ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយថា អ្នកនាង មាស សុខសោភា ត្រូវបានជ្រើសជាតំណាងកម្ពុជា ចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ « អាស៊ាន Fantasia » ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ Changwon កូរ៉េខាងត្បូង ដែលនេះពិតជារឿងមួយដ៏រំភើប និងមោទកភាពបំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល។
នៅក្នុងកម្មវិធីមួយនេះ ត្រូបានចូលរួមពីតារា K-Pop ល្បីៗ និងតារាមកពីខាងប្រទេសអាស៊ានទាំង៥ប្រទេស ថែមទាំងមានកាសម្តែងពិសេសចាក់ផ្សាយលើប៉ុស្តិទូរទស្សន៍ KBS ដ៏ល្បីរបស់កូរ៉េទៀតផង។
ជាក់ស្តែងអ្វីដែលកាន់តែរំភើបនោះ អ្នកនាង មាស សុខសោភា បានបង្ហោះរូបភាពរបស់ខ្លួនជាមួយនឹង Sandara Park ដែលអតីតសមាជិកក្រុម 2NE1 រួមជាមួយនឹងលោក Sandeul សមាជិកក្រុម B1A4 ពោរពេញដោយភាពស្និទ្ធស្នាលផងដែរ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល រំភើបរីករាយ ថែមទាំងលាន់មាត់ថា Idol ប៉ះ Idol ទៀត។
ដោយអ្នកនាង មាស សុខសោភា បានសរសេររៀបរាប់លើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ « ទីបំផុតនាងខ្ញុំបានបញ្ចប់បេសកកម្មដ៏លំបាកមួយនេះហើយ គឺជាបេសសកម្មក្នុងការចូលរួមសម្តែងការប្រគុំតន្ត្រី AseanFantasia2019 ដើម្បីជាឱកាសនៃការបង្ហាញបទចម្រៀងខ្មែរ ភាសាខ្មែរនៅលើឆាកអន្តរជាតិ។
សូមអរគុណដល់បងប្អូនទាំងអស់ដែលបានផ្តល់កំលាំងចិត្ត ជាពិសេសបងប្អូនខ្មែរនៅកូរ៉េដែលបានចូលរួមទស្សនាផ្ទាល់ នាងខ្ញុំសង្ឃឹមថាការចូលរួមរបស់នាងខ្ញុំលើកនេះនឹងក្លាយជាកំលាំងចិត្តមួយសម្រាប់បងប្អូនសិល្បៈករទាំងអស់ក្នុងការបន្តប្រឹងប្រែងពង្រឹងសមត្ថភាពដើម្បីឆ្ពោះទៅកាន់ទីផ្សារអន្តជាតិ!Thank you»៕