តើត្រូវធ្វើដូចម្តេច ដើម្បីស្វែងរកគោលបំណងនៃជីវិតរបស់ខ្លួន? – Kalib9 យល់ដឹង | Pelklas

តើត្រូវធ្វើដូចម្តេច ដើម្បីស្វែងរកគោលបំណងនៃជីវិតរបស់ខ្លួន?

1

ការដឹងពីគោលដៅជីវិតខ្លួនឯងគឺជារឿងចាំបាច់មួយដែលខ្លួនត្រូវមាន ប្រសិនបើអ្នកមិនបានរៀបចំ ឬដឹងពីគោលបំណងរបស់ខ្លួនចង់ធ្វើអ្វីនោះទេ វាគឺជារឿងដ៏អាក្រក់ដែលអាចធ្វើឲ្យយើងខ្ជះខ្ជាយពេលវេលាល្អៗសម្រាប់ការរស់នៅ។ មានមនុស្សមួយចំនួនបានព្យាយាមរស់នៅដើម្បីឲ្យរួចពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារពួកគេមិនទាន់បានគិតដល់ថា គោលដៅនៃជីវិតជាអ្វីដែលមនុស្សគ្រប់រូបត្រូវតែមាន។ ចុះអ្នកវិញ តើអ្នកមានគោលបំណងនៃការរស់នៅក្នុងជីវិតរបស់អ្នកហើយមែនទេ? ប្រសិនបើអ្នកមិនទាន់បានដឹងពីក្តីប្រាថ្នារបស់អ្នក អត្ថបទនេះនឹងបង្ហាញពីចំណុចមួយចំនួនដែលអាចឲ្យអ្នកស្វែងរកគោលបំណងនៃជីវិត ហើយអ្នកក៏អាចពិចារណា និងអនុវត្តចំណុចទាំងនេះផ្ទាល់ក្នុងការរស់នៅរបស់អ្នកបានដូចគ្នា។

  • បរិច្ចាគពេលវេលា សាច់ប្រាក់ និងទេពកោសល្យ

2

 ជាក់ស្តែង ខ្ញុំបានចូលរួមស្ម័គ្រចិត្តបង្រៀនថ្នាក់ទី៤នៃសាលាបឋមសិក្សាមួយ តាមរយះអង្គការស្ម័គ្រចិត្ត ក្នុងក្រុមរបស់ខ្ញុំមានចំនួន ៤នាក់។ នៅពេលពួកយើងបានបរិច្ចាគ ឬស្ម័គ្រចិត្តចំណាយពេលវេលារួមគ្នា បានធ្វើឲ្យខ្ញុំស្គាល់ពីភាពខ្លាំង និងខ្សោយក្នុងការសហការណ៍ជាមួយមិត្តដទៃ៣នាក់ទៀត។ ពួកយើងបានផ្លាស់ប្តូរមតិគ្នាទៅមក ដើម្បីគ្រប់គ្រងថ្នាក់រៀន និងបង្កើតជាយោបល់ល្អជាច្រើនសម្រាប់ក្មេងៗ។ ពួកយើងមានការចុះសម្រុងនឹងគ្នា ហើយខ្ញុំទទួលបានចំណេះដឹងផ្សេងៗ ដែលអាចធ្វើឲ្យខ្ញុំដឹងពីគោលបំណងនៃជីវិតរបស់ខ្លួនថាត្រូវទៅណា។

  • ស្តាប់យោបល់ ដើម្បីកែតម្រូវខ្លួន

3

គ្រប់គ្នាដឹងហើយថា គ្មាននរណាម្នាក់ពូកែគ្រប់យ៉ាងឡើយ។ ការស្តាប់យោបល់ ឬការរិះគន់ពីអ្នកដទៃ ដើម្បីកែប្រែចំណុចខ្វះខាតរបស់ខ្លួន គឺជាមនុស្សឆ្លាត។ ការទទួលយកមតិល្អៗដែលខ្លួនគិតថាត្រឹមត្រូវ អាចជួយអ្នកបង្កើនគំនិតថ្មីៗក្នុងការងារប្រចាំថ្ងៃរបស់អ្នក ហើយវាជាការដាស់តឿនមុនចាប់ផ្តើមធ្វើអ្វីមួយ។ តើអ្នកជាមនុស្សចូលចិត្តស្តាប់គំនិតអ្នកដទៃដែរឬទេ?

  • រស់នៅជុំវិញមនុស្សវិជ្ជមាន

4

គ្មាននរណាម្នាក់ចង់រាប់អានមនុស្សដែលចូលចិត្តនិយាយពីបញ្ហា ការរអ៊ូរទាំឡើយ។ ការរស់នៅ ឬសិក្សាជាមួយមនុស្សដែលវិជ្ជមានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនមិនថាទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយទេ នៅពេលអ្នកមានបញ្ហា ឬចង់សម្រេចគោលដៅណាមួយ អ្នកក៏អាចសុំយោបល់ពីមនុស្សទាំងនោះបានដូចគ្នា។ គេអាចនឹងផ្តល់ជាគំនិតយោបល់ និងឧទាហរណ៍ល្អដល់យើង ឬអ្វីដែលយើងមិនធ្លាប់ជួបពីមុនមកក៏ថាបាន។

  • ចាប់ផ្តើមនិយាយជាមួយមិត្តភក្តីថ្មីៗ

5

នៅពេលអ្នកចាប់ផ្តើមនិយាយជាមួយមនុស្សថ្មីៗនៅជុំវិញខ្លួន អ្នកអាចនឹងទទួលបានបទពិសោធន៍ល្អៗពីអ្នកទាំងអស់នោះ។ សម្រាប់ការចូលរៀននៅមហាវិទ្យាល័យថ្ងៃដំបូង វាជាការចងចាំមួយដ៏ល្អសម្រាប់ខ្ញុំ ខ្ញុំបាននិយាយជាមួយមិត្តភក្តិជាច្រើនដែលអង្គុយក្បែរ ហើយខ្ញុំទទួលបានយោបល់ និងបទពិសោធន៍នៃការរស់នៅល្អៗមិនថានៅក្នុងថ្នាក់ ឬការងារក្នុងសង្គម។ វាធ្វើឲ្យខ្ញុំមានការពិចារណធំជាមុន មុនពេលខ្ញុំចង់ចាប់ផ្តើមធ្វើកិច្ចការអ្វីមួយ ឬអ្វីដែលទាក់ទងនឹងគោលបំណងនៃជីវិតផ្ទាល់ខ្លួន។

  • ស្វែងរកអ្វីដែលជាចំណង់ចំណូលចិត្ត

6

ជាការពិត មនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តមិនដូចគ្នាឡើយ អ្នកខ្លះចូលចិត្តច្រៀង ខ្លះស្រលាញ់ការសិក្សា រីឯអ្នកខ្លះពេញចិត្តក្នុងការបង្រៀនសិស្សតាមជំនាញដែលខ្លួនស្រលាញ់។ ការដឹងពីចំណង់ចំណូលចិត្តរបស់ខ្លួនជារឿងសំខាន់ ដើម្បីដឹងថាខ្លួនឯងត្រូវការអ្វី ចង់បានអ្វីខ្លះនៅក្នុងជីវិតរបស់យើង។ ចាប់ផ្តើមជាមួយអ្វីដែលអ្នកស្រលាញ់ នោះអ្នកនឹងរកឃើញពីគោលបំណងសម្រាប់ជីវិតរបស់ខ្លួន។

សរុបមកវិញ តើអ្នកមានគោលដៅសម្រាប់ជីវិតរស់នៅរបស់អ្នកហើយឬនៅ? តើអ្នកដឹងពីអ្វីដែលខ្លួនពេញចិត្តទេ? តើអ្វីដែលជាចំណង់ចំណូលចិត្តរបស់អ្នក? ការមានគោលបំណងនៃជីវិត គឺមិនធ្វើឲ្យអ្នកខ្ជះខ្ជាយពេលវេលាច្រើន និងជួយអ្នកឲ្យស្វែងរកអត្ថន័យនៃការរស់នៅរបស់អ្នកទៀតផង។ ខ្ញុំយល់ថាអ្នកប្រាកដជាមានគោលដៅសម្រាប់ខ្លួន ប៉ុន្តែប្រសិនជាមិនទាន់មាន អ្នកអាចពិចារណាលើចំណុចខាងលើនេះ វាអាចនឹងជួយអ្នករកឃើញគោលបំណងនៃជីវិត។

 

អត្ថបទ៖ លី ហួត

កែសម្រួលដោយ៖ Serpent