កូឡាឡាំពួរ៖ យោងតាមសារពត៌មាន Reuters បានបញ្ជាក់ថាការធ្វើតេស្តពិនិត្យលើកទីពីរលើស្រ្តីជនជាតិអាមេរិកាំងជាភ្ញៀវទេសចរណ៍លើកប៉ាលដឹកអ្នកដំណើរ Westerdam ដែលក្រសួងម៉ាឡេស៊ីបានប្រកាសកាលពីយប់មិញនោះថាបានឆ្លងវីរុស COVID-19 នោះគឺលទ្ធផលបានបញ្ជាក់ថាស្រ្តីម្នាក់នោះគឺឆ្លងវីរុសមួយនេះពិតប្រាកដមែន។
សម្រាប់ការពិនិត្យលើស្វាមីរបស់ស្រ្តីវ័យ ៨៣ ឆ្នាំរូបនោះក៏ធ្វើឡើងជាលើកទីពីរផងដែរ ដោយបង្ហាញថារូបលោកពុំបានឆ្លងវីរុស COVID-19 នោះទេ។
គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសថា បានរកឃើញនូវវីរុស COVID-19 នៅលើខ្លួនអ្នកដំណើរភេទស្រីវ័យ ៨៣ ឆ្នាំម្នាក់ដែលជាអ្នកដំណើរលើនាវាទេសចរណ៍ Westerdam នេះ ដោយអ្នកដំណើររូបនេះហោះចេញពីប្រទេសកម្ពុជា ប៉ុន្តែស្វាមីរបស់គាត់គឺពុំបានរកឃើញថាបានឆ្លងវីរុស COVID-19 នោះទេ។
នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុដោយដឹកអ្នកដំណើរសរុបជាង ២,២០០ នាក់ ក្នុងនោះមានអ្នកដំណើរ ១៤៥៥ នាក់ និងបុគ្គលិក ៨០២ នាក់ ដែលចាកចេញពីទីក្រុងហុងកុង កាលពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២០៕