ការធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធីផ្គូផ្គងលក្ខណៈគ្រួសាររបស់ Tik Tok នឹងអាចឲ្យឪពុកម្តាយធ្វើការជ្រើសរើសជម្រើសដែលល្អបំផុតក្នុងការណែនាំកូនៗអំពីការប្រើប្រាស់ Tik Tok!
រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ៖ Tik Tok ដែលជាកម្មវិធីវីដេអូទូរស័ព្ទឈានមុខគេ បានធ្វើការប្រកាសនៅថ្ងៃនេះអំពីការពង្រឹងគោលការណ៍ឯកជនភាពសម្រាប់ការប្រើប្រាស់ Tik Tok ជាលក្ខណៈគ្រួសារ ដល់ប្រទេសនានារួមមានប្រទេសកម្ពុជាផងដែរ។
នាពេលបច្ចុប្បន្ន ក្រុមគ្រួសារភាគច្រើនបានងាកទៅរកកម្មវិធីលើបណ្តាញអ៊ីនធើណេតដូចជា Tik Tok ជាដើម សម្រាប់កំសាន្ត ទទួលបានព័ត៌មាន និងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ ជាមួយនឹងកម្មវិធីផ្គូផ្គងលក្ខណៈគ្រួសារ ឪពុកម្តាយអាចគ្រប់គ្រងនិងតាមដានកូនៗរបស់ពួកគេនៅលើ Tik Tok បាន។ កម្មវិធីផ្គូផ្គងលក្ខណៈគ្រួសារ Tik Tok នេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អាណាព្យាបាល ហើយក៏ជាការចាប់ផ្តើមពង្រឹងលើសុខុមាលភាពឌីជីថល និងការអប់រំ សុវត្ថិភាពលើប្រព័ន្ធអនឡាញ។
កម្មវិធីថ្មីរួមមាន៖
ស្វែងរក៖ ធ្វើការគ្រប់គ្រងការស្វែងរកដោយផ្ទាល់ទៅលើមាតិកា អ្នកប្រើប្រាស់ ទ្រុងជ្រូក(#) ឬសំឡេងរបស់កូនៗ។
ផ្តល់យោបល់៖ កំណត់អ្នកប្រើប្រាស់ដែលអាចធ្វើការផ្តល់យោបល់ទៅលើវីដេអូរបស់កូនៗ (គ្រប់គ្នា មិត្តភក្តិ គ្មាន)។
រុករក៖ កំណត់អ្នកដែលអាចមើលឃើញគណនីរបស់កូនអ្នក ឯកជន (កំណត់អ្នកដែលអាចមើលឃើញគណនីបាន) ឬសាធារណៈ (គ្រប់គ្នាអាចមើលឃើញគណនីនិងផ្តល់យោបល់នៅលើវីដេអូ)។
ចូលចិត្តវីដេអូ៖ កំណត់អ្នកដែលមើលឃើញវីដេអូដែលកូនរបស់លោកអ្នកចូលចិត្ត។
Arjun Narayan ប្រធានផ្នែកទំនុកចិត្ត និងសុវត្ថិភាពរបស់ TikTok អាស៊ី ប៉ាស៊ីហ្វិក បាននិយាយថា៖ «វាតែងតែមានការលំបាកនៅពេលដែលឪពុកម្តាយនានាចង់តាមដានជីវិតលើប្រព័ន្ធឌីជីថលរបស់កូនៗ។ តាមរយៈការសហការជាមួយនឹងសហគមន៍ និងដៃគូឧស្សាហកម្ម ពួកយើងបានប្តេជ្ញាក្នុងការសម្របសម្រួលដល់ទំនាក់ទំនងនៅក្នុងគ្រួសារអំពីសុវត្ថិភាពលើប្រព័ន្ធអ៊ីនធើណេត។ កម្មវិធីផ្គូផ្គងលក្ខណៈគ្រួសារ Tik Tok ត្រូវបានបង្កើតឡើងក្នុងន័យជួយបង្កើនចំណេះដឹងសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងបង្ហាញបទពិសោធន៍ដែលសក្តិសមបំផុតសម្រាប់គ្រួសារ»។
ក្រៅពីកម្មវិធីផ្គូផ្គងគ្រួសារ ដែលអាចឲ្យឪពុកម្តាយភ្ជាប់គណនីរបស់ខ្លួនទៅនឹងគណនីរបស់កូនៗ ក៏មានកម្មវិធីមួយចំនួនផ្សេងទៀតដូចជាការគ្រប់គ្រងពេលវេលាអេក្រង់ ម៉ូដដាក់កំហិត ការផ្ញើសារចូលផ្ទាល់ ដើម្បីឲ្យអាណាព្យាបាលតាមដានលើសកម្មភាពប្រើប្រាស់ Tik Tok របស់កូនៗ។
ដើម្បីធានាឲ្យបានពីសុវត្ថិភាពលើការប្រើប្រាស់ Tik Tok បានពង្រឹងគោលការណ៍សុវត្ថិភាពនិងសុខុមាលភាពជាពិសេសដល់យុវជន។ ថ្មីៗនេះ Tik Tok បានបន្ថែមការណែនាំនិងឯកសារបន្ថែមទៀត ដើម្បីលើកកម្ពស់គំនិតវិជ្ជមានអំពីរាងកាយ និងលុបចោលមាតិកាដែលបង្កការស្អប់ខ្ពើមនិងរើសអើងគ្នា។ បន្ថែមពីនេះទៀត Tik Tok មិនអនុញ្ញាតិឲ្យមានការផ្ញើរូបឬវីដេអូនៅក្នុងសារឬការផ្តល់យោបល់ និងជាពិសេសនៅលើសារដែលសរសេរជាកូដ ព្រោះតាមការសិក្សាបានបង្ហាញឲ្យឃើញថា វាអាចជម្រុញដល់ការកើតមានការរំលោភបំពានផ្លូវភេទដល់កុមារ។
Tik Tok ក៏បានសហការជាមួយដៃគូលំដាប់ពិភពលោក ដើម្បីការពារការកេងប្រវ័ញ្ចលើកុមារ និងធ្វើការលុបចោលមាតិកា គណនី ព្រមទាំងរាយការណ៍ទៅកាន់មជ្ឈមណ្ឌលជាតិសម្រាប់ការបាត់ខ្លួននិងកេងប្រវ័ញ្ចកុមារ។ ការការពារកុមារតូចៗ ទាំងលើប្រព័ន្ធអនឡាញនិងក្រៅប្រព័ន្ធអនឡាញ គឺពិតជាមានសារៈសំខាន់ និងទាមទារឲ្យមានសហប្រតិបត្តិការរវាងភាគីជាច្រើនរួមមាន រដ្ឋាភិបាល និងអង្គការសុវត្ថិភាពកុមារជាដើម។ ហេតុនេះហើយ Tik Tok បានផ្តល់ការគាំទ្រដល់ការអនុវត្តន៍របស់ Voluntary Principles to Counter Online Child Sexual Exploitation and Abuse ដែលផ្តល់នូវក្របខ័ណ្ឌដែលគ្រប់ស្ថាប័នអាចអនុវត្តនិងឆ្លើយតបទៅនឹងការផ្លាស់ប្តូរអាកប្បកិរិយានិងការពារយុវជន។
សម្រាប់គ្រួសារដែលចង់ស្វែងយល់បន្ថែមអំពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ Tik Tok បានបង្កើតធនធានមួយចំនួនរួមមានមជ្ឈមណ្ឌលយុវជន គេហទំព័រឪពុកម្តាយ វីដេអូសុវត្ថិភាព ។ល។ Tik Tok នៅតែបន្តជម្រុញប្តេជ្ញាលើកកម្ពស់សុវត្ថិភាពនៅក្នុងសហគមន៍ ជាពិសេសសម្រាប់យុវជន និងបន្តបង្កើនធនធាន គោលការណ៍នានាដែលជាគោលដៅទទួលបានសុវត្ថិភាពខ្ពស់៕
អំពី TikTok
TikTok គឺជាទម្រង់វីដេអូខ្លីៗលើកម្មវិធីទូរស័ព្ទដ៏ឈានមុខគេ។ បេសកកម្មរបស់ពួកយើង គឺជំរុញឱ្យមានគំនិតច្នៃប្រឌិតថ្មី និងបង្កើតភាពសប្បាយរីករាយ។ TikTok មានការិយាល័យកណ្តាលនៅទូទាំងពិភពលោក រួមមាន ទីក្រុងឡុងដ៍ ឡូសអ៊ែនចឺឡេស ញូវយ៉ក ប៉ារីស ប៊ែកឡាំង ឌូបៃ ប៊ុមបៃ សិង្ហហ្គាពួរ ចាកាតា សេអ៊ូល និងតូក្យូ។ www.tiktok.com
ទំនាក់ទំនងសារព័ត៌មាន៖
Rachel Roberts
MSA Marketing Solutions
[email protected] +(855) 96 368 0826