១០ឆ្នាំទៀត បើចេះតែបណ្តោយខ្លួនផ្តេសផ្តាស និងចំណាយពេលអត់ប្រយោជន៍ ​អ្នកនឹងស្តាយក្រោយរឿងទាំង ៩យ៉ាងនេះមិនខាន!

មានរឿងជាច្រើនដែលមនុស្សមួយចំនួនមិនបានធ្វើនៅក្នុងជីវិត ឬបានធ្វើហើយ តែបែរជាស្តាយក្រោយនូវទង្វើររបស់ខ្លួនឯងទៅវិញ។ ការភ្ញាក់រលឹកនូវទង្វើដែលខ្លួនធ្លាប់ប្រព្រឹត្តិ មានអ្នកខ្លះក៏បានដឹងខ្លួនទាន់ពេលវេលា តែពេលខ្លះត្រូវចំណាយពេលរាប់ខែ ឬឈានទៅដល់ឆ្នាំទម្រាំតែដឹងខ្លួនថាអ្វីដែលខ្លួនឯងបានធ្វើពិតជាខុស។

ដូច្នេះយើងខ្ញុំនឹងបង្ហាញនូវរឿងធំៗទាំង ៩ យ៉ាងដែលអ្នកនឹងដឹងខ្លួនថាស្តាយក្រោយនៅរយៈពេល១០ឆ្នាំទៅមុខទៀតប្រសិនជាអ្នកនៅបន្តធ្វើរឿងឥតប្រយោជន៍៖

១. ភ្ជាប់ទំនាក់ទំនងជាមួយរឿងដែលបំផ្លាញខ្លួនឯង

មនុស្សជាច្រើនមានទំនាក់ទំទង ឬចំណងមិត្តភាពដែលឥតប្រយោជន៍ និងស្មុគស្មាញព្រោះតែខ្លាចការដែលនៅម្នាក់ឯង។​ ពេលដែលយើងចង់ធ្វើអ្វីមួយ តែដៃគូម្ខាងទៀតមិនយល់ស្រប ឬមិន ព្រមធ្វើតាមយើង អ្នកនឹងមានចិត្តរារែក ឬដកថយចេញពីបំណងដែលអ្នកចង់ធ្វើ។

២.ចំណាយពេលវេលាតិចជាមួយមនុស្សជាទីស្រលាញ់

មនុស្សម្នាក់ៗកើតមកតែងតែមានវដ្តជីវិតរៀងៗខ្លួន ទាំងការសិក្សា ការងារ និងគ្រួសារផ្ទាល់ខ្លួន។ដោយសារតែការមមាញឹកខ្លាំងក្នុងជីវិត ​ទីបំផុតអ្នកនឹងភ្ញាក់ខ្លួនថា អ្នកបានភ្លេច ឬគ្មានពេលវេលាសម្រាប់មនុស្សជាទីស្រលាញ់ ជាពិសេសគឺគ្រួសារនិងឪពុកម្តាយជាដើម រហូតស្តាយក្រោយ ក្រោយពេលបាត់បង់ពួកគេក៏ថាបាន។

៣.ខ្ជះខ្ជាយពេលវេលាច្រើនជាមួយរឿងគ្មានប្រយោជន៍

មនុស្សយើងប្រាកដជាមានរឿងជាច្រើនដែលយើងបានធ្វើនៅក្នុងជីវិត។ តែយើងប្រាកដជាមិនបានដឹងនោះទេថា រឿងខ្លះក្លាយជារឿងដែលមិនមានប្រយោជន៍អ្វីសោះ ក្នុងជីវិតរបស់យើង ដូចជាការមើលទូរទស្សន៍ ការលេងហ្គេម (ឬហ្គេមកំព្យូរទ័រ) ច្រើនហួសហេតុពេក។ ការពិតយើងគួរតែយកពេលវេលាដែលយើងមានទៅធ្វើរឿងដែលមានប្រយោជន៍ សម្រាប់ជីវិតនៅថ្ងៃអនាគតទៅវាល្អជាង។

Woman Sitting Alone On A Bench

៤. របបរស់នៅមិនត្រឹមត្រូវ

មនុស្សយើងតែងតែបំផ្លាញជីវិតនិងសុខភាពរបស់ខ្លួនឯងដោយការរស់នៅមិនត្រឹមត្រូវ និងបរិភោគអាហារដែលមិនល្អចំពោះសុខភាព។​ ទោះជាពេលបច្ចុប្បន្នមិនមានបញ្ហាណាចោទឡើងក៏ដោយ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំខាងមុខ ទៀតវានឹងបំផ្លាញសុខភាពរបស់អ្នកដោយមិនដឹងខ្លួន  ថែមទាំងអាចកើតជំងឺកាចសាហាវទៀតក៏ថាបាន។

៥.មិនចំណាយពេលដើរកម្សាន្ត

មានមនុស្សមិនច្រើនទេ ដែលហ៊ានចំណាយពេលវេលាសម្រាកលំហែកាយសម្រាប់ខ្លួនឯង។ ដោយហេតុផលចម្បងនោះគឺការគិតគូរហ្មត់ចត់ហួសហេតុពេកមុននឹងមានដំណើរកម្សាន្ត ​ឬស្តាយលុយ ​ខ្លាចអស់លុយជាដើម។ តែពេលដែលអ្នកមានវ័យកាន់តែជ្រេទៅអ្នកនឹងគិតគូរចាប់ផ្តើមស្តាយក្រោយដែលគ្មានពេលវេលាដើរលេងទៀត ឬមានលុយកាក់គ្រប់គ្រាន់នឹងធ្វើដំណើរកម្សាន្តហើយបែរជាគ្មានកម្លាំងដើរលេងទៅវិញ។

៦.ចំណាយពេលធ្វើការហួសហេតុខ្លាំងពេក

ពេលដែលមនុស្សដល់វ័យដែលត្រូវធ្វើការ យើងប្រាកដជាប្រឹងប្រែងទៅលើការងារខ្លាំង ហើយយល់ថាវាសំខាន់ជាងការងារផ្សេងៗទៀតរហូតដល់គ្មានពេលវេលាសម្រាប់ខ្លួនឯង ក្រុមគ្រួសារមិត្តភក្តិ និងមនុស្សជាទីស្រលាញ់។​ ការងារសំខាន់តែពេលវេលាសម្រាកសម្រាប់ខ្លួនឯងក៏សំខាន់ណាស់ដែរ ប្រយ័ត្នតែខំធ្វើការៗងាកមកវិញ ​អ្នកអាចនឹងបាត់បង់មនុស្សជាទីស្រលាញ់អស់ក៏ថាបាន។

83fyzlI_d

៧.ការមិនសិក្សាបន្ថែមជំនាញថ្មី

មនុស្សជាច្រើនជឿថាការដែលមានសញ្ញាប័ត្រមួយ ​ឬជំនាញតែមួយមុខគត់គឺគ្រប់គ្រាន់។  ប៉ុន្តែការដែលសិក្សាពីអ្វីមួយដែលថ្មី ហើយមានការការអភិវឌ្ឍឥតឈប់ឈរមិនត្រឹមតែនាំមកនូវឱកាសជាច្រើនសម្រាប់កើនចំណេះដឹង និងវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនទំនុកចិត្តលើខ្លួនឯង ធ្វើឱ្យអ្នកក្លាយជាមនុស្សគួរឱ្យចាប់អារម្មណ៍ចំពោះអ្នកដទៃ ថែមទាំងមានប្រយោជន៍នៅក្នុងជីវិតរបស់អ្នកទៀតផង។

៨.ប្រកបមុខរបរដែលខ្លួនមិនពេញចិត្ត

មនុស្សភាគច្រើនធ្វើការដែលខ្លួនមិនពេញចិត្ត​​ ឬដឹងថាថាខ្លួនមិនចូលចិត្តតែនៅតែបន្តធ្វើវា ព្រោះតែមានកត្តាជាច្រើនផ្សេងទៀតដែលជំរុញ ដូចជា  កត្តាបរិយាកាសជុំវិញ កត្តាមនុស្សដែលនៅជិតខ្លួន និងកត្តាធំៗជាច្រើនទៀតទាក់ទងនឹងលុយកាក់ជាដើម។ ហើយបើអ្នកនៅតែបន្តការងារដែលខ្លួនមិនពេញចិត្តទៀតនោះ វាអាចធ្វើឱ្យយើងមិនអាចតម្រង់គោលដៅ និងបញ្ចេញកម្លាំងកាយចិត្តឱ្យអស់ពីសមត្ថភាពដើម្បីធ្វើការមួយ ​ជាពិសេសជីវិតរបស់អ្នកនឹងគ្មានក្តីសុខព្រោះមិនបានធ្វើការដែលខ្លួនស្រលាញ់ពេញចិត្ត។

៩.មានក្តីស្រមៃច្រើនតែមិនបញ្ចេញសកម្មភាព

មនុស្សជាច្រើនអាចនឹងមានបំណងប្រាថ្នានិងក្តីស្រមៃច្រើននៅក្នុងជីវិតរស់នៅ។ តែនៅពេលដែលយើងបានត្រឹមតែប៉ងតែមិនព្រមបញ្ចេញសកម្មភាពប្រឹងប្រែងដើម្បីក្តីស្រមៃអស់ទាំងនោះ ឬតែងតែរង់ចាំឱកាសនោះយើងប្រាកដជាមិនអាចសម្រេចវាបាននោះទេ។ ពេលដែលអ្នកមិនអាចសម្រេចបំណងរបស់អ្នកបាន ​នៅអនាគតអ្នកនឹងមានវិប្បដិសារីជាមិនខាន៕

Old Man