ហេតុអ្វីមានទំនាក់ទំនងគ្នារយៈពេលយូរហើយ តែអាចបញ្ចប់ភ្លាមៗបន្ទាប់ពីរៀបការរួច? ៧ចំណុចនេះនឹងធ្វើអោយអ្នកយល់ច្បាស់ពីបញ្ហានេះ!

នៅពេលដែលយើងម្នាក់ៗ មានទំនាក់ទំនងយូរអង្វែងជាមួយមនុស្សជាទីស្រលាញ់របស់យើង ហើយការឈានទៅដល់ការរៀបការ វាគឺជារឿងធម្មតានោះទេ។ គំនិតនៃការរៀបការធ្វើឱ្យយើងមានការយកចិត្តទុកដាក់ខ្ពស់ ហើយនាំមកនូវស្នាមញញឹមដ៏ស្រស់បំព្រងចំពោះមុខយើង។ ការរស់នៅជាមួយមនុស្សដែលយើងស្រលាញ់ ស្តាប់ទៅវាហាក់ដូចជាមានសេចក្តីសុខខ្លាំងណាស់ តែការពិតវាមិនដូចអ្វីដែលយើងគិតទាំងស្រុងនោះទេ។

នៅពេលយើងរៀបការរួច​ ទោះបីជាយើងស្រលាញ់គ្នាខ្លាំងយ៉ាងណាក៏ដោយ ក៏វានៅតែមានការអាក់អន់ចិត្តគ្នាខ្លះដែរ។ ទោះបីមនុស្ស ២នាក់មានទំនាក់ទំនងគ្នាអស់រយៈពេលជាយូរមកហើយក៏ដោយ ក៏វាមិនមែនមានន័យថា ពួកគេនឹងមានអាពាហ៍ពិពាហ៍មួយដ៏ស្រស់បំព្រងនោះដែរ។ នៅពេលដែលមានអាពាហ៍ពិពាហ៍មួយកើតឡើង ការទទួលខុសត្រូវដ៏ធំធេងរបស់យើងក៏បានមកដល់ដែរ។ មនុស្សដែលបានរៀបចំផែនការរៀបការ ច្បាស់លាស់ តែងតែទទួលបានលទ្ធផលប្រសើរ តែខ្លះទៀតក៏អាចឈានដល់ការលែងលះគ្នា នៅពេលក្រោយ។

បើយោងតាមគេហទំព័រ Bright Side បានរកឃើញហេតុផលដ៏សមស្រប់បំផត់ សម្រាប់គូស្វាមីភរិយាដែលមានទំនាក់ទំនងគ្នាយូរអង្វែង ស្រាប់តែលែងលះគ្នាភ្លាមៗបន្ទាប់ពីរៀបការរួច បើទោះបីជាពួកគេបានស្រលាញ់គ្នាខ្លាំងអស់រយៈពេលជាយូរមកហើយក៏ដោយ។ យើងទាំងអស់គ្នាសង្ឃឹមថា អត្ថបទមួយនេះ នឹងធ្វើអោយអ្នកអានគ្រប់គ្នាពេញចិត្ត ហើយដឹងច្បាស់ពីហេតុផលទាំងនេះ។

១. ខ្វះការប្តេជ្ញាចិត្ត

1

នៅពេលដែលអ្នកទាំងអស់គ្នាមានស្នេហា អ្នកតែងតែប្រឹងប្រែងរកវិធីថ្មីៗដើម្បីធ្វើឱ្យដៃគូរបស់អ្នកមានអារម្មណ៍សប្បាយរីករាយ។ អ្នកមិនដែលខ្វល់ពីអ្នកដ៏ទៃ ដែលគិតអ្វីចំពោះអ្នកនោះទេ។ អ្នកមានអារម្មណ៍ថា អ្នកពិតជាមានសំណាងណាស់ ដែលមានគេនៅក្នុងជីវិតរបស់អ្នក ហើយអ្នកនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរក្សាការស្រលាញ់នេះជាមួយអ្នក។

តែផ្ទុយទៅវិញ នៅពេលដែលអ្នករៀបការរួច អ្នកចាប់ផ្តើមបញ្ចេញអារម្មណ៍មិនពេញចិត្តទៅដៃគូរបស់អ្នក។ អ្នកមិនបានកោតសរសើរពួកគេដូចដែលអ្នកធ្លាប់ធ្វើពីមុនមកនោះទេ ហើយយូរៗទៅក៏ចាប់ផ្តើមមានគម្លាតឆ្ងាយពីគ្នារវាងអ្នកទាំងពីរ។

២. អ្នកធ្លាប់ស្រលាញ់គេខ្លាំងពេកតាំងពីដើមមក

2

បើយោងតាមការសិក្សាដែលបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិចិត្តវិទ្យា និងចិត្តវិទ្យាសង្គមបានបង្ហាញថា គូស្វាមីភរិយាដែលស្រលាញ់គ្នាខ្លាំងពេកអំឡុងពេលចាប់ផ្តើមទំនាក់ទំនងគ្នា ពួកគេទំនងជាលែងលះគ្នាបន្ទាប់ពីរៀបការរួច។ នៅពេលដែលអ្នកបង្ហាញសេចក្តីស្រឡាញ់ដដែលៗ ចំពោះប្តី ឬប្រពន្ធរបស់អ្នកគ្រប់ពេលរហូតដល់“ ភាពភ្ញាក់ផ្អើល” របស់អ្នកមិនធ្វើអោយពួកគេភ្ញាក់ផ្អើលទៀតទេ។ អ្វីៗចាប់ផ្តើមធុញទ្រាន់បន្តិចម្តងៗ បន្ទាប់ពីរៀបការរួច។

នេះមិនត្រឹមតែធ្វើឱ្យដៃគូរបស់អ្នក មានអារម្មណ៍ថាមិនមានអ្វីគួរឱ្យរំភើបក្នុងទំនាក់ទំនងរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យអ្នកស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងផងដែរ។ តាមពិតអ្នកចាប់ផ្តើមមានអារម្មណ៍ថាការខិតខំប្រឹងប្រែងរបស់អ្នក នឹងមិនត្រូវបានគេកត់សម្គាល់ ហើយមិនបានទទួលបានដោយត្រឹមត្រូវនោះទេ។ បន្ទាប់មកអ្នកចាប់ផ្តើមមានអារម្មណ៍ថាមិនចង់បន្តវាទៀតឡើយ។

៣. វាមិនមែនជា សេចក្តីស្រឡាញ់ទេ

3

កំហុសដ៏អាក្រក់បំផុតដែលយើងទាំងអស់គ្នាធ្វើ គឺការភ័ន្តច្រឡំស្នេហាពិតជាមួយនឹងការស្រើបស្រាល។ មនុស្សដែលមានទំនាក់ទំនងយូរអង្វែង មានការយល់ច្រលំនឹងការស្រលាញ់ចូលចិត្តភាពទន់ភ្លន់របស់មនុស្សម្នាក់ ទៅនិងស្នេហាពិត ហើយវាគឺខុសទាំងស្រុង។ ជាធម្មតាបន្ទាប់ពីពួកគេរៀបការហើយ ពួកគេដឹងថាពួកគេមិនបានស្រលាញ់គ្នានោះទេ។

ការមានស្នេហាជាមួយនរណាម្នាក់ និងការចូលចិត្តនរណាម្នាក់ គឺជារឿងពីរផ្សេងគ្នា! ប៉ុន្តែនៅពេលដែលគូស្វាមីភរិយាដឹងរឿងនេះគឺវាយឺតពេលទៅហើយ។

៤. តម្រូវការរបស់អ្នកត្រូវបានផ្លាស់ប្តូរ

4

មនុស្សត្រូវបានផ្លាស់ប្តូរជាមួយនឹងពេលវេលា ហើយដូច្នេះពួកគេក៏បំពេញតាមតម្រូវការរបស់ពួកគេ! កាលពីពេលថ្មីៗនេះ គូស្នេហ៍ដែលមានភាពល្បីល្បាញ គឺ Miley Cyrus និង Liam Hemsworth ដែលបានរាប់អានគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក បានលែងលះគ្នាតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីរៀបការ។ ឆ្ងល់ថាហេតុអ្វីបានជារឿងនេះកើតឡើង? ពីព្រោះពួកគេត្រូវបានផ្លាស់ប្តូរ។ នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈមួយ អ្នកតំណាងរបស់គូស្នេហ៍នេះ បានបង្ហាញថាអ្នកទាំង២ បានយល់ព្រមចែកផ្លូវគ្នានៅពេលដែលពួកគេចង់មានភាពរីកចម្រើន គឺចង់ផ្តោតទៅលើខ្លួនគេផ្ទាល់ និងអាជីពរបស់ពួកគេ។

ការផ្លាស់ប្តូរ គឺជៀសមិនរួចនោះទេ ហើយវាភ្ជាប់មកជាមួយពេលវេលាផងដែរ។ អ្នកអាចរីកចម្រើន និងឆ្ពោះទៅមុខបាន ជាមួយដៃគូរបស់អ្នក ឬក៏អ្នកអាចផ្តោតលើខ្លួនអ្នក និងគោលដៅរបស់អ្នកជាមុនសិន។ អាពាហ៍ពិពាហ៍គឺពិតជាស្រស់ស្អាត ប៉ុន្តែវាក៏ទាមទារនូវការប្តេជ្ញាចិត្តខ្ពស់ និងភាពអត់ធ្មត់ផងដែរ។ សេចក្តីស្រលាញ់ជាមូលហេតុដែលឈានទៅដល់ការរៀបការ ពេលនោះមនុស្សនឹងចាប់ផ្តើមមានអារម្មណ៍ថាខ្លួនមានទំនួលខុសត្រូវខ្ពស់ ហើយចូលចិត្តអោយតម្លៃតែខ្លួនឯង។

៥.  អ្នកគ្រាន់តែចង់ធ្វើការដោះស្រាយ

5

ការរៀបការដោយហេតុផលណាមួយ ក្រៅពីសេចក្តីស្នេហា គឺគ្រាន់តែជាការគេចវេសមួយប៉ុណ្ណោះ។ តាមរយៈការធ្វើបែបនេះ អ្នក និងដៃគូរបស់អ្នកនឹងខ្ជះខ្ជាយពេលវេលា។ អាពាហ៍ពិពាហ៍នឹងត្រូវបែកបាក់គ្នាក្នុងពេលឆាប់ៗនេះដោយសារតែខ្វះសេចក្តីស្នេហានៅពេលមានទំនាក់ទំនងគ្នា។

អ្នករាល់គ្នាពិតជាចង់ដោះស្រាយវានៅថ្ងៃណាមួយ។ អាពាហ៍ពិពាហ៍ប្រៀបបាននឹងម៉ូតូមួយដែលត្រូវការកង់២ ដែលមានភាពស្មើគ្នាក្នុងការធ្វើដំណើរលើជីវិត។ ប្រសិនបើអ្នក ឬដៃគូរបស់អ្នកមានអារម្មណ៍ថាមិនទាន់បានត្រៀមខ្លួន ដើម្បីបោះជំហាននោះវានឹងមិនអាចទៅមុខបានយ៉ាងប្រសើរឡើយ។

៦. អ្នកបានរកឃើញដៃគូថ្មីរបស់អ្នក

6

ការមានទំនាក់ទំនងយូរអង្វែង មិនមែនមានន័យថាអ្នកដឹងរឿងអ្វីៗទាំងអស់អំពីដៃគូរបស់អ្នកនោះទេ។ នៅពេលដែលអ្នករៀបការរួច ហើយចាប់ផ្តើមរស់នៅជាមួយគ្នាដោយត្រេកអរពេញមួយថ្ងៃ អ្នកនឹងរកឃើញរឿងថ្មីអំពីគូស្នេហ៍របស់អ្នក។ រឿងខ្លះទៅក៏ល្អគួរឱ្យចាប់អារម្មណ៍ ហើយខ្លះទៀតគឺមិនល្អនោះទេ។

ភាពមិនស្មោះត្រង់ បញ្ហាប្រាក់កាស ភាពអសន្តិសុខ និងការកាន់កាប់ហួសកំរិត គឺជាទង់ក្រហមសំខាន់ៗមួយចំនួន ដែលមនុស្សបានរកឃើញនៅក្នុងទំនាក់ទំនងរបស់ពួកគេបន្ទាប់ពីរៀបការរួច ហើយនេះជាអ្វីដែលនាំឱ្យពួកគេបែកគ្នាជារឿយៗ។

៧. អ្នកមិនបានធ្វើអ្វី ដូចអ្វីដែលអ្នកគិតថាចង់ធ្វើនោះទេ

7

យើងភាគច្រើនមានការរំពឹងទុកមិនប្រាកដប្រជានៅពេលមានទំនាក់ទំនងអាពាហ៍ពិពាហ៍។ រូបភាពនៃជីវិតរីករាយដ៏ល្អឥតខ្ចោះ ដែលលេច ចេញមកនៅក្នុងខួរក្បាលរបស់យើង ដោយសារតែការសម្តែងនោះវាគឺមិនមែនជាការពិតឡើយ។ ការប្រើប្រាស់ពាក្យសំដីតាមខ្សែភាពយន្ត ដែលទន្ទេញចាំមាត់ វាមិនមែនជាពាក្យសំដីពិតដែលអ្នកចូលចិត្តនោះទេ។ នៅថ្ងៃណាមួយអ្នកនឹងមានអារម្មណ៍ធុញធ្រាន់ ហើយចង់ឈប់សម្រាក់នៅថ្ងៃណាមួយ។ អាពាហ៍ពិពាហ៍សុខសាន្តគឺផ្តោតទៅលើ ការទុកចិត្តគ្នា ប្រើប្រាស់ពាក្យពិតចេញពីក្នុងចិត្ត ហើយយោគយល់គ្នាទៅវិញទៅមក។

គូស្វាមីភរិយាដែលប្រញាប់ប្រញាល់រៀបការដោយមិនផ្តល់គំនិតជ្រាលជ្រៅដោយគិតថាអ្វីៗនឹងទទួលបានលទ្ធផលល្អ ព្រោះពួកគេស្គាល់គ្នាយូរហើយ។ តែចុងបញ្ចប់ការលែងលះគ្នាក៏កើតមានឡើងបន្ទាប់ពី ពួកគេរៀបការបានពីរ ទៅបីខែប៉ុណ្ណោះ។ ពីព្រោះពួកគេទំនងជាមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការទទួលខុសត្រូវ។ ពួកគេមានអារម្មណ៍អាក់អន់ចិត្តនៅពេលដែលភាពពិតជះឥទ្ធិពលមកលើពួកគេលើសលប់ ដោយសារការប្តេជ្ញាចិត្តរៀបការរបស់ពួកគេ។

តើអ្នកធ្លាប់ខូចចិត្តដោយមនុស្សជាទីស្រឡាញ់ដែរ ឬទេ? តើអ្នកគិតថាអាថ៌កំបាំងអ្វីសម្រាប់អាពាហ៍ពិពាហ៍ដែលមានសុភមង្គល? ចែករំលែករឿងរ៉ាវរបស់អ្នកជាមួយយើងនៅក្នុងប្រអប់មតិយោបល់ខាងក្រៅម!

ប្រែសម្រួលដោយ៖ Crusher

ប្រភពដើម៖ Bright Side