MV បទ «អារម្មណ៍»​ របស់ ​ឱក ​សុគន្ធកញ្ញា ​កំពុង​ត្រូវ​ចិត្ត​ ចំពោះ​អ្នកមាន​វិបត្តិ​ស្នេហា!

MV បទ «អារម្មណ៍»​ របស់ ​ឱក ​សុគន្ធកញ្ញា ​កំពុង​ត្រូវ​ចិត្ត​ ចំពោះ​អ្នកមាន​វិបត្តិ​ស្នេហា!

 

(ភ្នំពេញ)៖ តារាចម្រៀងស្រីជួរមុខប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធ កញ្ញា ត្រូវបានគេសម្គាល់ឃើញថា នៅតែក្ដោបក្ដាប់ប្រជាប្រិយភាពពេញដៃ ពីសំណាក់ទស្សនិកជនដដែល បើទោះបីជាកន្លងមកធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហា ជាមួយនឹងប្អូនប្រុសរបស់ថៅកែហង្សមាសក្ដី ប៉ុន្តែតារាវ័យ ៣០ ឆ្នាំ រូបនេះ តែងតែមានទីផ្សារសិល្បៈជានិច្ច ខណៈចម្រៀងតែងតែបញ្ចេញជាបន្តបន្ទាប់។ ជាក់ស្ដែង ផលិតកម្មហង្សមាស បានចេញចម្រផងថ្មីមួយបទទៀត មានចំណងជើងថា «អារម្មណ៍» បានចេញជាផ្លូវការហើយ កាលពីយប់មិញនេះ ដែលអត្ថន័យកំពុងចាក់ដោតអ្នកមានវិបត្តិស្នេហា អ្នកដែលកំពុងមានស្នេហា ប៉ុន្តែគេមិនអាចបំភ្លេចអ្នកចាស់បាន ពោលគឺ បង្កប់ទៅដោយរាប់លានអត្ថន័យ ពិតជាលន្លង់លន្លោចណាស់។

ជាការពិត «អារម្មណ៍» គឺជាការចូលរួមសម្ដែងផ្ទាល់ ដោយ ឱក សុគន្ធកញ្ញា ហើយបទចម្រៀងមួយនេះក៏រៀបរាប់ អំពីគូស្នេហ៍មួយគូ ដែលស្រឡាញ់គ្នាខ្លាំង ប៉ុន្តែចុងក្រោយ ភាគីបុរស នៅតែវិលត្រឡប់ទៅរកអ្នកចាស់ បើទោះបីជាការស្រឡាញ់នោះ ធំធេង មិនអាចគណនា។ ប៉ុន្តែតួស្រីនៅក្នុងចម្រៀងមួយបទនេះ គ្មានសិទ្ធ ហាមឃាត់ឲ្យមនុស្សដែលខ្លួនស្រឡាញ់ មិនឲ្យត្រឡប់ទៅរកសង្សាចាស់ នោះទេ។ ចុងក្រោយ បន្សល់ត្រឹមក្ដីឈឺចាប់ និង ដំបៅបេះដូង ដែលមិនអាចព្យាបាលបាន មានតែពេលវេលា មួយគត់ អាចព្យាបាលអាការៈជំងឺស្នេហានេះបាន។

គួរបញ្ជាក់ថា ម្ចាស់បទ «អារម្មណ៍» កញ្ញា ឱក សុគន្ធ កញ្ញា កំពុងទទួលបានការគាំទ្រខ្លាំង ពីសំណាក់មិត្តយុវវ័យ មិនថាបទមនោសញ្ចេតនា បទបែបកន្រ្ទាក់អារម្មណ៍ និង បទបែបលំនាំដើម គណៈកម្មការប្រចាំកម្មវិធី T«he Voice Cambodian» រូបនេះ អាចធ្វើបានគ្រប់ទម្រង់ ដែលជាហេតុធ្វើឲ្យនាង អាចទាក់ទាញការចាប់អារម្មណ៍ខ្លាំង ពីមហាជន ខណៈមកទល់នឹងពេលនេះ នាងប្រឡូកចូលសិល្បៈ ប្រមាណរយៈពេល ជាង ១០ ឆ្នាំមកហើយ។

តោះកុំឲ្យខាតពេលយូរ! ចង់ដឹងថា «អារម្មណ៍» របស់ ឱក សុគន្ធ កញ្ញា មានអត្ថន័យចាក់ដោត ចំពោះអ្នកមានវិបត្តិស្នេហា ឬយ៉ាងណានោះ សូមទស្សនាវីដអូ ដូចខាងក្រោម៖

ប្រភព : khmertalking

Loading...