ប្រវត្តិនៃរូបសំណាកដំរីជាន់ខ្លាខេត្តកំពង់ធំ – Kalib9 ប្រវត្តិសាស្រ្ត | Pelklas

ប្រវត្តិនៃរូបសំណាកដំរីជាន់ខ្លាខេត្តកំពង់ធំ

បើធ្វើដំណើរតាមផ្លូវជាតិលេខ៦ ពីភ្នំពេញមកខេត្តកំពង់ធំ មុននឹងឃើញទិដ្ឋភាពទីរួមខេត្តកំពងធំ គេឃើញរូបសំណាកដំរីជាន់ខ្លាស្ថិតខាងស្តាំដៃក្នុងសួនច្បារមួយមានរាងច្រមុះជ្រូក។​ មានពាក្យដំណាលតៗគ្នាអំពីរូបសំណាក់ដំរីជាន់ខ្លានេះកសាងឡើងនៅឆ្នាំ១៩៦៥ ដោយសិល្បៈករនៃមហាវិទ្យាល័យសូនរូបនៃសាលារចនាក្រោមការណែនាំរបស់លោក ពូ​ តុងហាវ អតីតអភិបាលខេត្តកំពង់ធំកាលពីជំនាន់នោះ។

Statue 620

រូបសំណាកដំជាន់ខ្លាមានចំនុចសំខាន់ពីរយ៉ាង៖

  • អត្ថន័យទី១ ជាប្រវត្តិភូមិសាស្រ្ត របស់ខេត្ត
  • អត្ថន័យទី២ ជាជំនឿក្នុងចលនាអក្សរសិល្បិ័ព្រហ្មនិយម។

រូបសំណាកដំរីជាន់ខ្លានេះ ធ្វើពីស៊ីម៉ង់ត៍លាបពណ៌ខ្មៅមានកំពស់ និងទំហំប៉ុនគ្នា និងដំរីធនមធ្យមមួយឈរលើកំរាលស៊ីម៉ងត៍ដ៏ក្រាស់។ ជើងមុខខាងស្តាំជាល់លើពោះសត្វខ្លាដែលដេកផ្ងារហើយជើងខ្លាទាំងបួនស្រវ៉ាចាប់ជើងដំរីជាប់ស្អិតរបៀបដូចកំពុងប្រយុទ្ធគ្នា មានសត្វខ្លាមួយទៀតមកទំលើខ្នងដំរីហែកស៊ីជាអាហារធ្វើឲ្យដំរីនេះភិតភ័យបាត់បង់ម្ចាស់ការក្នុងការប្រយុទ្ធជាមួយខ្លាមួយគូរនេះ ដោយបែរមុខធ្លោទៅទិសនិរតីក្នុងអាការៈស្លន់ស្លោរពន់ប្រមាណ។​

ខេត្តកំពង់ធំប្រកបដោយវិសាលភាពធំធេងសំបូរទៅដោយធនធានធម្មជាតិដូចជាព្រៃឈើ បឹង ស្ទឹង ព្រៃភ្នំ ក្រំថ្ម ប្រាសាទបុរាណពាសពេញក្នុងតំបន់។ជាមួយគ្នានោះដែរក៏សំបូរទៅដោយសត្វចតុប្បាទ និងសត្វស្លាបច្រើនសន្ធិកសន្ធាប់រស់នៅ មានដំរីនិងខ្លា គោព្រៃក៏ជាប្រភេទសត្វសំបូរខ្លាំងណាស់ដែរ។

អត្ថន័យមួយទៀត​ រូបសំណាកនេះធ្វើឡើងដើម្បីបំរើដល់ចលនាអក្សរសិល្បិ៍របស់អ្នកនិពន្ធវាល្ទិកិជាមហាអ្នកប្រាជ្ញជនជាតិឥណ្ឌាដែលបាននិពន្ធរឿងរាមាយនៈ (រឿងរាមកេរ្តិ័) ដើម្បីប្រារព្ធដល់ជំនឿនៃព្រហ្មញ្ញសាសនា សតវត្សកន្លងមក។

ដំររីជាន់ខ្លានេះជារូបសំណាកដែលដកស្រងយកសកម្មភាពរបស់តួអង្គឥន្ទជិតបុត្ររបស់ក្រុងរាពណ៍ដែលធ្វើសង្រ្គាមជាមួយព្រះរាមនិងព្រលក្សណ៍។​

បន្ទាប់ពីបរាជ័យគ្រប់សមរភូមិរបស់ព្រះចៅក្រុងលង្កាបានចាត់តាំងកូនប្រុសរបស់ខ្លួនឈ្មោះ ឥន្ទជិតឲ្យដឹកនាំពលយក្សដ៏ច្រើនមហិមាទៅប្រយុទ្ធជាមួយព្រះរាមនិងព្រះលក្សណ៍។ការប្រយុទ្ធគ្នាលើលនេះក្រុងឥន្ទជិតក៏ត្រូវទទួលបរាជ័យខ្លាំងទៀត ពលសេនាយោធាក៏ស្លាប់វិនាសអន្តរាយស្ទើរតែងអស់។

ឃើញដូច្នេះឥន្ទជិតក៏ប្រើឧបាយកលក្លែងខ្លួនជាដំរីដ៏ធំមហិមាហាក់ដូចជាចុះមកពីដ្ឋានព្រះព្រហ្មដោយមានក្បួនដង្ហែរយ៉ាងគគ្រឹកគ្រែង ដើម្បីបង្ហាញឲ្យគូរសត្រូវរបស់ខ្លួនកោតស្ញប់ស្ញែងបាក់ខ្លាចឬទ្ធីបារមីរបស់ខ្លួន។

ស្វាហនុមានបានដឹងពីឧបាយកលនេះក៏ក្លែងខ្លួនជាសត្វខ្លាមួយនិងឲ្យស្វាឈ្មោះអង្គត់ក្លែងខ្លួនជាខ្លាធំមួយដែរដើម្បីចូលតតាំងជាមួយដំរីឥន្ធជិននេះ។ ដំរីឃើញខ្លាតែមិនស្គាល់ជាខ្លាហនុមាន ​ក៏លើកជើងបំរុងជាន់កំទេចឲ្យសូន្យជីវិតប៉ុន្តែខ្លាហនុមាន បានស្រវាជើងទាំងពីររបស់ដំរីឥន្ធជិតជាប់ធ្វើឲ្យវាបាត់ម្ចាស់ការក្នុងការប្រយុទ្ធទាំងស្រុង។

ពេលនោះស្វាអង្គត់ដែលបំលែងខ្លួនជាខ្លាមួយទៀត បានលោតជិះលើខ្នងដំរីរួចក៏ខាំកកេរដាច់សាច់ទាំងដុំៗធ្វើឲ្យវាមានការឈឺចាប់យ៉ាងខ្លាំងស្រែក​រោរិ័រំពងព្រៃប្រឹងរើបំរះកមិនរួចឡើយ។ឆ្លៀតឪកាសនោះព្រះរាមក៏លើកធ្នូសរបាញ់លាន់ដូចរន្ទះត្រូវដំរីឥន្ធជិត ស្លាប់ពេលនេះទៅ៕

ប្រភព៖​ មន្ទីរទេសចរណ៍ ខេត្តកំពង់ធំ