ខឹងខុសខឹងខូចខឹងខាត! និទានអំពីកំហឹងមួយនេះនឹងធ្វើឱ្យអ្នកភ្ញាក់ខ្លួនបាន

 

កំហឹងគឺជាធម្មជាតិមួយដែលអ្នកណាៗក៏សុទ្ធតែបានជួបប្រទះនៅក្នុងជីវិតដែរ គ្រាន់តែថាអ្នកខ្លះចេះពិវិធីគ្រប់គ្រងវា និងអ្នកខ្លះមិនអាចទប់ស្កាត់កំហឹងនោះបាន រហូតបណ្តោយឱ្យវាបែកខ្ចាយតាមរយៈអារម្មណ៍មួយឆាវៗទៅវិញ។

ត្រូវចាំថាកំហឹងមិនអាចឱ្យអ្នកទទួលបានអ្វីមកវិញនោះទេ ផ្ទុយទៅវិញកំហឹងឆេវឆាវមួយគ្រាៗដោយគ្មានគិតពិចារណារបស់អ្នកនោះ នឹងធ្វើឱ្យអ្នកអាចនឹងធ្វើអ្វីខុសឆ្គងដោយមិនដឹងខ្លួន អាចនឹងសម្រេចចិត្តខុស ឬក៏អាចនិយាយពាក្យសម្តីដែលមិនសមគួរនឹងនិយាយ ហើយនៅពេលដែលកំហឹងរបស់អ្នករលត់បាត់អស់ វាអាចនឹងធ្វើឱ្យអ្នកមានសេចក្តីសោកស្តាយក៏ថាបានដែរ។

ដូចពាក្យចាស់ថា ខឹងខុស ខឹងខូច ខឹងខាត ហើយកំហឹងមួយនេះនឹងអាចធ្វើឱ្យប៉ះពាល់ដល់ជីវិតរស់នៅរបស់អ្នក អាជីពការងារ មិត្តភាពជាមួយនឹងអ្នកជុំវិញខ្លួន និងចំពោះមនុស្សជាទីស្រលាញ់ជាដើម។

ដូច្នេះមនុស្សគ្រប់រូបមិនគួរបញ្ចេញកំហឹងផ្តេសផ្តាសដោយគ្មានការពិចារណានោះទេ ចូរប្តូរទស្សនៈ និងព្យាយាមខាំមាត់សង្កត់ចិត្តខ្លួនឯងឱ្យបានច្រើនដើម្បីហាមប្រាមកំហឹងមួយនេះ។

ថ្ងៃនេះយើងខ្ញុំនឹងលើកយករឿងនិទានមួយដើម្បីផ្តល់ជាទស្សនៈឱ្យអ្នកពិចារណាមើលថា តើអ្នកគួរតែទប់កំហឹងរបៀបណា៖

កាលពីព្រេងនាយព្រះពុទ្ធអង្គម្ចាស់បានយាងនិមន្តបិណ្ឌបាតដល់ភូមិមួយ ស្រាប់តែបានជួបនឹងបុរសវ័យក្មេងម្នាក់ដែលកំពុងតែមានកំហឹងក្នុងខ្លួន។ ពេលនោះបុរសវ័យក្មេងនោះបាននិយាយពាក្យសម្តីប្រមាថមើលងាយទៅកាន់ ព្រះពុទ្ធជាអង្គម្ចាស់ថា៖

« តើអ្នកឯងជាអ្នកណា? បានជាហ៊ានប្រៀបប្រដៅ និងបង្កើតទ្រឹស្តីជាច្រើនអប់រំមនុស្សនៅក្នុងលោក? បើតាមមើលទៅ អ្នកឯងគ្រាន់តែជាមនុស្សធម្មតាៗដូចគេដូចឯង ហើយគ្រាន់តែជាជនដែលឆោតល្ងង់ល្ងីល្ងើរម្នាក់តែប៉ុណ្ណោះ មនុស្សគ្រប់គ្នាសុទ្ធតែចាញ់បោកអ្នកឯង»

នៅពេលនោះព្រះពុទ្ធជាម្ចាស់មិនបានមានចិត្តខឹង ឬគុំគួនទៅកាន់បុរសវ័យក្មេងនោះទេ ទ្រង់បានតបទាំងញញឹមទៅកាន់បុរសវ័យក្មេងថា៖

« អាត្មាចង់សួរទៅកាន់ញោមថា ប្រសិនជាញោមចង់ជូនកាដូ ឬរង្វាន់ទៅកាន់នរណាម្នាក់ ហើយជននោះមិនទទួល តើកាដូនោះនឹងក្លាយទៅជារបស់អ្នកណា? »

បុរសវ័យក្មេងក៏តបថា៖

« ប្រាកដជារបស់ខ្ញុំដដែលហើយ »

ភ្លាមៗនោះព្រះពុទ្ធជាម្ចាស់បានទូន្មានថា៖

« ឃើញទេ វាមិនខុសអីពីការប្រមាថមើលងាយរបស់ញោមមកកាន់អាត្មាទេ ប្រសិនជាអាត្មាមិនតបត មិនទទួលស្គាល់អ្វីដែលញោមវាចានោះ រាល់ពាក្យសម្តី និងកំហឹងនោះនៅតែជារបស់ញោមដដែល។

ពេលដែលអាត្មាមិនតបត មិនប្រកាន់ទោស អាត្មាមិនបានមានកំហឹង ឬមានសេចក្តីក្តៅក្រហល់ក្រហាយនោះទេ។ ផ្ទុយទៅវិញ ញោមខ្លួនឯងទេ ដែលមានតែកំហឹងពុះពោរនៅក្នុងខ្លួនដដែល។

ញោមត្រូវដឹងថា ប្រសិនជាញោមមានកំហឹង ឬនិយាយស្តីទាំងកំហឹង គឺខ្លួនញោមទេដែលមានតែក្តីក្រហាយក្នុងខ្លួន តែបើញោមមានចិត្តស្រលាញ់ ក្តីមេត្តា ករុណា នឹងមិនប្រកាន់ទោសនោះទេ មនុស្សគ្រប់គ្នារួមទាំងញោម ជាពិសេសពិភពលោកទាំងមូលនឹងមានតែភាពរីករាយតទៅ »។

ក្រោយពីបានស្តាប់សង្ឃដីការបស់ព្រះពុទ្ធជាម្ចាស់ហើយ បុរសវ័យក្មេងក៏បានភ្ញាក់រឮក និងភ្លឺភ្នែកយ៉ាងច្បាស់ ហើយមានសេចក្តីស្តាយក្រោយចំពោះទង្វើខ្លួនឯងជាខ្លាំងឥតឧបមា៕

ប្រភព៖ កវីលាក់ស្នេហ៍-ប្រលោមលោក