ភ្នំពេញ៖ ពាក្យចាស់ពោលថា ក្រោយភ្លៀងមេឃស្រឡះ មិនខុសពីជីវិតបុរសកម្សត់ លោក រិន សារ៉េត នោះទេ ក្រោយពីជួបព្យុះភ្លៀងជីវិតជួបប្រទះនឹងការលំបាកផ្នែកជីវភាព ថែមទាំងត្រូវប្រពន្ធស្លាប់ចោលទៀតនោះ ពេលនេះ លោកកំពុងតែមានជីវិតថ្មីល្អប្រសើរខុសឆ្ងាយពីមុន ទាំងជីវិតសិល្បៈក៏ចាប់ផ្តើមមានទីផ្សារ ហើយលោកថែមទាំងមានអាជីវកម្មផ្ទាល់ខ្លួនថែមទៀតផង។
លើសពីនោះ ដែលធ្វើឱ្យមហាជនកាន់តែមានការភ្ញាក់ផ្អើល បន្ទាប់ពីមានភាពជោគជ័យទាំងការងារ និងការរកស៊ី លោក រិន សាវ៉េត ស្រាប់តែរកឃើញម្ចាស់ចិត្តថ្មី ដែលជាស្រីស្អាតអនិកជនក្រៅប្រទេសនៅប្រទេសបារាំងទៀតផង ដោយលោកថែមទាំងបានរៀបចំកម្មវិធីភ្ជាប់ពាក្យយ៉ាងធំដមអធិកអធមកាលពីព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៩ នេះផងដែរ។
គួរឱ្យដឹងថាមុនសម្រេចចិត្តមានគូអនាគតថ្មី លោករិន សាវ៉េត បានសាកសួរ និងទទួលបានការអនុញ្ញាតិពីកូនប្រុសជាទីស្រលាញ់របស់លោកផងដែរ ដែលដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រសប្បាយរីករាយរំភើប និងសម្តែងក្តីត្រេកអរដែល លោក រិន សាវ៉េត អាចរកសុភមង្គលពិតថ្មីបានឃើញ ដោយបានទទួលមនុស្សម្នាក់ដែលជាទីស្រលាញ់អាចមើលថែលោក ក៏ដូចជាកូនប្រុសរបស់លោកបែបនេះ៕