ជារឿយៗអាជ្ញាធរខណ្ឌនីមួយៗ តែងតែចុះធ្វើសកម្មភាពរុះរើផ្លាកយីហាហាង និងឡូហ្គូផ្សេងៗ រាល់ពេលស្លាកយីហោ ឡូហ្គោ មួយចំនួនត្រូវបានដាក់តាមចិញ្ចើមផ្លូវហួសច្បាប់កំណត់ ដែលបង្កផលប៉ះពាល់ បាត់បង់សណ្តាប់ធ្នាប់សាធារណ: សោភ័ណ្ឌភាពដងផ្លូវ។
ទោះជាយ៉ាងនេះក្តី កន្លងមកការចុះចាប់ និងរុះរើត្រូវបានមហាជនមួយចំនួនសម្តែងក្តីមិនពេញចិត្តដោយហេតុអ្នកខ្លះយល់ថាការរុះរើធ្វើឡើងតែចំពោះហាងតូចតាច តែសម្រាប់ហាងប្រេនយីហោធំៗអាជ្ញាធរមិនចុះចាប់នោះឡើយ ដែលទាំងនេះសម្តែងនូវការមិនស្មើភាពគ្នា។
ហាក់ឆ្លើយតបនឹងការរិះគន់ទាំងនោះ ពេលនេះគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ សាលាខណ្ឌទួលគោក បានសរសេររៀបរាប់លម្អិតបកស្រាយដោយភ្ជាប់នឹងសកម្មភាពរុះរើហាងធំៗផងដែរថា ៖ « សូមមេត្តាប្តូរពីកាយវិកាបញ្ជេញមតិផ្ទុយពីការពិតដោយបានលើកឡើងថាអាជ្ញាធរចុះអនុវត្តន៍តែហាងតូចតាចគ្មានខែ្សគ្មានខ្នងបងប្អូនដែរចូលចិត្តពិសារកាហ្វេ brand brandលោកស្គាល់ហើយ #សកម្មភាពអាជ្ញាធរបានបន្តចុះកាត់ស្លាកប៉ាណូ ស្លាកយីហោនិង ឡូ ហ្គោផ្សាយពាណិជកម្ម ចេញពីការរំលោភចិញ្ចើមផ្លូវថ្មើរជើង #ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ »។
តាមរយៈការបញ្ជាក់ច្បាស់ៗពីសាលាខណ្ឌ អាចបញ្ជាក់ច្បាស់ថាច្បាប់គឺនៅតែជាច្បាប់ មិនថាហាងធំ ឬតូចឱ្យតែធ្វើខុស នឹងត្រូវបានរុះរើភ្លាមៗដោយគ្មានការតវ៉ានោះឡើយ៕