ភ្នំពេញ៖ លោកឧកញ្ញា ស៊ឹម វណ្ណាកាលពីប្រហែល ២០ឆ្នាំមុន លោកគឺជាជាអគ្គនាយកក្រុមហ៊ុនចំការកៅស៊ូបឹងកេត នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោយមកលោកបានក្លាយជាអភិបាលរងខេត្តកណ្ដាល ថែមទាំងមានតួនាទីក្នុងរាជរដ្ឋាភិបាលផងដែរ ។ ក្រោយមកលោកក៏បានបាត់មុខឈឹងមិនដឹងទៅណា តែមានអ្នកខ្លះយល់ថាលោកទៅរស់នៅបរទេសទៅវិញ។ ប៉ុន្តែពេលនេះរឿងពិតរបស់លោកត្រូវបានលាតត្រដាងធ្វើឱ្យគ្រប់គ្នាអាសូរដល់រូបលោកជាខ្លាំង។
តាមរយៈគណនីហ្វេសប៊ុក Sin Sothea បានបង្ហោះរូបលោកឧកញ៉ា ថែមទាំងរៀបរាប់ថា៖ «អតីតអគ្គនាយកក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត លោកឧកញ៉ា ស៊ឹម វណ្ណា ពីមានលុយរាប់លានដុល្លារ ចាយលុយដូចក្រដាស បច្ចុប្បន្ននៅផ្ទះជួល ជិះម៉ូតូឌុប ដើរសុំលុយពីអ្នកដែលខ្លួនធ្លាប់អោយចាយ ពេលឈឺរកតែលុយអោយថ្លៃពេទ្យមួយរៀលគ្មាន ។ សូមអាមី-អាថោងធ្លាប់តោងស៊ី ពែគាត់ជួយសម្រាលទុក្ខគាត់ផងទាននេះជាលទ្ធផលលេងល្បែងកាស៊ី ណូ បើតាមក្រុមពួកលក់សណ្តែកដី (ចៃកាស៊ីណូ) រាយការណ៍ថាអាគាត់ ស៊ឹម វណ្ណា ចាក់មួយដៃ ៥០០០-១០០០០ដុល្លារ លទ្ធផលទទួលបាន គឺរស់វេទនាជាងស្លាប់ ។ សូមប្រិយមិត្តកុំយកគំរូតាមឱ្យសោះ» ។
ក្រោយពីបានឃើញរឿងបែបនេះ ធ្វើឱ្យគ្រប់គ្នាហួសចិត្ត និងមិននឹកស្មានដល់សោះថា មនុស្សដែលមានលុយចាយពេញដៃរាប់លានបែរជាអាចធ្លាក់ខ្លួនដល់ថ្នាក់នេះសោះ តែទោះជាយ៉ាងណា យើងខ្ញុំមិនមានន័យសើចចម្អកនោះឡើយ ដោយមានមហាជនជាច្រើនក៏ចង់ជួប និងសួរនាំលោកឱ្យបានច្បាស់ផងដែរ ថាមូលហេតុនៃការធ្លាក់ខ្លួននេះជារឿងពិតបែបណា។ យ៉ាងណាក្តីយោងទៅតាមការបង្ហោះរូបភាពរបស់គណនីខាងលើ មិនបានបញ្ជាក់ថាលោកកំពុងតែស្នាក់នៅទីណា ឬព្យាបាលនៅឯណានោះទេ៕