ហួសចិត្ត! ឡានបើកទៅបុកទំលុះចំហៀងផ្ទះ បែរជានាំគ្នាអង្គុយលេងបៀរធ្វើព្រងើយ

ចិន៖ កាលពីពេលកន្លងទៅនេះ មានរថយន្ដមួយគ្រឿងបានបើកទៅបុកទំលុះចំហៀងផ្ទះ បែរជាមនុស្សដែលនៅក្នុងផ្ទះនាំគ្នាអង្គុយលេងបៀរធ្វើព្រងើយទៅវិញ ខណៈហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Sichuan ប្រទេសចិន។

Image_2022 05 02_11 39 59 (2)

ប្រភពបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ មានរថយន្ដមួយគ្រឿងម៉ាក BMW បានបើកទៅបុកទំលុះចំហៀងជញ្ចាំងផ្ទះរបស់ប្រជាជនម្នាក់ ដែលបណ្ដាលឲ្យខូចខាតផ្នែកផ្ទះបាយ។ ប៉ុន្ដែមិនបានបង្កគ្រោះថ្នាក់ទៅដល់មនុស្សដែលនៅក្នុងផ្ទះនោះឡើយ។

យោងតាមវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម Weibo បង្ហាញឲ្យឃើញថា ក្រោយពីរថយន្ដនោះបានបើកទៅបុករួចមក មនុស្សជាច្រើនដែលនៅក្នុងផ្ទះ កំពុងអង្គុយលេងបៀរធ្វើព្រងើយ និងមិនចាប់អារម្មណ៍អ្វីទាំងអស់។ បុរសវ័យចំណាស់ម្នាក់បាននិយាយថា៖ «ខ្ញុំមិនចាប់អារម្មណ៍ទៅលើអ្វីដែលបានកើតឡើងនោះទេ។»


Image_2022 05 02_11 40 13 (2)

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើនេះ គេមិនដឹងច្បាស់ទេថា មូលហេតុនៃការបុកនេះបណ្ដាលមកពីអ្វី និងក្រោយពីកើតហេតុរួច ម្ចាស់ផ្ទះនឹងដោះស្រាយជាមួយម្ចាស់រថយន្ដបែបណានោះទេ។

ទន្ទឹមនឹងនេះ ក៏មានមហាជនជាច្រើនបានសម្ដែងនូវការហួសចិត្តនិងអស់សំណើចយ៉ាងខ្លាំងចំពោះសកម្មភាពលេងបៀររបស់ពួកគេផងដែរ៕

Image_2022 05 02_11 40 07 (2)