កុំខ្មាសអៀនអី! ​តោះ ​មកដឹងពីមូលហេតុនៃការធ្លាក់ ស និងវិធីព្យាបាលទាំងអស់គ្នា

ការធ្លាក់ស គឺរឿងទូទៅមួយដែលស្រ្តីភាគច្រើនតែងតែបានជួបប្រទះ ដោយមានទាំងបែបធម្មតា និងមិនធម្មតា។ សម្រាប់អ្នកដែលធ្លាក់សជាធម្មតា គឺមានសភាពជាពណ៌សស្រដៀងដូចជាម្ស៉ៅសើម មិនរមាស់ និងគ្មានក្លិន។

ប៉ុន្តែសម្រាប់ស្ត្រីមួយចំនួនប្រាកដជាធ្លាប់បានជួបការធ្លាក់ស ដោយមានពណ៌លឿងមិនខាន ដែលភាគច្រើនវាបានកើតទៅលើស្ត្រីក្នុងវ័យបន្តពូជ។ ពោលគឺវាមានទាំងពណ៌លឿងស្រអាប់ និងពណ៌លឿងថ្លាៗ ដែលបណ្តាលមកពីមូលហេតុផ្សេងៗពីគ្នា ទៅតាមសុខភាពរបស់មនុស្សម្នាក់ៗ។

74415723_793693187768449_2993548353695907840_n

១. ការឆ្លងបាក់តេរី៖ បាក់តេរីដែលចូលទៅក្នុងទ្វារមាស បណ្តាលឱ្យមានការធ្លាក់សដែលមានពណ៌លឿងខាប់ និងក្លិនឆ្អាប ហើយពេលខ្លះក៏ធ្វើឱ្យរមាស់ផងដែរ ដោយវាច្រើនតែបណ្តាលមកពីការឆ្លងបាក់តេរីពេលមានការរួមភេទ។

២. ការឆ្លងមេរោគពីជំងឺប្រមេះ៖ គឺជាការឆ្លងបាក់តេរីបន្ទាប់ពីរួមភេទរួច ដែលវាធ្ងន់ធ្ងរជាងបាក់តេរីប្រភេទដទៃៗទៀត។ ដូច្នេះធ្វើឱ្យអ្នកមានធ្លាក់សពណ៌លឿងខាប់ និងមានការឈឺចាប់តម្រងនោមពេលបន្ទោរបង់ផងដែរ។

៣. ការឆ្លងមេរោគផ្សិត៖ ជារឿយៗបណ្តាលមកពីការប្រើថ្នាំអង់ទីប៊ីយោទិក អស់រយៈពេលជាយូរមកហើយ ឬប្រព័ន្ធភាពស៊ាំទាប ដែលធ្វើឱ្យមានធ្លាក់សពណ៌លឿងជាដុំៗ ហើយមានក្លិនដូចជាទឹកដោះគោ ពេលខ្លះបត់ជើងតូចមកក៏អាចមានការរមាស់ ឬបើវាធ្ងន់ធ្ងរខ្លាំងអាចបណ្តាលឱ្យមានការរមាស់ទៅតំបន់ក្រលៀនផងដែរ។

៤. ការឆ្លងវីរុស៖ កើតចេញមកពីការរួមភេទជាមួយអ្នកដែលមានវីរុស ជាហេតុបណ្តាលឱ្យមានការធ្លាក់ពណ៌លឿង មានក្លិនខុសធម្មតា ហើយនឹងមានដុំថ្លាៗ តូចៗ និងធ្វើឱ្យរមាស់។

៥. ការឆ្លងរោគតាមរន្ធគូថ៖ នឹងបង្កឱ្យមានធ្លាក់សពណ៌លឿង ប៉ុន្តែមិនមិនខាប់ពេកទេជួនកាលវាជាពពុះ មានរមាស់ និងមានក្លិនជូរ។ ភាគច្រើននៃការឆ្លងទាំងនេះ គឺកើតមានក្រោយពេលឆ្លងកាត់ការរួមភេទ តាមសំឡីអនាម័យ ឬឧបករណ៍ពិនិត្យខាងផ្លូវភេទជាដើម។

Rsz_sadq

# វិធីព្យាបាល និងបង្ការការធ្លាក់ស ពណ៌លឿង

- ពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកមើលមូលហេតុ និងការព្យាបាលឱ្យបានត្រឹមត្រូវ។ វិធីនេះនឹងជួយឱ្យជាសះស្បើយបានឆាប់រហ័សបំផុត។

- ប្រើថ្នាំគ្រាប់ ដែលជួយធ្វើឱ្យធ្លាក់សបាត់ទៅលឿន ប៉ុន្តែមុននឹងលេបថ្នាំ ឬប្រើថ្នាំ សូមសាកសួរវេជ្ជបណ្ឌិតជាមុនសិន ដើម្បីចៀសផុតពីការប៉ះពាល់សុខភាព។

- ញ៉ាំទឹកដោះគោជូរឱ្យបានទៀងទាត់ វានឹងបង្កើនបាក់តេរីល្អជំនួយដល់រាងកាយ ដោយជួយចូលទៅបំផ្លាញបាក់តេរីអាក្រក់នៅក្នុងទ្វារមាសបានយ៉ាងល្អ។

- សម្អាតកន្លែងសម្ងាត់ឱ្យបានស្អាត តែគួរកុំប្រើសាប៊ូញឹកញាប់ ព្រោះសាប៊ូអាចទៅសម្លាប់បាក់តេរីល្អបាន ដោយនាំឱ្យមានការឆ្លងមេរោគបានដោយងាយ យកល្អអាចប្រើទឹកអនាម័យស្ត្រីក៏បានដែរ។

- មុនពេលរួមភេទ គួរតែសម្អាតប្រដាប់ភេទឱ្យបានគ្រប់ពេលវេលា។

- ស្លៀកខោទ្រនាប់ស្អាត ទន់ៗ មិនរឹបតឹងខ្លាំងពេក។

- នៅពេលដែលស្លៀកសំឡីអនាម័យ គួរផ្លាស់ប្តូរឱ្យបានញឹកញាប់ តាមដែលអាចធ្វើទៅបាន។

ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះហើយព្យាបាលជាច្រើនយ៉ាងតែនៅទាន់បាត់ទៀត វិធីល្អបំផុតត្រូវទៅពិគ្រោះសុខភាពជាមួយគ្រូពេទ្យផ្នែករោគស្ត្រី ដើម្បីរកឱ្យឃើញនូវមូលហេតុពិតប្រាកដ និងរកការព្យាបាលដ៏ត្រឹមត្រូវ ៕