អត្ថន័យ និងរបៀបសំពះរបស់ខ្មែរ

អត្ថន័យសំពះ

Sompeas

សំពះគឺជាការលើកដៃទាំងពីរផ្គុំគ្នា ជារាងផ្កាឈូកក្រពុំ។សំពះជាទំនៀមទម្លាប់របស់ខ្មែរ ធ្វើឡើងដើម្បីបង្ហាញពីការគួរសម និងគារវកិច្ច គោរពគ្នាទៅវិញទៅមក។ជាទូទៅខ្មែរយើងធ្វើការសំពះចំពោះ ឪពុកម្តាយ ព្រះពុទ្ធរូប ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ គ្រូបាធ្យាយ ញាតិសន្តាន និង អ្នកដែលមានឋានន្តរសក្តិធំជាងខ្លួន។ សំពះជាចំណែកមួយដ៏សំខាន់ នៅក្នុងជីវិតរស់នៅ និងជាសុជីវធម៌ដ៏ប្រពៃរបស់ខ្មែរយើង។ខែ្មរយើងនិយមសំពះជាងចាប់ដៃបែបបស្ចឹមប្រទេសដោយសារមូលហេតុច្រើនយ៉ាង។ទីមួយ គឺធ្វើដើម្បីរក្សាទំនៀមទម្លាប់ខ្មែរ និងគិតពីបញ្ហាអនាម័យ។ ទីពីរ គឺសំពះដើម្បីចៀសវាងការប៉ះពាល់គ្នាដោយដៃ ជាពិសេសរវាងបុរស និងស្រី្ត។ ទីបី គឺធ្វើដើម្បីចៀសវាងការច្របាច់ដៃគ្នាខ្លាំងដែលនាំអោយមានការឈឺចាប់។ ចុងក្រោយគឺសំពះដើម្បីចៀសវាងកុំអោយចំនាយពេលច្រើនដូចជាអ្នក ប្រដាល់សំពះទស្សនិកជនពីលើសៃវៀនប្រដាល់ ឬអ្នកដឹកនាំនយោបាយសំពះប្រជាពលរដ្ឋពីលើវេទិកា។

របៀបសំពះ

561415_502998533060599_1426385506_n

១ ក្នុងការសំពះអ្នកមានអាយុស្មើគ្នា ប្រហាក់ប្រហែលគ្នា ឬមិត្តភក្តិយើងលើកដៃសំពះដោយដាក់ដៃត្រឹមដើមទ្រូង។

២ ចំពោះអ្នកដែលមានវ័យចាស់ជាង ឋានៈធំជាងឬចៅហ្វាយនាយយើងលើកដៃ ប្រណម្យ ហើយ ដាក់ម្រាមដៃនៅត្រឹមច្រមុះ។

៣ បើយើងចង់ធ្វើការសំពះឪពុកម្តាយ ជីដូនជីតា គ្រូបាអាចារ្យ យើងគប្បីលើកដៃឡើងហើយដាក់ម្រាមដៃនៅត្រឹមច្រមុះ។

៤ ការសំពះព្រះមហាក្សត្រ ព្រះសង្ឃ ឬវត្ថុសក្តិសិទ្ធិ គប្បីលើកដៃប្រណម្យហើយដាក់ចុងម្រាមដៃ នៅត្រង់ប្រជុំចិញ្ចើម។

៥ បើចង់សំពះ ទេវតា ព្រះព្រហ្ម ឬព្រះឥន្ទយើងលើកដៃប្រណម្យកម្ពស់ចិញ្ចើមឡើងទៅ

 

ដកស្រង់ Geo

ត្រួតពិនិត្យ Rey & Serpent