អ្នកគ្មានស្នេហាហាមចូលអាន! ៩យ៉ាងដែលមនុស្សប្រុសគ្រប់រូបចង់បានពីមនុស្សស្រីជាទីស្រលាញ់ ​តែមិនហ៊ានសួរ មិនហ៊ាននិយាយ!

មនុស្សជាច្រើនប្រហែលជាគិតថា មានតែមនុស្សស្រីទេដែលរឿងច្រើន ​ទាមទារច្រើន ​និងពិបាកនឹងយកចិត្ត។​​ ជាការពិតណាស់ បើទោះបីជាបុរសគ្រប់រូបភាគច្រើនមិនសូវចូលចិត្ត ដ្រាម៉ា និយាយរៀបរាប់ច្រើន ​ឬទាមទារច្រើនយ៉ាងណាក៏ដោយ  តែបុរសក៏ជាមនុស្សដូចគ្នា មានចិត្ត មានបេះដូង និងមានអារម្មណ៍ដែរ ​ដែលទាមទារការយល់ចិត្តពីមនុស្សគ្រប់រូបដូចគ្នា។

ហើយក៏ទាមទារទាំងនោះបុរសៗមិនដែលបញ្ចេញវាចេញមកក្រៅ ​និងនិយាយស្តីចេញមកនោះទេ តែជឿថាបុរសៗគ្រប់រូបសុទ្ធតែចង់បានបែបនោះ។

ដូច្នេះចង់ដឹងថាបុរសៗត្រូវការ និងទាមទារអ្វីខ្លះពីមនុស្សស្រីជាទីស្រលាញ់ តោះ!មកតាមដានទាំងអស់គ្នា៖

Radio Romance

១. ការគោរព

មនុស្សប្រុសគ្រប់រូបតែងតែចង់បាននូវភាពជោគជ័យ ការសរសើរ និងការគោរពពីមនុស្សដទៃ ជាពិសេសពីមនុស្សស្រីជាទីស្រលាញ់ ហើយធ្វើឱ្យមនុស្សស្រីយល់ថាមានសំណាងដែលមានគេនៅក្នុងជីវិត។

ការបង្ហាញពីការគោរពទៅកាន់បុរសមិនជាពិបាកទេ ​គ្រាន់តែអ្នកបង្ហាញពីអារម្មណ៍រំភើប និងត្រេកអរដែលមានគេជាគូស្នេហ៍ ​ដោយសារតែគេជាមនុស្សល្អ ​ពូកែ និងមានចំណុចល្អជាច្រើន។  ​អ្វីដែលសំខាន់គឺបង្ហាញការគាំទ្រនូវរឿងដែលគេធ្វើ សរសើរនូវភាពជោគជ័យ និងរាល់ការខិតខំប្រឹងប្រែងរបស់គេ។

២. សរសើរដោយស្មោះ

គ្មានមនុស្សប្រុសណាម្នាក់ដែលថាមិនចូលចិត្តការសរសើរទេ ​តែអ្នកជាគូស្នេហ៍គួរតែសរសើរគាត់ឱ្យស្មោះអស់ពីចិត្ត នូវអ្វីដែលជាភាពជោគជ័យ និងការខិតខំកន្លងមករបស់គាត់ ដើម្បីឱ្យគាត់មានអារម្មណ៍ថារីករាយ កក់ក្តៅ និងមានកម្លាំងចិត្ត។

៣. បង្ហាញពីភាពជាគូស្នេហ៍

ការបង្ហាញភាពជាគូស្នេហ៍ មនុស្សប្រុសគិតថាមិនចាំបាច់ទាល់តែប្រាប់អ្នកនោះទេ គឺអ្នកគួរតែយល់ដោយខ្លួនឯង។ ដូច្នេះមនុស្សស្រីគួរតែដឹងថាខ្លួនឯងធ្វើបែបណាជាគូស្នេហ៍ល្អ ​ដូចជាការយកចិត្តទុកដាក់តិចតួច មានវត្តមានពេលដែលគេមានទុក្ខ ​និងជួយរំលែកការលំបាករបស់គេ ដោយមិនបាច់គេសួរ ​ឬប្រាប់នោះទេ។ ការបង្ហាញខ្លួនមនុស្សសំខាន់នៅពេលដែលគេមានបញ្ហា ​គឺជាអ្វីដែលមនុស្សប្រុសគ្រប់រូបតែងតែចង់បានជានិច្ច។

IE_MVNn2rXe6uZSw

៤. ការលើកទឹកចិត្ត

បើទោះបីជាបុរសជាភេទដែលរឹងមាំ ​តែក៏មិនមែនថាមិនចេះកើតទុក្ខ ​ឬអាចទទួលរាប់រងបញ្ហាតែម្នាក់ឯងបានដែរ ហើយតែងតែមានចិត្តចង់រកមនុស្សមកលើកទឹកចិត្តជានិច្ច ​គ្រាន់តែមនុស្សប្រុសមិនដែលហ៊ាននិយាយចេញមក ​ឬទាមទារការយល់ចិត្តពីមនុស្សជុំវិញខ្លួន។ ​

ដូច្នេះអ្នកជាគូស្នេហ៍​  គួរតែចេញមកលើកទឹកចិត្ត ជម្រុញទឹកចិត្ត លួងលោម ​និងចាំគាំទ្របុរសជាទីស្រលាញ់ ​ដូចពាក្យចាស់ថា ក្រោយខ្នងមនុស្សប្រុសជោគជ័យតែងតែមាននារីល្អម្នាក់។ ​ជឿថាការលើកទឹកចិត្ត និងនៅក្បែរគាំទ្រគាត់រាល់ពេលមានបញ្ហានឹងធ្វើឱ្យបុរសរំភើបចិត្ត កក់ក្តៅក្នុងចិត្ត ព្រមទាំងមានសង្ឃឹមក្នុងជីវិត ថែមទាំងស្រលាញ់អ្នកកាន់តែខ្លាំងផងដែរ។

៥. អរគុណ/ ដឹងគុណ

មនុស្សប្រុសតែងតែចង់ក្លាយទៅជា ​Hero  របស់មនុស្សស្រីជាទីស្រលាញ់ ​ដូច្នេះនៅពេលដែលគាត់បានធ្វើរឿងមួយចំនួនដើម្បីអ្នក ​ អ្នកគួរតែអរគុណគាត់ស្មោះអស់ពីចិត្ត ​ញញឹមពេញចិត្តនូវធ្វីដែលគាត់ធ្វើ បើទោះបីជារឿងតូចតាចយ៉ាងណាក៏ដោយ។ សេចក្តីត្រេកអរ និងអារម្មណ៍រំភើបដែលអ្នកបានបង្ហាញរាល់ពេលដែលគាត់ធ្វើដើម្បីអ្នក ​នឹងធ្វើឱ្យគាត់រីករាយ មានមោទនភាពចំពោះខ្លួនឯងជាមិនខាន។

៦. ចង់បានពេលវេលាផ្ទាល់ខ្លួន

បុរសមិនងាយនឹងនិយាយពាក្យថា ចង់មានពេកផ្ទាល់ខ្លួនទេ ​តែជឿថាមនុស្សម្នាក់ៗទោះជាមានមនុស្សជាទីស្រលាញ់យ៉ាងណាក៏ដោយ ​ក៏គាត់តែងតែចង់រកពេលនៅជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់គេដែរ ​ចំណុចនេះមនុស្សស្រីគ្រប់រូបគួរតែយល់ចិត្តមនុស្សប្រុសឱ្យច្រើន ​កុំតាមទាមមនុស្សប្រុសគ្រប់ពេលវេលាខ្លាំងពេក ​ហើយចោទប្រកាន់ថាគាត់មិនស្រលាញ់អ្នក ​ឬមានស្រីផ្សេងជាដើម។

​អ្នកគួរតែផ្តល់ពេលវេលាផ្ទាល់ខ្លួនឱ្យគាត់ខ្លះដើម្បីលំហែអារម្មណ៍ ​ឬដើរលេងជាមួយនឹងមិត្តភក្តិដោយមានព្រំដែន  ជាពិសេសជឿជាក់ចំពោះចិត្តរបស់គាត់ផង ព្រោះទំនុកចិត្តរវាងគ្នានិងគ្នាពិតជាសំខាន់ខ្លាំងណាស់។

62420374_10157021729166224_5181399235374874624_n

៧. ការគាំទ្រ

មនុស្សប្រុសទោះជាមិនសូវចេះនិយាយច្រើន ​ឬបញ្ចេញមនោសញ្ចេតនាខ្លាំងដូចមនុស្សស្រី ​តែគេពិតជាចង់បានការគាំទ្រពីមនុស្សពិសេសខ្លាំងណាស់។ យើងអាចនិយាយថា ការគាំទ្រពីមនុស្សជាទីស្រលាញ់ គឺជាកម្លាំងចិត្តដ៏ធំធេងដើម្បីឱ្យមនុស្សប្រុសអាចហែលឆ្លងឧបសគ្គ ជម្នះការលំបាកបាន ជាពិសេសមានកម្លាំងចិត្តដើម្បីជីវិតថ្ងៃអនាគតផងដែរ។

ហើយការគាំទ្រ និងនៅក្បែរមនុស្សប្រុសជាទីស្រលាញ់រាល់ជួបនឹងបញ្ហា នឹងធ្វើឱ្យមនុស្សប្រុសរីករាយ​រំភើប មានទំនុកចិត្តលើខ្លួនឯង និងអាចដោះស្រាយបញ្ហាជាច្រើនក្នុងជីវិតទៀតផង។

៨. ទទួលស្គាល់

មនុស្សប្រុសពិតជាមានតួនាទី និងទំនួលខុសត្រូវច្រើនខ្លាំងណាស់នៅក្នុងជីវិត ហើយវាគឺជាអ្វីដែលមនុស្សស្រីត្រូវតែទទួលស្គាល់ថាគាត់ពិតជាមានផលលំបាកច្រើនណាស់នៅក្នុងជីវិត និងរឿងជាច្រើនដែលត្រូវដោះស្រាយ។

ចូរកុំព្យាយាមបន្ថែមបន្ទុកឱ្យគាត់បន្ថែម ​ហើយព្យាយាមយល់ចិត្ត និងទទួលស្គាល់ថាកន្លងមកគាត់ពិតជាប្រឹងប្រែងខ្លាំងណាស់សម្រាប់ជីវិតគាត់ និងរឿងរ៉ាវស្នេហារបស់អ្នក។ ការយល់ចិត្តគ្នា ​និងដឹងពីការលំបាកគ្នា នឹងធ្វើឱ្យបុរសសប្បាយចិត្ត និងស្រលាញ់អ្នករឹតតែខ្លាំង។

៩. ចង់ឮពាក្យថាស្រលាញ់ ចូលចិត្ត និងពេញចិត្ត

មិនមែនមានតែមនុស្សស្រីទេដែលចង់ឱ្យមនុស្សប្រុសប្រាប់ថាស្រលាញ់ និងពេញចិត្តនោះ មនុស្សប្រុសក៏ចង់ឮពាក្យទាំងនេះពីមនុសុ្សស្រីជាទីស្រលាញ់ដូចគ្នា។ អ្នកគួរតែចេះផ្អែមល្ហែម ​ញ៉ិកញ៉ក់ដាក់គាត់ យកចិត្តគាត់ សរសើរគាត់ថាសង្ហា ពូកែ  និងប្រាប់ថាស្រលាញ់ពេញចិត្តគាត់ទៅ ទោះបីជាពេលខ្លះគាត់សម្តែងធ្វើជាធុញទ្រាន់ ឬមិនមានភាពរំភើបពេលខ្លះក៏ដោយ តែជឿជាក់ថាបេះដូងគាត់ពិតជាកំពុងតែលោតញាប់ មានភាពរំភើប ​ឬលួចញញឹមម្នាក់ឯងជាមិនខាន។

យ៉ាងម៉េចដែរស្រីៗអាចយកទាំង៩ក្បាច់នេះយកចិត្តបុរសជាគូស្នេហ៍បានណា!

62380674_10157021728981224_1401416458243670016_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក