បិណ្ឌមួយបិណ្ឌពីរ មិនឃើញជីវី ទូរសព្ទប្រាប់ម៉ែ បិណ្ឌបួនបិណ្ឌប្រាំ ចាំផ្លូវមាសស្នេហ៍ បិណ្ឌប្រាំពីរដែរ ម៉ែនៅទន្ទឹង។

១. បិណ្ឌមួយបិណ្ឌពីរ មិនឃើញជីវី ទូរសព្ទប្រាប់ម៉ែ

បិណ្ឌបួនបិណ្ឌប្រាំ ចាំផ្លូវមាសស្នេហ៍ បិណ្ឌប្រាំពីរដែរ

ម៉ែនៅទន្ទឹង។

70746899_431428870837442_7389910821008048128_n

២. បិណ្ឌទីប្រាំបី ម៉ែរង់ចាំថ្លៃ ទាំងក្ដីរំពឹង

បិណ្ឌទីប្រាំបួន តើស្ងួនព្រលឹង បុណ្យភ្ជុំឆ្នាំហ្នឹង

កូនមកដែរទេ?

៣. បិណ្ឌដប់- ដប់មួយ ម៉ែនឹកម៉ែព្រួយ នឹកដល់មាសមេ

សម្លឹងទៅផ្លូវ ម៉ែឃើញកូនគេ​ ក៏មកផ្ទះដែរ

ប្លែកតែកូនម្ដាយ។

៤. បិណ្ឌទីដប់ពីរ ចិត្តម៉ែញាំញី ទក់ទីខ្វល់ខ្វាយ

មកឬមិនមក ពន្លកឆោមឆាយ គួរតែប្រាប់ម្ដាយ

ថាកូនខកខាន។

៥. បិណ្ឌទីដប់បី កូនប្រុសកូនស្រី មិនឃើញភុំផាន

គេមកអស់ហើយ ម្ដេចឡើយកល្យាណ មិនបង្ហាញប្រាណ

ឬកូនរវល់?

៦. បិណ្ឌទីដប់បួន បេះដូងអង្រួន ផ្ទួនៗអំពល់

កូនមិនមកទេ ម៉ែរ៉េសោកសល់ ហេតុអ្វីនិមល

មិនមកលេងម៉ែ។

៧. ភ្ជុំធំហើយកូន ចិត្តម៉ែស្រពោន ទុក្ខសោកឥតល្ហែ

បើកូនមិនមក ក៏មិនអីដែរ​ កូនមិនទំនេរ

ដូចកូនគេឡើយ៕

លីម បញ្ញា

១៧ កញ្ញា ២០១៩

ភ្នំពេញ - បិណ្ឌទី៤