ប្ដីប្រពន្ធ ពុំមែនសង្សារ ឬត្រឹមគូកំណាន់ចិត្តទេ!!!

ជាប្តីប្រពន្ធ មិនមែនសង្សារ ឬ មនុស្សកំណាន់ចិត្តទេ ។ ” ប្តីប្រពន្ធ ” បីម៉ាត់នេះ គួរតែត្រិះរិះឱ្យបានច្បាស់ ។ មនុស្សយើង មុននឹងក្លាយជាប្តីប្រពន្ធ តាមពិតគឺត្រឹមជាអ្នកដទៃប៉ុណ្ណោះ តែអ្នកគិតទៅមើល ថានិស្ស័យបុណ្យដែលសាងមករួមគ្នា ច្រើនប៉ុណ្ណា ទើបបានមានវាសនាជាគូជីវិតនឹងគ្នាបែបនេះ ?

ដូច្នេះ បើបានគ្នាជាប្តីប្រពន្ធហើយ គួរកុំបណ្តោយឱ្យនិស្ស័យគូព្រេងយើង ត្រូវបាក់បែកចែករលត់ទៅវិញបានដោយងាយៗ ។ ទទួលស្គាល់ ថានៅក្នុងគ្រួសារ អ្នកណាៗក៏រមែងមានការទាស់ទែងប៉ះពាក្យសម្តី ជ្រុលជ្រួស តិចឬច្រើន តែសំខាន់ សូមជៀសវាងឱ្យបាននូវការប្រើដៃប្រើជើង បង្កើតជាអំពើហិង្សា មានស្លាកស្នាមឱ្យសោះ ។

យើងគួរដឹងថា ចានដែលនៅក្នុងរាវជាមួយគ្នា វាក៏តែងតែប៉ះទង្គិចលាន់ឮសម្លេងខ្លះហើយ តែប្រសិនបើប៉ះខ្លាំងរហូតដល់បែកបាក់នោះ ប្រាកដណាស់ ថាមិនអាចផ្សះផ្សាដូចដើមបាន វាក៏ដូចគ្នានឹងមនុស្សដែលរស់នៅក្នុងផ្ទះតែមួយហ្ចឹង បើប៉ះត្រឹមពាក្យសម្តី ស្តីតិចតួចវាក៏មានតែសម្លេងមួយឆាវហើយក៏បាត់ទៅវិញ តែប្រសិនបើយើងបណ្តោយឱ្យមានការប៉ះពារលើគ្នាធ្ងន់ធ្ងរបង្ករជាស្លាកស្នាម នឹងធ្វើឱ្យមានដាមមិនរលុបពីចិត្ត រហូតធ្វើឱ្យមានការចងចាំរកាំរកុះជាមួយគ្នាមិនចេះចប់មិនចេះហើយ នេះជាហេតុដែលបណ្តោយឱ្យភាពប្រេះឆាក្នុងរង្វង់គ្រួសារកើតឡើងជាក់ជាមិនខាន ។

ដូច្នេះ ប្តីប្រពន្ធ គឺត្រូវចេះ អត់ធន់ អំណត់ សង្កត់ចិត្ត អត់ឱន អធ្យាស្រ័យ ខន្តីមេត្តា ផ្គួបផ្សំជាមួយនឹងចិត្ត អាណិត ស្រលាញ់ ជឿជាក់ លើកតម្កើង ឱ្យតម្លៃ ស្មោះត្រង់ ភក្តីភាព ចេះជួយទុកធុរៈគ្នា ទើបអាចក្លាយជាភរិយាស្វាមី លុះថ្ងៃអវសាន ។ វាមិនពិបាកទេ បើយើងចេះប្រើពេលវេលាឱ្យបានល្អ ចេះយល់ ចេះដឹង ចេះថ្លឹង ចេះថ្លែង បែងចែកឱ្យបានត្រឹមត្រូវ នោះការរស់នៅជុំគ្នា ពិតជាសុខសាន្តត្រាណ បានដល់តកូនតចៅ ជានិរន្តិ៍ ។

ច្នេះហើយ គ្រួសារមួយ អាចមានក្តីសុខ សុភមង្គលទៅបាន គឺអាស្រ័យ លើដៃគូទាំងពីរនេះឯង ដែលចេះថ្នាក់ចេះថ្នម ព្រមចាញ់រៀងៗខ្លួន ថែថួនចិត្តស្មោះត្រង់ ហ៊ានលះបង់ ក្តីសុខផ្ទាល់ខ្លួន ដើម្បីក្តីសុខទាំងអស់គ្នា … ។

សង្ឃឹមថា ស្វាមី ភរិយា ជាដៃគូជីវិត នឹងបាននៅនិត្យ ស្និតស្នេហ៍ ថែរក្សាគ្នា រហូតតរៀងទៅ មិនមានការបែកបាក់ប្រេះឆា រក្សានិស្ស័យស្នេហាជាមួយគ្នា ឱ្យកាន់តែរឹងមាំ គង់វង្ស អមតៈ

ផ្ដល់សិទ្ធនិងរក្សាសិទ្ធដោយ : ពន្លឺ បញ្ញា – Light Idea

គំនិតល្អ IDEALAOR Blogspot