ត្រូវដឹង និងអនុវត្ត! កត្តាជោគជ័យដ៏ចម្បង ​ដែលត្រូវធ្វើមុនគេនោះគឺ ​« កុំខ្ជិល ​»

មនុស្សជាច្រើនចង់ឱ្យជីវិតជោគជ័យ ​ទាំងការសិក្សា ​ការងារ ​និងការរកស៊ី ហើយពួកគេរមែងតែងតែប្រឹងប្រែងស្វះស្វែងរកវិធិជាច្រើនដើម្បីឱ្យពួកគេសម្រេចជោគជ័យ។

នៅក្នុងនោះផងដែរ ​បើទោះបីជាមានវិធិជាច្រើនដែលអាចជួយឱ្យអ្នកទទួលជោគជ័យ ​តែកត្តាធំចម្បងដែលអ្នកត្រូវតែធ្វើមិនអាចខ្វះបាននោះគឺ ​« កុំខ្ជិល » ។

តើហេតុអ្វីបានជាវាជាកត្តាចម្បង? តោះមកតាមដានទាំងអស់គ្នា ៖

បើយើងមិនធ្វើអ្វីសោះ តើយើងនឹង​អាច​បានអ្វីមកខ្លះ? ចំណេះដឹង ជំនាញ ការងារ​ លុយកាក់ ស្នេហា និង​សុខភាព មិនរត់មករកយើងទេ គឺយើងត្រូវរត់ទៅវា។ ប៉ុន្តែបើយើងខ្ជិល យើងនឹង​បាន​ត្រឹមតែស្រមៃប៉ុណ្ណោះ។ បើយើងជា​អ្នកធ្វើការឲ្យខ្លួនឯង ត្រូវប្រឹងធ្វើការ ដើម្បីសម្រេចគោលដៅដែលយើងមាន។ បើយើងជា​អ្នកធ្វើការឲ្យគេ​ ត្រូវប្រឹងធ្វើការ ដើម្បីមានហេតុផលទារគេឡើង​ប្រាក់ខែ ឬទទួលបានរង្វាន់អ្វីមួយពីថ្នាក់លើ។ យើងមិនព្រមធ្វើ អ្វីក៏យើងមិនបានដែរ។​

ជាឧទាហរណ៍  សម្រាប់ ​Hero  ដ៏ល្បីក្នុងស៊េរីរឿង​​Avengers លោក Tony Stark ដែលជា​ឈ្មោះពិតរបស់ Iron man ត្រូវបានគេដឹងថា ប្រឹងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីបង្កើត suit របស់គាត់។ គាត់ចង់ឲ្យខ្លួនឯង មានសមត្ថភាព​ទប់ទល់នឹង​សត្រូវដែលគួរឲ្យខ្លាច ជាពិសេស គឺគាត់ត្រូវការពារមនុស្សដែលគាត់ស្រលាញ់។ បើ​សិនជា​គាត់ខ្ជិលវិញ តើគាត់អាចក្លាយជា​ hero បានដែរទេ? តើគាត់ចូលជាសមាជិករបស់​​ Avengers បានដែរទេ?

Tony Stark ជា​អ្នកវិទ្យាសាស្ត្រ ហេតុនេះរាល់ចំណេះដឹងរបស់គាត់ គឺចេញ​ពីការរៀនសូត្រ និង​ស្រាវជ្រាវដោយខ្លួនឯង។ អ្នកវិទ្យាសាស្ត្រស្ទើរតែទាំងអស់ សុទ្ធតែជាមនុស្សធ្វើការធ្ងន់ និង​ស្អប់ភាពមិនបានការរបស់ខ្លួនឯង។ អ្នកវិទ្យាសាស្រ្តដែលគ្មានសា្នដៃបន្សល់ទុក នឹងស្លាប់ទៅដោយមិនអស់ចិត្ត ហេតុនេះ​ទើបពួកគេមិនចេះនៅស្ងៀម។

151666360052135564

ភាពខ្ជិលច្រអូស ជា​សត្រូវទីមួយ។ យើងខ្ជិលហាត់ប្រាណ យើងនឹងឡើងគីឡូ ហើយមានរូបរាងដែលមិនទាក់ទាញ។ យើងខ្ជិលធ្វើម្ហូបដោយខ្លួនឯង យើងនឹង​ទិញម្ហូបពីក្រៅមក ហើយប៉ះពាល់ដល់សុខភាព។ យើងខ្ជិលរៀន យើងនឹង​ប្រឡងធ្លាក់។ យើងខ្ជិលធ្វើការ យើងនឹង​ត្រូវគេដេញចោល។ យើងខ្ជិលមើលថែកូនខ្លួនឯង កូននឹង​ស្អប់យើងនៅពេលវាធំឡើង។ យើងខ្ជិលស្រាវជ្រាវ យើងនឹង​ល្ងង់អស់មួយជីវិត។ នេះគ្រាន់តែជា​លទ្ធផលទូទៅពីការខ្ជិលប៉ុណ្ណោះ។

ដើម្បីកុំឲ្យខ្លួនឯងខ្ជិល យើងត្រូវ​រៀនគិតអវិជ្ជមានពីជីវិតខ្លួនឯង។ យើងត្រូវគិតថា “ដោយ​សារតែយើងខ្ជិល ទើបយើងមិនមានអ្វីនៅក្នុងខ្លួន ហើយត្រូវអ្នកដទៃមើល​ស្រាលរាល់ថ្ងៃ” ឬ “យើងកាន់តែខ្ជិល យើងកាន់តែគ្មានតម្លៃ”។ ការគិតអវិជ្ជមាន មានឥទ្ធិពលមិនចាញ់ការគិតវិជ្ជមានទេ ហើយថែមទាំងប្រើបានផលយូរទៀតផង។ មនុស្សខ្ជិល មិនត្រូវនិយាយល្អជា​មួយខ្លួនឯងទេ។ មនុស្សខ្ជិលត្រូវការគេចាក់គូថគ្រប់ពេល ព្រោះយើងមិនអាចលុបភាពខ្ជិលពីក្នុងខ្លួនបានទាំងស្រុងទេ។ ឲ្យតែ​ភ្លេចខ្លួន យើងនឹង​ខ្ជិលបន្តទៀតមិនខាន។

យើងអាច​ប្រើការស្អប់ ការខឹង ការច្រណែន ឬភាពភ័យខ្លាច ដើម្បីធ្វើឲ្យខ្លួនយើងចាប់ផ្តើមធ្វើការ។ អារម្មណ៍អវិជ្ជមាន មានប្រយោជន៍របស់វា ឲ្យតែយើងចេះប្រើ។ អារម្មណ៍ទាំងនេះ មិនត្រូវការឲ្យយើងចំណាយលុយទៅចូលសិក្ខាសាលាអ្វីទេ ព្រោះយើងមានវាក្នុងខ្លួនរួចទៅហើយ។ អ្នកខ្លះមានតិច អ្នកខ្លះមានច្រើន អ្នកខ្លះហ៊ានប្រឈមមុខនឹងវា ហើយខ្លះទៀតកំសាក ប្រឹងលាក់អារម្មណ៍ប្រភេទនេះទុក ដោយយករឿងវិជ្ជមានមកបន្លប់។ តួនាទីរបស់ភាពវិជ្ជមាន មិនមែនលុបបំបាត់ភាពអវិជ្ជមានទេ គឺប្រើសម្រាប់បង្កើតតុល្យភាពក្នុងជីវិតមនុស្ស។ ការផ្តោតលើតែភាពវិជ្ជមានតែម្ខាង អាច​ផ្តល់គ្រោះថ្នាក់់​ដល់​ការផ្លាស់ប្តូររបស់យើង។​

បើយើងដឹងថា អ្នកដែលមានជំនួញខ្លួនឯង ធ្វើការមួយថ្ងៃប៉ុន្មានម៉ោង យើងនឹង​ដឹងភ្លាមថា ហេតុអ្វីយើងធ្វើបានត្រឹមតែបុគ្គលិករបស់គេ។ ពួកគេ ធ្វើការច្រើនជាងបុគ្គលិកធម្មតា ព្រោះគេចង់បានច្រើនជាងដែរ។ បើគេខ្ជិល គេក៏មិនមានលុយជួលក្បាលយើងទៅធ្វើការឲ្យគេដែរ។

ដកស្រង់ពីសៀវភៅ៖  កុំអីល្អជាង