តោះ! មករៀនពីវិធីធ្វើគីមឈីបែបប្រពៃណីកូរ៉េ ជាមួយនឹងអត្ថប្រយោជន៍ច្រើនយ៉ាងសម្រាប់សុខភាព

សព្វថ្ងៃនេះអាហារកូរ៉េ  ជាពិសេសគឺគីមឈឺ ​ដែឡយើងចំណាំហៅថាជ្រក់កូរ៉េ ​កំពុងតែទទួលបានការពេញនិយមនៅស្រុកខ្មែរ ​ដោយមានលក់នៅទីទីផ្សារពេញទឹកពេញដី។  ដោយឡែក ​គីមឈីទាំងអស់សុទ្ធតែមានរសជាតិខុសៗគ្នា ​ខ្លះឆ្ងាញ់ ​ខ្លះមិនឆ្ងាញ់អាស្រ័យទៅតាមចំណេះ  និងជំនាញនៃវិធីធ្វើរៀងៗខ្លួន។

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងណែនាំពិវិធីធ្វើគីមឈីតាមប្រពៃណីកូរ៉េដូចតទៅ៖

# វិធីធ្វើគីមឈីបែបប្រពៃណីកូរ៉េ

គ្រឿងផ្សំរួមមាន ៖

-ស្ពៃបូកគោ៣ក្តោបធំៗ

-ឆៃថាវ២មើម

-ការ៉ុត២មើម

-ខ្ទឹមបារាំង១មើម

-ផ្លែប៉ោម១ផ្លែ

-មើមខ្ទឹមប្រមាណ២០កំពិស ឬ៣មើមធំ

-ស្លឹកគូឆាយ១ក្តាប់ដៃ

-ស្លឹកខ្ទឹម១ក្តាបដៃ

-ខ្ញី២មើម

-ម្ទេសម៉ដ្ឋសម្រាប់ធ្វើគីមឈី១ចានចង្កឹះ

-អំបិលម៉ដ្ឋ

-ស្ករស

-ម្សៅដំណើប១ក្តាប់

-ទឹកត្រី

-មឹកស្រស់ (សម្រាប់រូបមន្តផ្ទាល់ខ្លួនរបស់ខ្ញុំ គឺជំនួសដោយហ៊ាប៊ី និងយាហ៊ឺ ព្រោះញញើតនឹងមឹកស្រស់)។

IMG_8903

វិធីធ្វើ

១. ពុះស្ពៃបូកគោជា៤ចំណែក ហើយលាងទឹកឱ្យស្អាត។

២. យកអំបិលម៉ដ្ឋមករោយពីលើស្រទាប់ស្ពៃនីមួយៗឱ្យបានគ្រប់ស្រទាប់ រួចយកទៅផ្អាប់ទុកក្នុងចានដែកធំរយៈពេល៣០នាទីដោយយូរៗម្តងត្រូវប្រែត្រឡប់ស្ពៃដើម្បីឱ្យឆាប់ស្រពាប់។

៣. ពេលកំពុងរង់ចាំស្ពៃឱ្យស្រពាប់ យើងអាចងាកមកធ្វើគ្រឿងផ្សំផ្សេងបាន។ យកម្សៅដំណើបប្រមាណមួយក្តាប់ដៃ ទៅផ្សំជាមួយទឹក៣-៤ចានចង្កឹះកូរឱ្យរលាយ ហើយយកទៅដាំលើភ្លើង វឹកឱ្យជាប់ដៃដើម្បីកុំឱ្យម្សៅកើតជាដុំជាប់គ្នា។ ពេលម្សៅចាប់ផ្តើមពុះស្អិតរលាយសាច់មួយ ដាក់ស្ករ២ទៅ៣ស្លាបព្រាបាយចូលកូរឱ្យសព្វ បិទភ្លើងទុកឱ្យត្រជាក់មួយអន្លើ។

៤. យកបន្លែផ្សេងទៀតមកចិតសម្បក និងហាន់ត្រៀមទុក។ ហាន់មើមឆៃថាវ និងការ៉ុតជាសរសៃវែងៗប្រមាណ២ថ្នាំងដៃ។ ហាន់ស្លឹកខ្ទឹម និងស្លឹកគូឆាយប្រវែង២ថ្នាំងដៃដូចគ្នា។

៥. យកខ្ទឹមស ខ្ញី ខ្ទឹមបារាំង ផ្លែប៉ោម ចិតសម្បកចេញ និងហាន់ដាក់ក្នុងម៉ាស៊ីនក្រឡុក ហើយក្រឡុកឱ្យម៉ដ្ឋចូលគ្នាជាមួយហ៊ាប៊ី និងយាហ៊ឺ (បើមឹកស្រស់ចាំហាន់តូចៗដាក់ចូលពេលផ្សំគ្រឿង)។ បើគ្មានម៉ាស៊ីនក្រឡុកអាចចិញ្ច្រាំចូលគ្នាឱ្យម៉ដ្ឋក៏បាន។

៦. បន្ទាប់មក យកគ្រឿងដែលក្រឡុកហើយចាក់ចូលក្នុងចានដែកធំ ផ្សំជាមួយម្សៅដំណើបដែលទុកឱ្យត្រជាក់ហើយនោះ។ ដាក់ម្ទេសម៉ដ្ឋកូរ៉េចូល(ចំពោះខ្ញុំប្រើម្ទេសម៉ដ្ឋ២ប្រភេទដូចភ្ជាប់ក្នុងរូប) ហើយចាក់ទឹកត្រីចូលវឹកឱ្យចូលគ្នា។

៧. ចាក់បន្លែដែលហាន់រួចទាំងអស់ចូលក្នុងចានដែកគ្រឿងផ្សំ កូរឱ្យចូលជាតិ និងអាចផ្សំរសជាតិបន្ថែមបានតាមចូលចិត្ត។ បើរសជាតិដើមបែបកូរ៉េគឺត្រូវតែប្រៃផ្អែម។

៨. ទុកគ្រឿងផ្សំខាងលើមួយអន្លើសិន យើងងាកទៅមើលស្ពៃបូកគេដែកផ្អាប់អំបិលទុកម្តង។ រយៈពេលនេះ ស្ពៃនឹងមានសភាពស្រពាប់មិនខាន។ យកស្ពៃនោះទៅលាងទឹកយកជាតិអំបិលចេញខ្លះ ដើម្បីកុំឲ្យប្រៃពេក។ ទុកឱ្យស្រស់ទឹកបន្តិច រួចយកគ្រឿងផ្សំខាងលើមកប្រឡាក់តាមស្រទាប់នីមួយៗឱ្យសព្វ។ ជាចុងក្រោយ យកស្ពៃដែលប្រឡាក់រួចហើយទៅញាត់ក្នុងកែវ ឬក្រឡទុកញ៉ាំបានយូរ។

បញ្ជាក់៖បើចូលចិត្តគីមឈីរសជាតិជូរ សូមទុកគីមឈីនៅខាងក្រៅទូទឹកកកមួយយប់សិន តែបើមិនចូលចិត្តជូរទេ ពេលធ្វើរួចក៏យកទៅក្លាស្សេក្នុងទូទឹកកកតែម្តងជាការស្រេច។ គីមឈី ក៏អាចធ្វើ ភ្លាមទទួលទានភ្លាមបានដែរ ដែលគីមឈីប្រភេទនេះហៅថា គីមឈីស្រស់ ឬ Fresh Kimchi  ។

Kimchi 4 1 Of 1

Kimchibokkeum Dosirak

អត្ថប្រយោជន៍នៃគីមឈីរួមមានដូចជា៖

១. ជំនួយដល់ការរំលាយ​អាហារ៖ គីម​ឈីមាន​សារធាតុពិសេស ដែល​អាច​ជួយឱ្យការរំលាយអាហារល្អជាងមុន  និងផ្ទុកនូវបាក់តេរីជំនួយសល់សុខភាពក្រពះពោះវៀនផងដែរ ​ជាពិសេសការពារ និងព្យាបាលបញ្ហាទល់លាមក ថែមទាំងជួយស្រកក្បាលពោះទៀត។

២. បណ្តេញជាតិពុល ៖ គីមឈីអាចជួយបណ្តេញជាតិពុលចេញពីរាងកាយ ​និងធ្វើឱ្យរាងកាយស្រូបយកជីវជាតិល្អៗពីអាហារមកចិញ្ចឹមរាងកាយបានល្អជាងមុន។

៣. ការពារបញ្ហាបេះដូង៖ ការទទួលទាន​គីម​ឈី​ អាចជួយ​កាត់បន្ថយ​ជំងឺ​បេះដូង​ដូចជា ជំងឺ​គាំងបេះដូង ជំងឺសរសេរឈាន និង​ដាច់​សរសៃឈាម​ខួរក្បាល ថែមទាំងកាត់បន្ថយជាតិកូឡេស្តឺរ៉លក្នុងរាងកាយផងដែរ។

៤. ប្រព័ន្ធការពាររាងកាយ៖ គីមឈីមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចការពាររាងកាយពីផលប៉ះពាល់ផ្សេងៗ និងជំងឺយាយីរាងកាយទៀតផង។

៥. ជំនួយស្បែក៖ បាកតេរីល្អៗនៅក្នុងគីមឈី ​ អាចជួយ​បង្ការ​បញ្ហា​លើ​ស្បែកផ្សេងៗ​ ជាពិសេសគឺបញ្ហារលាកស្បែក  រួមទាំងពន្យារភាពចាស់ផងដែរ ។

ដកស្រង់ចេញពី៖ ផ្កាយ ​Novels

Kimchi 5

Kimchi1

DSC_1843 E1477360668451