ស្រ្តីម្នាក់លែងលះជាមួយប្តី ព្រោះតែប្តីស្រលាញ់នាងខ្លាំងពេក និងមិនដែលឈ្លោះជាមួយនាងសូម្បីតែមួយដង

អារ៉ាប់រួម៖ ពិតជាប្លែកណាស់ ស្រ្តីម្នាក់បានសម្រេចចិត្តលែងលះជាមួយប្តីនាង បន្ទាប់ពីនាងបានរៀបការជាមួយគាត់អស់រយៈពេល ១ឆ្នាំ ព្រោះតែប្តីស្រលាញ់នាងខ្លាំងពេក មិនដែលឈ្លោះជាមួយនាងសូម្បីតែមួយដង។

IMG_20220406_183246

ជាក់ស្តែង ស្រ្តីខាងលើជាអ្នករស់នៅក្នុងប្រទេសអារ៉ាប់រួម នាងពិតជាធ្វើឱ្យគ្រប់គ្នាហួសចិត្តណាស់ ក្រោយពីនាងបានទៅតុលាការដើម្បីដាក់ពាក្យសុំលែងលះប្តី ព្រោះប្តីនាងស្រលាញ់នាងខ្លាំងពេក ថែមទាំងជួយធ្វើកិច្ចការផ្ទះទៀតផង។

ស្រ្តីម្នាក់នេះបានប្រាប់តុលាការថា៖ គាត់មិនដែលស្រែកដាក់ខ្ញុំ ឬក៏ធ្វើឱ្យខ្ញុំអន់ចិត្តនោះទេ។ គាត់ស្រលាញ់ខ្ញុំខ្លាំងពេក រហូតដល់ខ្ញុំទ្រាំនៅជាមួយគាត់មិនបាន។ គាត់ថែមទាំងជួយធ្វើកិច្ចការផ្ទះឱ្យខ្ញុំថែមទៀត។

IMG_20220406_183302

ក្រៅពីនេះ ស្រ្តីរូបនេះបានរៀបរាប់បន្ថែមទៀតថា៖ នៅថ្ងៃមួយ ខ្ញុំបានរករឿងគាត់ ប៉ុន្តែប្តីខ្ញុំបែរជាមិនខ្វល់នោះទេ ហើយថែមទាំងអត់ទោសឱ្យខ្ញុំ និងទិញកាដូឱ្យខ្ញុំថែមទៀត។

ស្រ្តីម្នាក់នេះបានពន្យល់ទៀតថា៖ ខ្ញុំត្រូវការការពិភាក្សាគ្នាដ៏ពិតប្រាកដ បើទោះបីជាឈ្លោះគ្នាក្តី មិនមែនបុរសដែលចេះតែស្តាប់បង្គាប់ខ្ញុំគ្រប់យ៉ាងនោះទេ។


យ៉ាងណាមិញ នៅពេលឡើងតុលាការ ខាងប្តីក៏បានប្រាប់ចៅក្រមថា គាត់មិនបានធ្វើអ្វីខុសនោះទេ ពោលគឺ គាត់គ្រាន់តែចង់ធ្វើជាស្វាមីដ៏ល្អឥតខ្ចោះនិងចិត្តល្អម្នាក់តែប៉ុណ្ណោះ។ ប៉ុន្តែជាអកុសល ភាពល្អឥតខ្ចោះរបស់គាត់បែរជាធ្វើឱ្យប្រពន្ធទាមទារលែងលះគ្នាទៅវិញ។

IMG_20220406_183321

បន្ថែមពីនេះទៀត ខាងប្តីក៏បានរៀបរាប់ទៀតថា មានម្តង ប្រពន្ធគាត់បានត្អូញត្អែរអំពីទម្ងន់គាត់ ថាគាត់ធាត់ខ្លាំងណាស់។ ខាងប្តីមិនបានខឹងនោះទេ ផ្ទុយទៅវិញបែរជាចាប់ផ្តើមធ្វើលំហាត់ប្រាណ និងតមអាហារដើម្បីស្រកគីឡូដើម្បីតម្រូវចិត្តប្រពន្ធទៀតផង។

យ៉ាងណាមិញ ខាងតុលាការក៏ផ្អាកករណីមួយនេះមួយរយៈសិន ដើម្បីឱ្យភាគីសងខាងមានឱកាសដើម្បីផ្សះផ្សាគ្នាជាមុនសិន។

IMG_20220406_183334

រឿងរ៉ាវមួយនេះបានល្បីពេញអ៊ីនធើណេត ហើយករណីមួយនេះពិតជាធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ហើយក៏ហួសចិត្តទៅនឹងខាងប្រពន្ធម្នាក់នេះណាស់ដែរ។ មានអ្នកប្រើប្រាស់បណ្តាញសង្គមនារីៗមួយចំនួនបានបញ្ចេញមតិថា បើនារីជាប្រពន្ធមិនពេញចិត្តនឹងប្តីម្នាក់នោះទេ ទុកឱ្យប្តីនោះទៅគេទៅ ព្រោះគេរកតែប្តីល្អបែបនេះមិនបានផង៕