រំភើបចិត្ត បើដឹងពីប្រវត្តិដើមហេតុដំបូងដែលនាំឱ្យអតីតអ្នកដឹកនាំរឿង ​Hollywood  ដ៏ល្បី Scott Neeson សុខចិត្តចោលប្រាក់ខែរាប់លាន ​ដើម្បីជួយកុមារកម្ពុជា

រំភើបចិត្ត បើដឹងពីប្រវត្តិដើមហេតុដំបូងដែលនាំឱ្យអតីតអ្នកដឹកនាំរឿង ​Hollywood  ដ៏ល្បី Scott Neeson សុខចិត្តចោលប្រាក់ខែរាប់លាន ​ដើម្បីជួយកុមារកម្ពុជា

លោក Scott Neeson ធ្លាប់ជាអតីតតារាហូលីវូដ អ្នកដឹកនាំរឿង និងនាយកប្រតិបត្តិក្រុមហ៊ុនភាពយន្តល្បីៗរបស់ហូលីវូត ដូចជាផលិតកម្ម 20th Century Fox International និង Sony Pictures Entertainment ជាដើម តែក្រោយមកលោកក៏បានបោះបង់តំណែង ប្រាក់ខែខ្ទង់លានដុល្លារ ហើយលោកបានលក់ផ្ទះ កប៉ាល់ផ្ទាល់ខ្លួន និងរថយន្តរបស់លោក ដើម្បីមកកម្ពុជាបើក អង្គការមូលនិធិកុមារកម្ពុជាហៅកាត់ថា ​CFF នៅក្នុងឆ្នាំ  ២០០៤ ក្នុងគោលបំណងជួយកុមារក្រីក្រនៅកម្ពុជា ​ជាពិសេសកុមារកម្ពុជានៅលើគំនរសំរាមស្ទឹងមានជ័យ។

61272589_2193023514151338_6349030977200717824_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

#  ជីវប្រវត្តិ

លោក Scott Neeson កើត​នៅ​ទីក្រុង Edinburgh ប្រទេស​ស្កុតឡែន​ ​តែនៅពេលដែលលោកមានអាយុ៥ឆ្នាំ​ លោក​និង​ក្រុម​គ្រួសារ​បាន​ផ្លាស់​ទៅ​រស់នៅប្រទេស​អូស្រ្តាលី ។ ទោះមិនបានរៀបចប់ថ្នាក់វិទ្យាល័យ  តែលោក Scott បាន​ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ឧស្សាហកម្ម​មួយ​ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​អូស្ត្រាលី ដែល​​ផ្ដោត​ទៅ​លើ​វិស័យ​ភាពយន្ត។ ក្រោយមកលោកក៏បាន​ឡើង​តំណែងជាបន្តបន្ទាប់ រហូតបានក្លាយទៅ​ជា​នាយក​គ្រប់គ្រង​ការ​ចែកចាយ​ភាពយន្ត​របស់​ក្រុមហ៊ុន​ភាពយន្ត 20th Century Fox ​នៅ​ប្រទេស​អូស្ត្រាលី នៅ​ក្នុង​ឆ្នាំ​១៩៨៦ហើយនៅ​ឆ្នាំ​១៩៩៣ លោកក៏បានផ្លាស់មករស់នៅទីក្រុង​ឡូអែនជឺលេស​​សហរដ្ឋអាមេរិក។ បន្ទាប់​មក​នៅ​ឆ្នាំ​២០០០ លោកក៏​បាន​ក្លាយ​ជា​នាយក​របស់​ក្រុមហ៊ុន​ភាពយន្ត 20th Century Fox International ដោយមានតួនាទីជាអ្នក​ដឹកនាំ​ និងផលិត​រឿង​ល្បី​ៗ​ជា​ច្រើន​ដូចជា Titanic , Braveheart  , Independence Day , X-Men និង ​Star Wars រួម​ទាំង​ខ្សែភាពយន្តល្បីៗ​ជាង​១០០​រឿងផ្សេង​ទៀត​។

នៅ​ក្នុងឆ្នាំ​២០០៣ លោក Scott ​បាន​លាឈប់​ពី​ក្រុមហ៊ុន​ភាព​យន្ត 20th Century Fox International ដោយ​ចូល​បម្រើការ​នៅក្នុង​ក្រុមហ៊ុន​ភាពយន្ត Sony Picture Entertainment ដោយមុន​នឹង​ចូល​បម្រើ​ការ​​ក្រុមហ៊ុន​ថ្មី​នេះ លោក Scott ​បាន​ចំណាយ​ពេល​វិស្សមកាល​ក្នុង​ ​តំបន់​អាស៊ីដោយមានប្រទេសកម្ពុជាយើងផងដែរ។

62032289_2209761429144213_8052342250048323584_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

# មូលហេតុនៃការលាឈប់ពីការងារ ​ជួយដល់កម្ពុជា

នៅក្នុងអំឡុងពេលវិស្សមកាលរបស់លោក Scott ​ក្នុងឆ្នាំ ​២០០៣  លោកបានមកលេង​ប្រទេស​កម្ពុជា​ ក្រៅពីបានដើរទស្សនាសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ អ្វី​ដែល​លោក​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ គឺ​ការ​រស់​នៅ​របស់​កុមារ​កម្ពុជា​នៅ​លើ​គំនរ​សំរាម​នៅ​ស្ទឹង​មានជ័យ។ ពេលនោះ ជាពេលដំបូងដែលលោកបានមកដល់តំបន់ចាក់សម្រាមស្ទឹងមានជ័យ ដែលពោរពេញដោយសម្រាម និងជាតិពុល ដែលតំបន់នោះគេហៅថាទីក្រុងសម្រាម ដោយលោកបានឃើញផ្ទះជាច្រើនសាងសង់នៅលើគំនរសម្រាម និងមានកុមារក្រីក្រជាច្រើនកំពុងរើសសម្រាម ភាគច្រើន​ជា​កុមារ​កំព្រា បានរស់នៅលើគំនរសម្រាប់ដ៏កខ្វក់ទាំងនោះ ​ដោយមិនបានសិក្សារៀនសូត្រ និងមានការហូបចុកគ្រប់គ្រាន់ឡើយ ​ជាពិសេសពួកគេ​រស់​នៅ​ដោយសារ​ការ​រើស​អេតចាយ។

ហាក់ដក់ជាប់នឹងស្ថានភាព​រស់​នៅ​របស់​កុមារ​ក្រីក្រ​នៅ​ស្ទឹងមានជ័យ មិនអាចបំភ្លេចបានពីក្រអៅបេះដូង ​ក្រោយពីលោកបានវិលត្រលប់​ទៅ​ធ្វើការ​ក្នុងក្រុមហ៊ុន​ Sony Picture មិន​ដល់​មួយ​ឆ្នាំ​ផង​ លោក Scott ក៏​បានដាក់ពាក្យលាឈប់​ពីការងាររបស់ខ្លួននៅ​ឆ្នាំ​២០០៤ ហើយបានលក់ទ្រព្យសម្បត្តិ ​ផ្ទះសម្បែង ​ដើម្បីមកបើកអង្គការមួយនៅកម្ពុជាមានឈ្មោះថា អង្គការមូលនិធិកុមារកម្ពុជាហៅកាត់ថា CFF ។

64362891_2218615148258841_6443535101119692800_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

# ជីវិត និងការងារនៅកម្ពុជា

ក្រោយពីសម្រេចចិត្តចាកចោលការងារ ​និងកេរ្តិ៍ឈ្មោះល្បី លោក ​Scott បានប្រើជីវិតរស់នៅសាមញ្ញា ​នៅប្រទេសកម្ពុជា ​និងធ្វើការងារសប្បុរសធម៌ជាច្រើននៅក្នុងអង្គការរបស់លោកផ្ទាល់  ជាពិសេសគឺជួយដល់កុមារទីទាល់ ឱ្យបានសិក្សារៀនសូត្រ មានចំណេះដឹង ពោលគឺលោកជួយ និងស្រលាញ់កម្ពុជាអស់ពីបេះដូង ​ដោយលោកបាននិយាយដោយផ្ទាល់ផងដែរថា « លោកចាត់ទុកប្រទេសកម្ពុជាដូចជាផ្ទះរបស់លោក ​​»

អង្កការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) របស់លោក ត្រូវបានបង្កើតឡើងនៅក្នុងគោលបំណងកែប្រែអនាគតរបស់ជីវិតក្មេងៗនៅលើគំនរសម្រាមស្ទឹងមានជ័យ ឱ្យមានឱកាសបានទទួលការអប់រំរៀនសូត្រដូចក្មេងដទៃទៀត ដោយអង្គការមួយនេះ គឺជាអង្គការក្រៅរដ្ឋាភិបាល មិនរកប្រាក់កំរៃ និង មិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ដោយមានបេសកកម្មដ៏ធំមួយ គឺចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាជួយកាត់បន្ថយភាពក្រីក្រតាមរយៈកម្មវិធីធំៗចំនួន ៦ គឺ៖ កម្មវិធីអប់រំ កម្មវិធីភាពជាអ្នកដឹកនាំ កម្មវិធីថែទាំសុខភាព កម្មវិធីទំនាក់ទំនងសហគមន៍ កម្មវិធីថែទាំកុមារ និង កម្មវិធីបណ្តុះបណ្ដាលវិជ្ជាជីវៈ។

62244029_2205316049588751_1590897182548951040_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Scp9
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

# កិច្ចការងារ និងពានរង្វាន់

-តាម​រយៈ​ការងារ​មនុស្ស​ធម៌កន្លងមករបស់លោក នៅ​ឆ្នាំ​២០០៧ លោក Scott ទទួល​បាន​ពានរង្វាន់ Q Prize ដោយ​ការ​ទទួល​ស្គាល់​ភាព​ជា​អ្នកដឹកនាំ​របស់​លោក​ក្នុង​ការ​គាំទ្រ​ ​និង ​​ឧបត្ថម្ភ​ដល់​កុមារ។​

-ហើយនៅ​ឆ្នាំ​ ២០០៧ ដដែលនោះ លោក  Scott ​ទទួល​បាន​ពានរង្វាន់ Rex Foundation Bill Graham ក្នុង​ការ​ផ្ដល់​ទីកន្លែង​ស្នាក់​នៅ ការសិក្សា និង​ការ​ចិញ្ចឹមបីបាច់ដល់​កុមារ​នៅ​កម្ពុជា។​

-​ឆ្នាំ​២០១៣ លោក Scott បាន​ទទួល​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​អូស្ត្រាលី។

-​ឆ្នាំ​២០១៤ Scott ​ទទួល​បាន​ពានរង្វាន់​មនុស្សធម៌ ​Rotary International’s The One ។

គួរឱ្យដឹងផងដែរថា ​រហូតដល់ពេលនេះលោក Scott Neeson បានទទួលសញ្ជាតិខ្មែរ​ជាប្រជាជនកម្ពុជាស្របច្បាប់ ដោយទទួលបានការប្រោសប្រទានពី ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បាទ​សម្ដេច នរោត្តម ​សីហមុនី បន្ទាប់​ពី​លោកបាន​ខិតខំ​ជួយកុមារ នៅ​តំបន់​ចាក់​សំរាម​ស្ទឹងមានជ័យ​អស់​ជា​ច្រើន​ឆ្នាំ​មក៕

Picture22 10
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
61565607_2198503233603366_7597648321712226304_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Loading...