ដឹងអត់ ស្រីៗស្អាត​​ឬមិនស្អាតគឺដោយសារតែសក់ហ្នឹងហើយ! បើចង់ឱ្យស្អាត ​ហើយថ្លៃថ្នូរគួរតែចេះលេង ​Style  ឱ្យបានត្រឹមត្រូវ

ដឹងអត់ ស្រីៗស្អាត​​ឬមិនស្អាតគឺដោយសារតែសក់ហ្នឹងហើយ! បើចង់ឱ្យស្អាត ​ហើយថ្លៃថ្នូរគួរតែចេះលេង ​Style ឱ្យបានត្រឹមត្រូវ

សក់គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីជួយបង្កើនសម្រស់នារីៗឱ្យកាន់តែមានភាពស្រស់ស្អាតតែការដែលអ្នកចេះតែលេងម៉ូតសក់ផ្តេសផ្តាស ឬមិនត្រឹមត្រូវតាមរយៈទម្រង់មុខ ឬម៉ូតសក់នោះ ក្រៅពីមិនអាចឱ្យអ្នកស្រស់ស្អាតតាមចិត្តប្រាថ្នានោះទេ ថែមទាំងធ្វើឱ្យអ្នកមើលទៅមិនថ្លៃថ្នូរផងដែរ។

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកយកម៉ូតសក់ដែលអ្នកគួរតែចៀសវាង និងគួរតែប្រើប្រាស់ដើម្បីបង្កើនសម្រស់កាន់តែស្រស់ស្អាតដូចជា៖

១. សក់ក្រង
ម៉ូតសក់ក្រង ទម្លាក់មកមុខអាចនឹងសាកសមសម្រាប់អ្នកដែលមានអាយុក្មេងខ្ចី ​ឬវ័យ១២ឆ្នាំ។ តែប្រសិនជាអ្នកជាយុវវ័យ ឬជាមនុស្សធំពេញវ័យម៉ូតសក់ក្រងធម្មតាៗ នឹងធ្វើឱ្យអ្នកដូចជាកូនក្មេងស្រែៗមិនស៊ីវីល័យទៅវិញ។ ដូច្នេះប្រសិនជាអ្នកស្រលាញ់ម៉ូតសក់ក្រង អ្នកគួរតែច្នៃវាដោយចងឡើងទៅលើឱ្យខ្ពស់ៗ ក្រងជាម៉ូដឆ្អឹងត្រី ឬអាចបួង ឬញ៉ុកសក់ចូលគ្នាចេញជាម៉ូតផ្សេងទើបជាការប្រសើរ។

1

២. ចងសក់ជាមួយកៅស៊ូ
អ្នកដឹងទេថាការចងសក់ជាមួយនឹងកៅស៊ូពណ៌ស្រស់ៗ នឹងធ្វើឱ្យសម្រស់អ្នកធ្លាក់ចុះ និងមើលទៅមិនថ្លៃថ្នូរផងដែរ។ ដូច្នេះប្រសិនជាអ្នកចង់ចងសក់ឱ្យមើលទៅស្រស់ស្អាតបែបថ្លៃថ្នូរ អ្នកគួរតែជ្រើសរើសកៅស៊ូថ្លា ឬពណ៌ខ្មៅឱ្យស៊ីនឹងសរសៃសក់ ហើយប្រសិនជាអាចអ្នកគួរតែប្រើសរសៃសក់របស់អ្នក មករុំព័ទ្ធបិទបាំងកៅស៊ូចងសក់នោះតែម្តងរឹតតែប្រសើរ។

2

៣. បួងសក់ដូចនំដូណាត់
ម៉ូតសក់បួងប៉ោងដោយប្រើជ័ររុំឱ្យចេញរូបរាងដូចនំដូណាត់ វាជាម៉ូតដែលពេញនិយមតែវាក៏ឆាប់ហួសសម័យណាស់ ហើយអ្នកខ្លះក៏មិនសាកសមនឹងម៉ូតសក់នេះនេះ។ សម្រាប់អ្នកដែលមានសក់ក្រាស់ហើយវែង ម៉ូតសក់នេះនឹងធ្វើឱ្យអ្នកបាក់សម្រស់ដូចជាដុំមូលធំចម្លែកមួយនៅលើក្បាលអ៊ីចឹង។ ដូច្នេះចៀសវាងមើលទៅមិនស្រស់ស្អាត ឬមិនសម អ្នកគួរតែងាកមកប្តូរជាស្ទាយ៍បួងរលុងៗឱ្យវាធ្លាក់ជាបែបធម្មជាតិមើលទៅស្អាត និងថ្លៃថ្នូរជាង។

3

៤. ប្រើប្រដាប់កៀបសក់
ក្រចាប់កៀបសក់ ឬ តង្កៀប វាគួរតែសាកសមសម្រាប់ប្រើពេលដែលយើងចូលបន្ទប់ទឹក ឬមមាញឹកធ្វើការងារផ្ទះ ដើម្បីពេលធ្វើការងារកុំឱ្យសក់រញ៉េរញ៉ៃធ្លាក់ចូលមុខតែប៉ុណ្ណោះ។ ដូច្នេះប្រសិនជាអ្នកប្រើវាកៀបសក់ពេលដើរចេញទៅក្រៅនឹងធ្វើឱ្យសម្រស់អ្នកអន់ថយ ហើយមើលទៅមិនស៊ីវីល័យ យកល្អគួរតែប្រើតង្កៀបសក់ម៉ូតថ្មីៗដែលទាន់សម័យល្អជាង ជាជាងប្រើតង្កៀបសក់អន់ៗបែបនេះ។

4

៥. ម៉ូតសក់រួញ ជាមួយនឹងសក់សេះ
ម៉ូតសក់មួយនេះនៅតែពេញនិយមនៅក្នុងកម្មវិធីជប់លៀង ឬការដើរកម្សាន្តផ្សេងៗ តែប្រសិនជាអ្នកចង់មូរសក់រួញ ជាមួយនឹងម៉ូតសក់សេះ អ្នកមិនគួរលេងម៉ូតសក់រួញខ្លាំងពេកទេ។ ដើម្បីឱ្យកាន់តែស្រស់ស្អាតបែបថ្លៃថ្នូរស៊ីជាមួយនឹងម៉ូតសក់សេះ អ្នកគួរតែមូរសក់អ្នករួញៗជាទឹករលកវិញប្រសើរជាង។

5

៦. ម៉ូតសក់សើម
ធ្លាប់ជាម៉ូតសក់ពេញនិយម តែម៉ូតសក់ដូចជាសក់សើមនេះ ហាក់ដូចជាហួសសម័យណាស់ទៅហើយ។ តែប្រសិនជាអ្នកនៅតែស្រលាញ់ម៉ូតសក់នេះ អ្នកអាចធ្វើការប្រុងប្រយ័ត្នកុំលាបជែល ឬផលិតផលច្រើនពេកពេលធ្វើម៉ូដនេះ ដែលវានឹងធ្វើឱ្យសក់របស់អ្នកដូចជាសុទ្ធតែខ្លាញ់រងើមទៅវិញ។ បន្ថែមពីនេះគួរតែចៀសវាងធ្វើម៉ូតសក់នេះក្នុងពេលធ្វើការផងដែរ។

6

៧. ម៉ូតសក់ចងទៅលើ
ម៉ូតសក់ចងទៅលើមាន២ប្រភេទ ទី១គឺចងទាប និងមួយទៀតចងលើកឡើងខ្ពស់ តែការចងបែបទាបៗនឹងធ្វើឱ្យអ្នកមិនសូវស្អាត និងមិនថ្លៃថ្នូរជាដើម។ ដូច្នេះបើស្រលាញ់ម៉ូតសក់ចងឡើងលើបែបនេះគួរតែចងឡើងលើកឱ្យខ្ពស់ និងអាចច្នៃបន្ថែមម៉ូតសក់ឱ្យរាងរញ៉ៃរញ៉ៃបន្តិចទៀតកាន់តែប្រសើរ។

7

៨. ម៉ូតតង្កៀបកៀបសក់តូចៗ
យើងតែងតែប្រើតង្កៀបនេះ សម្រាប់ជួយកុំឱ្យកូនសរសៃសក់តូចៗ ធ្លាក់មករញ៉េរញ៉ៃ តែអ្នកមិនគួរប្រើតង្កៀបបែបនេះច្រើនស្អេកស្កះ ពេញក្បាលពេកនោះឡើយ។ ការប្រើតង្កៀបនេះឱ្យស្រស់ស្អាតសមរម្យមាន២របៀប៖

ទី១៖ បើចង់ប្រើតង្កៀបខ្មៅនេះ កៀបសក់ច្រើន គួរតែប្រើពណ៌ដែលត្រូវនឹងសរសៃសក់ដើម្បីលាក់បាំងវា កុំឱ្យវាលេចចេញពេញសក់ខ្លាំងពេក។

ទី២៖ អ្នកអាចជ្រើសតង្កៀបកៀបសក់ ដែលមានពណ៌ភ្លឺស្រស់ ជាគ្រឿងតុបតែងសក់គោលមួយលើសក់របស់អ្នក តែត្រូវចាំថាគួរតែជ្រើសរបស់មានគុណភាពស្រស់ស្អាតថ្លៃថ្នូរ ហើយប្រើតែ១បានហើយ ឬប្រើកាន់តែតិចកាន់តែល្អ។

8

៩. តុបតែងសក់ច្រើនជ្រុលពេក
គ្មានមនុស្សស្រីណាដែលថាមិនចង់ស្អាតនោះទេ តែការដែលអ្នកប្រឹងតុបតែងសក់ខ្លាំងពេកបែរជាធ្វើឱ្យអ្នកផ្សេងយល់ថា អ្នកគិតតែតែងខ្លួនទាមទារចំណាប់អារម្មណ៍ពីមនុស្សជុំវិញទៅវិញ។ ដូច្នេះយកល្អអ្នកគួរតែតុបតែងម៉ូតសក់បែបងាយៗ ធម្មជាតិៗបានហើយទើបល្អ។

9

១០. លាបពណ៌សក់ខ្លាំងពេក
ការលេងម៉ូតសក់ ២ពណ៌ ដែលគេហៅថា Ombré hair គឺគួរតែលាបពណ៌សក់ទាំង២នេះឱ្យស៊ីគ្នា និងលាបទៅស្មើពណ៌ល្អ តែការដែលចង់លេងម៉ូតសក់នេះខុសរបៀប និងមិនត្រឹមត្រូវតាមក្បួន វានឹងធ្វើឱ្យអ្នកបាក់សម្រស់ ឬមិនថ្លៃថ្នូរប្រសិនវាពណ៌ទាំង២នោះមើលទៅមិនចូលគ្នាសោះតែម្តង។ ដូច្នេះដើម្បីចៀសវាងបញ្ហានេះ អ្នកមិនគួរលាបពណ៌សក់ Ombré hair នេះដោយខ្លួនឯង ពឹងមិត្តភក្តិ ឬទៅកន្លែងលាបសក់ដែលគ្មានជំនាញនោះទេ៕

10

Loading...