តើមកពីមូលហេតុអ្វីខ្លះបណ្ដាលឱ្យអ្នកគេងមិនលក់? – Kalib9 យល់ដឹង | Pelklas

តើមកពីមូលហេតុអ្វីខ្លះបណ្ដាលឱ្យអ្នកគេងមិនលក់?

ជួនកាលអ្នកពិបាកក្នុងការគេងឬដេកមិនលក់ដែលនាំឱ្យអ្នកគេងមិនគ្រប់គ្រាន់។ ជាលទ្ធផលអ្នកមានអារម្មណ៍អស់កំលាំងនៅពេលអ្នកក្រោកពីដំណេកនៅពេលព្រឹក។ ដូច្នេះតើមកពីអ្វីបានជាអ្នកគេងមិនលក់។ សូមអានអត្ថបទខាងក្រោមដើម្បីទទួលបានពត៌មានលំអិត។

១. ភាពតានតឹងនិងការថប់បារម្ភ

អ្នកនឹងគេងមិនលក់បន្ទាប់ពីអ្នកមានអារម្មណ៍តានតឹងពេញមួយថ្ងៃ។ បញ្ហានៅកន្លែងធ្វើការឬសាលារៀននិងមានការព្រួយបារម្ភអំពី ការងារ សុខភាព ប្រាក់ចំណូល ក្រុមគ្រួសារ មិត្តភក្តិឬទំនាក់ទំនងផ្សេងទៀតដែលអាចមានការប៉ះពាល់ដល់ការគេងរបស់អ្នក។ វាអាចជាជំងឺឬការស្លាប់របស់មនុស្សជាទីស្រឡាញ់របស់អ្នកឬបញ្ហានៅក្នុងអាពាហ៍ពិពាហ៍របស់អ្នក។ បញ្ហាទាំងនេះធ្វើឱ្យខួរក្បាលរបស់អ្នកធ្វើការនៅពេលយប់ នៅពេលដែលអ្នកចូលគេង។ ហើយពេលដែលខួរក្បាលរបស់អ្នកមិនសម្រាក អ្នកមិនអាចគេងលក់នោះទេ។

លើសពីនេះទៅទៀតការគេងមិនគ្រប់គ្រាន់អាចបន្តរយៈពេលយូរ រហូតទាល់តែបញ្ហាបានកន្លងផុតទៅ។

២. ទម្លាប់​នៃ​ការ​ញ៉ាំប្រចាំថ្ងៃ

ការផឹកកាហ្វេ, តែ, តែទឹកដោះគោឬភេសជ្ជៈថាមពលនៅពេលល្ងាច; ឬការញ៉ាំច្រើនពេកនៅពេលយប់អាចនាំអោយមានបញ្ហាក្នុងការគេង។ ហេតុអ្វី? ជាតិកាហ្វេអ៊ីនអាចធ្វើឱ្យអ្នកគេងមិនលក់។ អ្នកអាចញ៉ាំអ្វីមួយច្រើនពេកមុនពេលចូលគេ ធើ្វឱ្យអ្នកគេងមិនលក់។

៣.​ កន្លែងគេងមិនស្អាត

កន្លែងដេកដែលមិនល្អអាចរួមចំណែកដល់ការគេងមិនលក់។ គ្រែគេងមិនស្រួល, ខ្នើយឬបន្ទប់គេងដែលក្តៅខ្លាំង, ត្រជាក់ពេក, មានសំលេងរំខាន, មានពន្លឺអាចធ្វើឱ្យអ្នកមានអារម្មណ៍ពិបាកក្នុងការគេង។ ដូច្នេះរៀបចំកន្លែងគេងរបស់អ្នកឱ្យបានស្អាត បិទភ្លើង ផ្លាស់ប្ដូរគ្រែប្រសិនបើវាគេងមិនស្រួល ឬបើកម៉ាសីុនត្រជាក់។

៤. បញ្ហាសុខភាព

ស្ថានភាពសុខភាពមួយចំនួនអាចធ្វើឱ្យអ្នកគេងមិនលក់

  • បញ្ហាសុខភាពផ្លូវចិត្តដូចជាជំងឺបាក់ទឹកចិត្ត, ជំងឺភ័យស្លន់ស្លោ, ជម្ងឺស្ត្រេសជាដើម។
  • បញ្ហាសុខភាពផ្លូវកាយដូចជាការឈឺចាប់រ៉ាំរ៉ៃ ជំងឺបេះដូង ជំងឺមហារីក ជំងឺស្ទះសួតរ៉ាំរ៉ៃ​ ជំងឺទឹកនោមផ្អែម ជំងឺក្រពេញប្រូស្តាត ជំងឺរលាកសន្លាក់ជំងឺហឺត ដែលធ្វើឱ្យអ្នកគេងមិនលក់។

៥. ឱសថ

ថ្នាំដែលអ្នកប្រើអាចមានផលប៉ះពាល់ដល់ការគេងមិនលក់របស់អ្នកផងដែរ។ ថ្នាំទាំងនេះរួមមានប្រភេទថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត ថ្នាំព្យាបាលសម្ពាធឈាម ថ្នាំបំបាត់ការឈឺចាប់ ថ្នាំអាឡែរហ្សីផលិតផលសម្រកទម្ងន់ ថ្នាំដែលត្រូវបានប្រើដើម្បីព្យាបាលជំងឺហឺតនិងថ្នាំដែលប្រើដើម្បីព្យាបាលជំងឺនៃការជក់បារី ឬជំងឺសរសៃប្រសាទ។

៦. អាយុ

នៅពេលអ្នកមានអាយុច្រើន រាងកាយរបស់អ្នកផ្លាស់ប្តូរ។ ហើយការគេងមិនលក់ក្លាយជារឿងធម្មតា។ អ្វីៗនៅក្នុងបរិស្ថានអាចជួយឱ្យអ្នកភ្ញាក់បានយ៉ាងងាយ។ អ្នកក៏ទំនងជាមិនសូវសកម្មនៅពេលដែលអ្នកចាស់។ កង្វះសកម្មភាពអាចរួមចំណែកដល់ការគេងមិនគ្រប់គ្រាន់។ លើសពីនេះទៅទៀតជំងឺរ៉ាំរ៉ៃកើតមានជាញឹកញាប់។

ការគេងមិនលក់គឺជាបញ្ហាធម្មតាដែលប៉ះពាល់ដល់ការគេងរបស់អ្នកយ៉ាងខ្លាំង។ កត្តាជាច្រើននៅក្នុងជីវិតរបស់អ្នកអាចនាំអោយមានបញ្ហានេះរួមទាំងទម្លាប់របស់អ្នកស្ថានភាពសុខភាពរបស់អ្នកនិងថ្នាំពេទ្យរបស់អ្នក។ ប្រសិនបើអ្នកមិនអាចដោះស្រាយស្ថានភាពនេះបានដោយខ្លួនឯង អ្នកគួរតែទៅរកពេទ្យ។

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ HELLODOKTOR