ថ្មីៗនេះបុរសជនពិការ គ ថ្លង់មួយរូប ទទួលបានការកោតសរសើរ និងអាណិតជាខ្លាំងពីមហាជន ដោយសារតែខ្លួនពិការមែនពិត តែមិនសុខចិត្តលើកដៃសុំទានគេឡើយ បែរជាមកប្រកបរត់ម៉ូតូកង់៣ ចិញ្ចឹមជីវិតទៅវិញ។
នៅក្នុងនោះព័ត៌មានដ៏កក្រើកមួយនេះ ត្រូវបានគេដឹងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយឈ្មោះ Sambath Huy ដែលរូបភាពត្រឹម ២សន្លឹកប៉ុណ្ណោះធ្វើឱ្យមហាជននឹកអាណិតក្តុកក្តួលខ្លាំង។
ហើយទោះបីជាគាត់ជាមនុស្សគថ្លង់ ប៉ុន្តែគាត់ក៏បានបិទក្រដាសបញ្ជាក់ថា នឹងដឹកភ្ញៀវឲ្យមានសុវត្ថិភាព ដោយក្រដាសបានសរសេររៀបរាប់ថា៖ « ខ្ញុំបាទជាមនុស្ស គ ថ្លង់ សូមកុំបារម្ភ ខ្ញុំនឹងជូនអ្នកឱ្យដល់គោលដៅ ប្រកបដោយសុវត្ថិភាព
-ចង់បត់ស្តាំង សូមកេះស្មាស្តាំរបស់ខ្ញុំ
-ចង់បត់ឆ្វេង សូមកេះស្មាឆ្វេងរបស់ខ្ញុំ
-បើដល់គោលដៅត្រូវឈប់ សូមកេះរួចចង្អុលទីតាំងដែលអ្នកចង់ឈប់
សូមមើលតម្លៃនៅលើអេក្រង់ទូរស័ព្ទរបស់ខ្ញុំ សូមអរគុណសម្រាប់ការចូលរួមចំណែកជួយលើកស្ទួយជនពិការ »។
គួរឱ្យដឹងផងដែរថា បើតាមការបញ្ជាក់ពីបុគ្គលិក របស់ក្រុមហ៊ុន Grab ម្នាក់បានអោយដឹងថា បងប្រុសដែលពិការ គ និង ថ្លង់រូបនេះ គឺជាអ្នករត់កង់បីឥណ្ឌា របស់ Grab ដោយក្រុមហ៊ុនបានគិតគូរយ៉ាងខ្លាំងចំពោះជនពិការដូចរូបគាត់ ដោយមានទាំងការបិទស្លាកដូចដែលបានឃើញនៅក្នុងរូបភាព ហើយក៏មានការលើកទឹកចិត្តពិសេសសម្រាប់ជនពិការ ដោយក្នុងនោះក្រុមហ៊ុនកាត់ថ្លៃសេវាតែ 5% ប៉ុណ្ណោះ ខុសពី Driver ទូទៅគឺកាត់ថ្លៃសេវា Grab ចំនួន 12% ដើម្បីលើកទឹកចិត្តដល់ជនពិការ និងលើកស្ទួយចំណូលអោយពួកគាត់អោយបានច្រើនជាងមុន៕
ប្រភពរូបភាព៖ Sambath Huy