ហ្វេសប៊ុក៖ ដូចដែរប្រិយមិត្តអ្នកអានបានជ្រាបច្បាស់រួចទៅហើយថា វាសនាមនុស្សម្នាក់ពិតជាមើលមិនឃើញនោះទេ មានអ្នកខ្លះប្រែពីក្រទៅជាមាន និងខណៈអ្នកខ្លះទៀតពីមានធ្លាក់ខ្លួនមកក្រភ្លាមៗត្រឹមមួយប៉ព្រិចភ្នែក។ យ៉ាងណាមិញ បើក្រឡេកទៅលើខ្សែជីវិតរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីប៉ុន្មានឆ្នាំមុន លោកត្រឹមជាពលករធ្វើការនៅប្រទេសកូរ៉េម្នាក់តែប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃនេះ លោកមិនត្រឹមតែមានទ្រព្យសម្បិត្តិស្ដុកស្ដម្ភ និងមានគ្រួសារដ៏មានសុភមង្កលនោះទេ លោកថែមទាំងមានទាំងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ និងមានងារជា អ្នកឧកញ៉ា ថែមទៀតផង។
ក្នុងពេលកន្លងមកគេសង្កេតឃើញថា អ្នកឧកញ៉ារូបនេះ តែងតែផ្ដល់នូវក្ដីសុខឱ្យគ្រួសាររបស់ខ្លួនជានិច្ច ដោយការធ្វើជាស្វាមីដ៏ល្អ និងធ្វើជាប៉ាៗដ៏ល្អសម្រាប់កូនជាទីស្រលាញ់។ ទោះយ៉ាងណាមិនមែនត្រឹមតែភរិយា ឬកូននោះទេដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា យកចិត្តទុកដាក់ ស្រលាញ់ និងមើលថែ ពោលគឺអ្នកឧកញ៉ាតែងតែគិតគូពីអ្នកមានគុណជានិច្ច។ ជាក់ស្ដែង នៅខណៈពេលដែលថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ កាន់តែខិតជិតមកដល់ហើយនោះ អ្នកឧកញ៉ា ក៏បាននាំភរិយា និងកូន ជិះឧទ្ធម្ភាគចក្រ យកលុយជូនលោកមានគុណ ព្រមទាំងបានទៅអុជធូបនៅផ្នូរអ្នកម្តាយទៀតផង។
នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនថា៖ “ឆ្លៀតពេលមួយម៉ោងជូនគ្រួសារ និងកូន ទៅជូនពរលោកឪពុក និងអុជធូបជូនអ្នកម្ដាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីប្រញាប់មកបន្តការងារវិញ”។ ជាមួយនឹងការបង្ហោះនូវខ្លឹមសារខាងលើនេះ ក៏មានមហាជនជាច្រើនបានចូលរួមបញ្ចេញមតិយោបល់ជូនពរ ឱ្យក្រុមគ្រួសាររបស់អ្នកឧកញ៉ាជួបប្រទះតែសេចក្ដីសុខចំរើន តរៀងទៅ៕
ប្រភព៖ ហ្វេសប៊ុក