កុំវាយតម្លៃមនុស្សតែសម្បកក្រៅ! អ្នកណាថាអ្នកចាក់សាក់ ​ធ្វើពេទ្យមិនបាននោះ – Kalib9 ជីវិតកម្សាន្ត ប្លែកៗ យល់ដឹង | Pelklas

កុំវាយតម្លៃមនុស្សតែសម្បកក្រៅ! អ្នកណាថាអ្នកចាក់សាក់ ​ធ្វើពេទ្យមិនបាននោះ

Sarah Gray គឺជាម្ចាស់គ្លីនិកមួយកន្លែងដែលមានអាយុ ​៣១ ​ឆ្នាំ  ហើយក៏ជាគ្រូពេទ្យ ​ដែលជាប់ឈ្មោះថា ​ជាគ្រូពេទ្យដែលមានស្នាមសាក់លើរាងកាយច្រើនជាងគេផងដែរ។

រូបរាងរបស់នាង ​ត្រូវបានបង្ហាញឱ្យពិភពលោកថា ​រូបរាងមិនបានស្តែងពីចំណេះដឹង ​ឬអត្តចរិតឡើយ ​ហើយអ្នកដែលមានស្នាមសាក់ក៏អាចក្លាយទៅជាគ្រូពេទ្យល្អផងដែរ ​ដោយនាងបានបង្ហាញថាស្នាមសាក់របស់នាងថែមទាំងបានជួយនាងឱ្យធ្វើការជាគ្រូពេទ្យបានយ់ាងជោគជ័យទៀតផង។

កញ្ញា ​ដុកទ័រ Sarah គឺជាគ្រូពេទ្យស្រី ​ដែលមានភាពលេចធ្លោតាមរយៈស្នាមសាក់ចម្រុះពណ៌លើរាងកាយ ​ដោយសព្វថ្ងៃនាងកំពុងតែធ្វើការហ្វឹកហាត់នៅក្នុងមន្ទីរពេទ្យ Royal Adelaide ហើយនាងនឹងក្លាយទៅជាគ្រូពេទ្យវះកាត់ឆ្អឹងពេញសិទ្ធនៅក្នុងពេលឆាប់ៗផងដែរ។

អ្វីដែលនឹកស្មានមិនដល់ Sarah  ត្រូវបានគេស្គាល់ថាជាអតីតតារាម៉ូឌែលស្រីលើទស្សនាវដ្តីប្រទេស អូស្រ្តាលី និង នូវែលសេឡង់ ថែមទាំងជា Miss Inked Australia ទៀតផង ដោយនាងគឺជាតារាដែលមានប្រជាប្រិយបំផុតនៅលើបណ្តាញសង្គម។

ដោយកាលពីនាងមានអាជីពជាតារាម៉ូឌែល  នាងក៏ជានិស្សិតដែលកំពុងតែសិក្សាផ្នែកវេជ្ជសាស្រ្តផងដែរ ពោលទោះជានាងមាននិស័យខាងសិល្បៈ តែនាងនៅតែមានចិត្តចង់ក្លាយជាវេជ្ជបណ្ឌិត  ដែលឪពុកនាងក៏ជាវេជ្ជបណ្ឌិតផងងដែរ។

Dr. Gray បាននិយាយថា  នាងបានសាក់ស្នាមសាក់ដំបូងតាំងពីនាងមានអាយុ ១៦ឆ្នាំ ដោយរហូតដល់ពេលនេះនាងមានស្នាមសាក់ស្ទើរតែពេញរាងកាយពីក្បាលដល់ចុងជើង លើកលែងតែផ្ទៃមុខប៉ុណ្ណោះ។ ដោយកាលដំបូងនាងសាក់គ្រាន់តែជាការកម្សាន្ត ​និងក្នុងវិស័យសិល្បៈ ​តែក្រោយមកនាងតែងតែមានគំនិតច្នៃប្រតិដ្ឋទៅលើរាងកាយរហូតសាក់វាពេញនឹងខ្លួនបែបនេះ។

បើនិយាយពីការងាររបស់នាងវិញ ​Sarah  បាននិយាយថាវាមិនមែនជាបញ្ហា ​ឬឧបសគ្គឡើយចំពោះនាង ​តែវាបែរជាជួយឱ្យនាងធ្វើការព្យាបាលទៅលើអ្នកជំងឺបានប្រសើរជាងមុនជាពិសេសអ្នកជំងឺក្មេងៗ និងយុវវ័យ ​ដោយនាងមើកមិនចំជាគ្រូពេទ្យប៉ុន្មានទេ ​តែជាមិត្តដែលយល់ចិត្តអាចនិយាយគ្នាជិតស្និទ្ធទៅវិញ។

នៅក្នុងវិស័យវេជ្ជសាស្ត្រត្រូវបានគេហាមប្រាមនៅក្នុងការចាក់សាក់សម្រាប់គ្រូពេទ្យ ​តែសម្រាប់  Sarah  មិនមានបញ្ហាឡើយ ​ដោយនាងបាននិយាយថា ​ប្រហែលជានាងកំពុងតែធ្វើការពេទ្យឯកជនបានជាវាមិនសូវជាមានច្បាប់តឹងរ៉ឹងប៉ុន្មាន។ ​តែដោយសារតែនាងមានស្នាមសាក់ដែលមើលមិនឃើញលើកដៃ ​ជើង  និងជង្គង់ ​វាក៏មិនមានបញ្ហាដែរប្រសិនជានាងធ្វើការនៅក្នុងមន្ទីរពេទ្យរដ្ឋនោះ។

សម្រាប់នៅក្នុងការងារ ​និងកាលពីនៅរៀន ​Sarah  បានប្រាប់ផងដែរថា ​នាងមិនដែលត្រូវបានគ្រប់គ្នារើសអើងនោះឡើយ ​តែមានតែអ្នកលើកទឹកចិត្ត ​និងចូលចិត្តនាងទៅវិញ  ម្យ៉ាងនាងជាមនុស្សរួសរាយ ​ចូលចិត្តចែករំលែកបទពិសោធន៍ខ្លួនឯងទៅមនុស្សគ្រប់គ្នាទៀតផង។

ជាចុងក្រោយ ​Sarah  ក៏បានផ្តល់ដំបូន្មានផងដែរថា ​កុំខ្លាចធ្វើជាខ្លួនឯង  និងបង្ហាញពីអ្វីដែលជាចំណូលចិត្ត ​និងគំនិតច្នៃប្រតិដ្ឋរបស់ខ្លួនឯង ​ពេលអ្នកហ៊ានទទួលស្កាល់ការពិត ​និងប្រឈមនឹងវា ​អ្នកនឹងអាចសម្រេចគោលបំណងដែលអ្នកចង់បាន ​ដោយគ្មានពាក្យសម្តីអ្នកណាម្នាក់ធ្វើឱ្យអ្នកចុះចាញ់នោះទេ៕

Preview photo credit rosesarered_23 / instagram, rosesarered_23 / instagram