ហេតុតែនឹកខ្លាំង! បុរសវៀតណាមម្នាក់ប្រថុយជីវិត ជិះទូកពោងឆ្ពោះទៅប្រទេសឥណ្ឌា ដើម្បីជួបមុខប្រពន្ធដែលបែកគ្នា ២ឆ្នាំមកហើយ

វៀតណាម៖ កាលពីថ្ងៃពុធ ទី២៣ ខែមីនាកន្លងទៅនេះ បុរសជនជាតិវៀតណាមម្នាក់ត្រូវទូកនេសាទថៃជួយសង្រ្គោះ បន្ទាប់ពីព្យាយាមឆ្លងសមុទ្រ Andaman ដើម្បីទៅស្វែងរកប្រពន្ធរបស់គាត់។ កងនាវាចរថៃបានទទួលរបាយការណ៍ពីប្រធានក្រុមអ្នកនេសាទអំពីការប្រទះឃើញទូកពោងតូចមួយនៅក្នុងសមុទ្រ Andaman ដែលមានចម្ងាយប្រហែល ៨០គីឡូម៉ែត្រពីច្រាំង។ នៅក្នុងទូកដ៏តូចមួយនេះមានបុរសម្នាក់ និងមានអីវ៉ាន់ ធុងទឹកស្ទើរតែទទេ រួមទាំងមីកញ្ចប់មួយចំនួន។ បុរសវៀតណាមម្នាក់នេះ មិនចេះនិយាយភាសាថៃ ឬអង់គ្លេសទេ ដូច្នេះអ្នកជួយសង្គ្រោះក៏បានសម្រេចចិត្តអូសទូករបស់គាត់ត្រឡប់ទៅកន្លែងសុវត្ថិភាពវិញ។

IMG_20220328_180343_024

ក្រោយមក គេបាននាំអ្នកបកប្រែជនជាតិវៀតណាមម្នាក់ ដើម្បីមកនិយាយជាមួយបុរសម្នាក់នោះ។ តាមពិតទៅបុរសនោះមានឈ្មោះ Ho Huang Hung គាត់កំពុងតែធ្វើដំណើរលើផ្ទៃទឹកតែម្នាក់ឯង ឆ្ពោះទៅកាន់ទីក្រុងបុមបៃ នៃប្រទេសឥណ្ឌា ដើម្បីស្វែងរកប្រពន្ធរបស់គាត់ ដោយគាត់បានបាត់ទំនាក់ទំនងជាមួយនាងកាលពីពីរឆ្នាំមុន ដោយសារជំងឺរាតត្បាតកូវីដ-១៩។ តាមការរៀបរាប់ពីដំណើររបស់បុរសវ័យ ៣៧ឆ្នាំរូបនេះបានឱ្យដឹងថា គាត់បានធ្វើដំណើរពីទីក្រុងហូជីមិញមកដល់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណាភូមិរបស់ប្រទេសថៃ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ រួចមានបំណងហោះហើរបន្តទៀតនៅថ្ងៃទី៥ ខែមីនា ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ប៉ុន្តែគាត់មានបញ្ហាក្នុងការធានាទិដ្ឋាការ ដូច្នេះមិនអាចធ្វើដំណើរបានឡើយ។ ដឹងបែបនេះភ្លាមលោក Ho Huang Hung បានធ្វើដំណើរទៅប៉ាតាយ៉ាជំនួសវិញ ហើយនៅពេលទៅដល់់ភ្លាម លោកបានទិញទូកពោកប្រវែង២.៥ម៉ែត្រមួយដែលមានពណ៌ខៀវ លាយលឿង រួចក៏ចាប់ផ្តើមធ្វើដំណើរនៅថ្ងៃទី៥ ខែមីនានោះតែម្ដង។

IMG_20220328_180340_765


ទោះជាយ៉ាងណាលោកបានចំណាយពេលរហូតដល់ទៅ១៨ថ្ងៃនៅលើសមុទ្រ ប៉ុន្តែលោកអាចធ្វើដំណើរបានតែ ៨០គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេរសមុទ្រថៃ។ ដោយឡែកបើក្រឡេកទៅមើលរយៈចម្ងាយដែលបុរសជនជាតិវៀតណាមម្នាក់នេះគ្រោងនឹងធ្វើដំណើរវិញ គឺមានចម្ងាយរហូតដល់ទៅជាង ២០០០គីឡូម៉ែត្រទើបទៅដល់ប្រទេសឥណ្ឌា ហើយបើគិតជាថ្ងៃវិញអាចនឹងត្រូវចំណាយប្រហែល ៦២៥ថ្ងៃឯណោះ។ ហេតុដូចនេះ ប្រសិនបើពុំមានអ្នកម្នាក់បានឃើញគាត់នៅពេលនេះទេ មិនដឹងថា ជីវិតរបស់គាត់នឹងទៅជាបែបណានោះទេ ព្រោះខណៈពេលនេះគាត់ស្ទើរតែអស់អាហារសម្រាប់ញុំាទៅហើយ៕

IMG_20220328_180337_595

 

ប្រភព៖ Oddity Central