ដឹងមូលហេតុហើយ!! ហេតុដែលចម្លាក់ព្រះថោងនាងនាគខ្មែរ សង់នៅបរទេសរួចទើបដឹកមកខ្មែរ នេះក៏ព្រោះតែ…

រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះបានបញ្ជាក់ប្រាប់ Sabay ច្បាស់ៗលម្អិតអំពីមូលហេតុ ដែលលើកឡើងមួយចំនួននៅលើបណ្ដាញសង្គមថា «ចម្លាក់ព្រះថោងនាងនាគខ្មែរ សង់នៅបរទេសរួចទើបដឹកមកខ្មែរចុះហេតុអ្វីមិនសង់នៅខ្មែរ និងខ្លះទៀតចម្អកថា Made in China» ចំពោះរូបចម្លាក់ព្រះថោងនាងនាគ ដែលជាអនិមិត្តរូបថ្មីមួយទៀតសម្រាប់តំណាងខេត្តព្រះសីហនុ ។

IMG_20220330_150623

ទាក់ទងនឹងការលើកឡើងខាងលើនេះ រដ្ឋបាលខេត្តព្រះសីហនុ បានបកស្រាយប្រាប់ Sabay ឱ្យដឹងថា មូលហេតុដែលរូបចម្លាក់ជាព្រះថោងនាងនាគខ្មែរ ដ៏ធំសម្បើមរៀបរាប់ពីកំណើតនគរខ្មែរ ត្រូវយកទៅសាងសង់នឹងតំឡើងនៅបរទេស ដោយសាររូបសំណាកនេះមានខ្នាត និងទំហំធំ ហើយធ្វើពីលោហធាតុនិងស្ពាន់ធ័រ ។ ដោយឡែក បច្ចុប្បន្ននេះ កម្ពុជានៅពុំទាន់មានសម្ភារៈ ឬឧបករណ៍បច្ចេកទេសគ្រប់គ្រាន់នៅឡើយទេសម្រាប់ស្មិត និងរំលាយវត្ថុធាតុ ដើម្បីសង់រូបសំណាកដ៏ធំសម្បើមមួយនេះបានទេ។

IMG_20220330_150603

រដ្ឋបាលខេត្តព្រះសីហនុបានបន្ថែមថា រូបសំណាក «ព្រះថោងនាងនាគ» គឺជាការរចនាស្ថាបត្យកម្មដោយស្នាដៃកូនខ្មែរ តែផលិតនៅបរទេស ដោយខ្នាត និងទំហំធំ ដែលនៅកម្ពុជាមិនមានរោងចក្រណាអាចផលិតបាន។

IMG_20220330_150527

សូមជម្រាបថា រូបបដិមាព្រះថោងនាងនាគ សាងពីស្ពាន់ រចនាដោយស្ថាបត្យករខ្មែរ និងបានផលិតនៅបរទេស ដែលជារូបបដិមាស្ពាន់ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា។ រូបបដិមាព្រះថោងនាងនាគនេះ សាងពីស្ពាន់ មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលមកុដ ២១ម៉ែត្រ តម្កល់់នៅលើបល្ល័ង្គកម្ពស់ ៦,៣៤ម៉ែត្រ នឹងឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគដែលមានអង្កត់ផ្ចិត ៩៩ម៉ែត្រ ដោយបែរព្រះភ័ក្រ្តឆ្ពោះទៅសមុទ្ររាម ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានៅឋានភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ។


IMG_20220330_150551

រូបសំណាក ព្រះថោងនាងនាគនេះ ជារូបសំណាកទី៣ ដែលរដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងរៀបចំលើកដាក់លើបល្ល័ងនៅរង្វង់មូល ព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ បន្ទាប់ពីរូបសំណាកបដិមាព្រះឧមា-មហេសូរ នៅរង្វង់មូលព្រះឧមា-មហេសូរ ស្ថិតនៅភូមិថ្មធំ ឃុំរាមស្រុកព្រៃនប់ និងរូបសំណាក សីហរាជមុខបី ដែលនៅខាងមុខរោងចក្រស្រាបៀអង្គរ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។ ចំពោះរាល់ការសាងសង់រូបចម្លាក់ដ៏អស្ចារ្យនេះឡើងត្រូវបានចំណាយដោយថវិកាជាតិ ដែលគម្រោងរូបសំណាកនេះក៏ជាផ្នែកមួយនៃគម្រោងផ្លូវទាំង៣៤ខ្សែ ដែលដឹកនាំស្ថាបនាដោយ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាហើយ បច្ចុប្បន្ន ក្រុមជាងបាន និងកំពុងរៀបចំតម្លើង រូបសំណាកព្រះថោងនាងនាគ ៕

IMG_20220330_150612

IMG_20220330_150536

IMG_20220330_150640

ប្រភព៖ Sabay