រោគសញ្ញាគួរឱ្យបារម្ភ ​នៃការកើតជំងឺស្ត្រេស ដល់កំពូលយ៉ាងធ្ងន់ធ្ងរ

ស្ត្រេស​មាន​កម្រិត​របស់​វា ដំបូង​គ្រាន់​តែ​ស្ត្រេស​ធម្មតា ឬ​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​បើ​មិន​រក​ពេល​ដើម្បី​កាត់​បន្ថយ​ខ្លះ នោះ​ស្ថានការណ៍​កាន់​តែ​វិវត្ត​ធ្ងន់ធ្ងរ​ទៅ។ តែអ្នកខ្លះបែរជាមានអារម្មណ៍​ថាខ្លួនឯងគ្រាន់តែឈឺ  ចាញ់​អាកាសធាតុប៉ុណ្ណោះ ប៉ុន្ដែ​ប្រសិនបើ​ស្ថានភាព​បែប​នេះ នៅតែ​បន្ដ​រយៈពេល​យូរ យើង​គួរទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​សុខភាព។

តោះ! ​ថ្ងៃនេះមកដឹងពីរោគសញ្ញា​ស្ត្រេស​ដល់​កំពូល ដែលអ្នកត្រូវតែប្រញាប់រកវិធីព្យាបាលដូចខាងក្រោមនេះ  ៖

១. ឈឺក្បាល និងជ្រុះសក់

ឈឺ​ក្បាល​ម្ដង​ម្កាល​មិន​ចោទ​ជា​បញ្ហា​នោះ​ទេ តែ​បើ​ឈឺ​ជាប់​រហូត​ដោយ​គ្មាន​មូលហេតុ ឬ​ឈឺ​ក្បាល​ខ្ទោកៗ នោះ​ជា​សញ្ញា​នៃ​ការ​កើត​ជំងឺ​ស្ត្រេស​កម្រិត​ធ្ងន់ធ្ងរ​ហើយ។

បន្ថែមពីនេះអ្នកអ្នកវិទ្យសាស្ត្រ បញ្ជាក់​ថា ស្ត្រេស​អាចបណ្ដាល​ឲ្យ​យើង​ជ្រុះសក់ ហើយ​បើធ្ងន់ធ្ងរ ជ្រុះ​រហូត​ដល់​ទំពែក។ ប្រសិនបើ​យើង​កត់សម្គាល់​ថា យើង​ជ្រុះសក់​កាន់តែ​ច្រើន​ជាងមុន ហើយ​វីតាមីន​មិន​អាច​ជួយ​បាន​នោះទេ ដូច្នេះ ស្ត្រេស​អាច​ជាមូលហេតុ​បង្ក។

២. មាន​បញ្ហា​ស្បែក

កាល​ណា​ស្ត្រេស​ខ្លាំង ស្បែក​ប្រែ​ខ្មៅ​ស្រអាប់ ស្ងួត ជ្រីវជ្រួញ មិន​ភ្លឺ​រលោង ពេល​ខ្លះ​មាន​ចេញ​មុន​លើ​មុខ លើ​ខ្នង​ទៀត។ អ្នក​វិទ្យាសាស្ត្រេ បកស្រាយ​ថា នេះបណ្ដាល​មកពី​ទំនាក់ទំនង​ផ្ទាល់​រវាង​ស្ត្រេស​ (Psychological Stress) និង​បញ្ហាស្បែក។

៣. គេង​មិន​លក់

សញ្ញា​ដំបូងៗ​ស្ត្រេស គ្រាន់​តែ​គេង​មិន​លក់​ពេល​ខ្លះ​ប៉ុណ្ណោះ តែ​បើ​ស្ត្រេស​ដល់​កំពូល​ហើយ​គេង​ក៏​មិន​លក់​ដែរ ខួរក្បាល​អត់​សម្រាក​ទេ ចេះ​តែគិត​រឿង​នេះ​រឿង​នោះ​មិន​ឈប់​ឈរ ឬពេលខ្លះ​ស្រមើ​ស្រមៃ​រហូត​ឈាន​ដល់​ជំងឺ​បាក់​ទឹក​ចិត្ត​ទៀត បើ​មិន​ចេះ​គ្រប់​គ្រង។

ស្ថានភាព​នេះ បណ្ដាល​ឲ្យ​យើង​បំពេញ​ការងារ​មិនសូវ​បាន​ល្អ​នោះទេ ហើយ​ជីវិត​ក៏មិន​សូវរីករាយ​ដែរ ដោយសារ​គេងមិន​លក់។

៤. ឈឺ​ទ្រូង

ពេល​អារម្មណ៍​តាន​តឹង​ខ្លាំង យូរៗ​ទៅ​មិន​ត្រឹម​តែ​បង្ក​ឲ្យ​ឈឺ​ក្បាល​មួយ​មុខ​ទេ បណ្តាល​ឲ្យ​ឈឺ​ទ្រូង ឈឺ​ខ្នង ឈឺ​សាច់ដុំ។

៥. បែក​ញើស

កើត​ស្ត្រេស​ដល់​កំពូល ធ្វើ​ឲ្យ​ត្រជាក់​ចុង​ដៃ​ចុង​ជើង និង​មាន​បែក​ញើសស្អិត រសាប់​រសល់ ទោះ​បី​ជា​គេង​ក្នុងបន្ទប់​​ម៉ាស៊ីន​ត្រជាក់​ក្តី។

៦. បេះដូង​ដើរ​ញាប់ និងទាក់ទងជំងឺបេះដូង

ស្ត្រេស​ខ្លាំង​ពេក ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​ដើរ​ញាប់​ខុស​ធម្មតា (ញ័រ​ទ្រូង) សាច់​ដុំ​ក៏​ឡើង​តឹង ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ កើត​ជំងឺ​លើស​ឈាម និង​បេះដូង។ ស្ត្រេស ពិតជាមាន​ឥទ្ធិពល​អាក្រក់​លើបេះដូង​របស់​យើងណាស់ ដោយអ្នកវិទ្យាសាស្ត្រ បញ្ជាក់​ថា ស្ត្រេស​រ៉ាំរ៉ៃ ជាមូលហេតុ​មួយ នៃ​ជំងឺសរសៃឈាមបេះដូង។

៧. បាត់បង់​ចំណង់​ផ្លូវភេទ

ទាំង​បុរស​ទាំង​ស្រ្តី កាលណា​ស្ត្រេស​វាយ​លុក​កាន់​តែ​ខ្លាំង នោះ​ចំណង់​ផ្លូវភេទ​ក៏​ថយ​ចុះ​ទៅ​តាម​នោះ​ដែរ ពេល​ខ្លះ​អស់​អារម្មណ៍​រឿង​លើ​គ្រែ​តែ​ម្តង។ អ្នកវិទ្យាសាស្រ្ត បញ្ជាក់​ថា ក្នុង​ករណី​នេះ បើមិន​ចង់ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់ រឿងល្អ​គួរធ្វើ ត្រូវ​សម្រាក​ពីការងារ ឬកិច្ចការ​នានា និង​ចំណាយ​ពេល​ដើរលេង​ជាមួយ​ដៃគូ។

៨.  ទម្ងន់ប្រែប្រួល

បើយើង​ស្ត្រេស ពេលខ្លះ យើង​អាច​ឈាន​ដល់​ស្ថានភាព​មួយ ដែល​យើង​មិន​អាច​រក្សា​ទម្ងន់​បាន​នោះទេ។ នេះដោយសារ​ស្ត្រេស បង្កើន​ការ​ផលិត​អ័រម៉ូន Cortisol ដែល​វា​ធ្វើ​មេតាប៉ូលិស​សារធាតុ​ខ្លាញ់ និង​កាបូអ៊ីដ្រាត និង​ជួយ​បង្កើន​កម្រិត​ជាតិស្ករ​ក្នុង​ឈាម។ បើសិន​យើង​មាន​អ័រម៉ូន​នេះ​ច្រើន យើង​នឹង​ញ៉ាំ​អាហារ​កាន់តែ​ច្រើន រាងកាយ​របស់​យើង នឹង​ផលិត​អ័រម៉ូន​តេស្ដូស្តេរ៉ូន​កាន់តែតិច ហើយ​រាងកាយ​យើង នឹង​ដុត​កាឡូរី​កាន់តែតិច​ផងដែរ។ នេះនឹងធ្វើ​ឲ្យយើង​កាន់តែ​ឡើង​ទម្ងន់។

តែ​ក្នុង​ករណី​ខ្លះ ស្ត្រេស​ក៏បណ្ដាល​ឲ្យ​យើង​ស្រក​ទម្ងន់ផងដែរ ដោយ​វា​បង្កើន​កម្រិត Adrenaline នៅ​ក្នុងឈាម។ Adrenaline ជួយ​បង្កើន​ល្បឿន​មេតាប៉ូលិស តែ​វា​កាត់បន្ថយ​ការផលិត​សារធាតុខ្លាញ់។

៩. ផ្តាសាយញឹក

ស្ត្រេស អាចបង្ក​ការផលិត​អ័រម៉ូន Cortisol ដែល​វាអាច​រារាំង​ការ​រលាក​បាន។ តែបើ​មាន​ស្ត្រេសរ៉ាំរៃ ប្រព័ន្ធ​ការពារ​រាងកាយ មិន​ឆ្លើយតប​ជាមួយ​នឹង​អ័រម៉ូន​នេះទេ ហើយ​ជាលទ្ធផល វាបណ្ដាល​ឲ្យ​ការរលាក​កាន់តែ​ធ្ងន់ធ្ងរ។ ពេលនោះ រាងកាយ​របស់​យើង នឹង​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​ផ្ដាសាយ។

១០.  ឈឺ​ក្រពះ-ពោះវៀន

អ្នកវិទ្យសាស្ត្រ បញ្ជាក់​ថា បញ្ហា​ស្ត្រេស​អាច​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ផ្លូវ​ក្រពះ-ពោះវៀន។ ពេល​ខ្លះ ថ្នាំ​សម្រាប់​ព្យាបាល​ក្រពះ-ពោះវៀន មិនអាច​ជួយ​បាន​នោះទេ

១១. ឈឺ​ក្រពះ-ពោះវៀន

អ្នកវិទ្យសាស្ត្រ បញ្ជាក់​ថា បញ្ហា​ស្ត្រេស​អាច​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ផ្លូវ​ក្រពះ-ពោះវៀន។ ពេល​ខ្លះ ថ្នាំ​សម្រាប់​ព្យាបាល​ក្រពះ-ពោះវៀន មិនអាច​ជួយ​បាន​នោះទេ

១២. ឈឺ​ញឹ​កញាប់

កើត​ស្ត្រេស​ហើយ ជំងឺ​ផ្សេង​ទៀត​ក៏​មក​រុក​កួន​ដែរ មាន​ន័យ​ថា ឈឺ​ឥត​ល្ហែរ អស់​ពី​មួយ​មុខ ចូល​មួយ​មុខ​ទៀត ហើយឧស្សាហ៍កោសខ្យល់។

១៣ .ពិបាក​ផ្ដោតអារម្មណ៍​លើ​ការងារ

អ្នកមាន​បញ្ហា​ស្ត្រេស​រយៈពេល​យូរ ភាគច្រើន ជួប​បញ្ហា​ពិបាក​ផ្ដោត​អារម្មណ៍​លើ​ការងារ​នានា។ ប្រសិន​បើយើង​កត់សម្កាល់​ថា យើង​ពិបាក​ផ្ដោត​អារម្មណ៍​ជាងធម្មតា ជម្រើស​ល្អ យើង​កាត់​បន្ថយ​ការងារ ឬ​សម្រាក​ខ្លះ។ បញ្ហា​ពិបាក​ផ្ដោត​អារម្មណ៍នេះ បណ្ដាល​មកពី​អារម្មណ៍​តានតឹង និង​ច្របូកច្របល់។

ប្រភព៖ ដោយ Dr.ដេត ធន្នី ត្រួតពិនិត្យដោយ Dr.ចាន់ ស៊ីណេត/  Dr.គីង ច័ន្ទវាសនា​ ត្រួតពិនិត្យដោយ Dr.ជីព ចិត្ត