត ប្រសិនបើរលាកឬត្រូវភ្លើងឆេះនៅខាងក្រៅផ្ទះ ដោយគ្មានថ្នាំនិងឧបករណ៍ខាងលើជាប់នឹងខ្លួនទេ យើងត្រូវយកបង់រុំរបួសមករុំកន្លែងត្រូវភ្លើងឆេះនោះ បន្ទាប់មកត្រូវប្រញាប់ទៅព្យាបាលនៅមន្ទីរពេទ្យ។

Superficial Burn Surround_10848640

ក្នុងករណីរលាកឬឆេះដល់កម្រិតទី៣ (ឆេះខ្លោចដល់ស្បែកខាងក្នុងឬខ្លាញ់) យើងត្រូវដោះខោអាវ ខ្សែក្រវាត់ ឬរបស់របរដែលនៅជាប់នឹងខ្លួនដូចករណីឆេះកម្រិតទី១ និងទី២ដែរ បន្ទាប់មកយើងត្រូវត្រាំទឹករយៈពេល១០ទៅ១៥នាទី។ ប្រសិនបើមានក្រដាសឬក្រណាត់ស្អាតយើងត្រូវយកមកសង្កត់ពីលើមុខរបួសដែលត្រូវភ្លើង​ឆេះឬរលាកនោះ ទម្រាំយើងមានថ្នាំអីមកលាប។ កម្រិតទី៣នេះ ក៏មិនខុសពីកម្រិតទី១ និងទី២ដែរ ពោលយើងមិនត្រូវយកអ្វីផ្សេងៗ​មកលាបពីលើរបួសជាដាច់ខាត ព្រោះវាធ្វើឱ្យមេរោគចូល​លើសដើម ដែលធ្វើឱ្យឆាប់ដំបៅរលួយ។ យើងត្រូវយកថ្នាំ Bactrim និងថ្នាំ Neosporin ទៅលាបឱ្យអ្នករបួស រួចហើយត្រូវឱ្យគាត់លេបថ្នាំបញ្ចុះកម្ដៅ។ ប្រសិនបើអ្នករបួសអត់ស្រួលខ្លួន ឈឺខ្លាំង ដំបៅរលួយលើមុខរបួស យើងត្រូវឱ្យគាត់លេបថ្នាំផ្សះ។ មិនតែប៉ុណ្ណោះ យើងត្រូវឱ្យអ្នករបួសពិសាទឹកឱ្យបានច្រើន និងព្យួរសេរ៉ូមឱ្យគាត់ផងដែរ ដើម្បីកុំឱ្យគាត់បាត់បង់ជាតិទឹក ព្រោះបើបាត់បង់ជាតិទឹកគឺគ្រោះថ្នាក់ខ្លាំងណាស់។ ម្យ៉ាង ប្រសិនបើរលាកឬឆេះដល់កម្រិតទី៣ យើងត្រូវដាក់អ្នករបួសគេងឱ្យស្មើ ហើយឱ្យគាត់ដាក់ដៃជើងឱ្យខ្ពស់ជាងបេះដូង។ យើងអាចយកខ្នើយកល់ដៃជើងគាត់ឱ្យខ្ពស់ជាងបេះដូងរបស់គាត់ ដើម្បីកុំឱ្យសម្ពាធឈាមធ្លាក់មកធ្វើឱ្យហើម និងមានពងទឹក​លឿន។ បន្ទាប់មកទៀត យើងត្រូវយកក្រណាត់មានអនាម័យទៅរុំរបួសឱ្យគាត់ ចៀសវាងយកក្រណាត់គ្មានអនាម័យទៅរុំ ព្រោះវានាំឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរលើសដើម។ ប្រសិនបើរលាកឬឆេះខ្លាំង យើងមិនអាចព្យាបាលដោយខ្លួនឯងនៅផ្ទះបានទេ យើងត្រូវប្រញាប់បញ្ជូនអ្នករបួសទៅមន្ទីរពេទ្យដើម្បីព្យាបាលជាបន្ទាន់។

សូមជម្រាបថា ឱ្យតែរលាកភ្លើងឬត្រូវភ្លើងឆេះ គេតែងតែចាក់ថ្នាំតេតាណូស។ គេចាក់ដើម្បីការពារកុំឱ្យឆ្លងឬកើតជំងឺតេតាណូស ព្រោះមិនថាដែកឬថ្មមុត មិនថាឆ្កែខាំ និងមិនថាភ្លើងឆេះទេ វាតែងតែមានមេរោគចូលក្នុងសាព៌ាង្គកាយយើង ដែលធ្វើឱ្យយើងកើតជំងឺតេតាណូស។ មែនទែនទៅ យើងគួរតែចាក់ថ្នាំតេតាណូសក្នុងរយៈពេល១០ឆ្នាំម្ដង បើទោះបីជាពុំត្រូវភ្លើងឆេះ ដែកមុត ឬឆ្កែខាំក៏ដោយ៕"