ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ គន្លឹះខ្លះៗក្នុងការការពារខ្លួនពីមេរោគកូវីដ-១៩

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ គន្លឹះខ្លះៗក្នុងការការពារខ្លួនពីមេរោគកូវីដ-១៩

កូវីដ-១៩ កំពុងវាយលុកយ៉ាងខ្លាំងពាសពេញពិភពលោកដែលបង្កជាការភ័យខ្លាចយ៉ាងខ្លាំងដល់មនុស្សជាតិ។ វីរុសមួយនេះបានសម្លាប់មនុស្សអស់ជាច្រើននាក់ ព្រមទាំងធ្វើឲ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចពិភពលោកផងដែរ។ ទន្ទឹមនឹងនេះផងដែរ មនុស្សគ្រប់ៗរូបបានធ្វើការការពារខ្លួនពីវីរុសមួយនេះតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងអង្គការសុខភាពពិភពលោកផងដែរ។

Covid 19 South Korea Daegu
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សម្រាប់ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី វិញក៏មានប្រសាសន៍មួយចំនួនទាក់ទងនឹងគន្លឹះខ្លះៗក្នុងការការពារខ្លួនពីមេរោគកូវីដ-១៩ នេះដោយគាត់បានសរសេរលើហ្វេសប៊ុកផេករបស់គាត់ដែលមានឈ្មោះថា MJQ University Press។​ ផុសមួយនោះបានសរសេរថា៖

90170979_2775350155895438_723213054593990656_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

“គន្លឹះខ្លះៗក្នុងការការពារខ្លួនពីមេរោគកូវីដ-១៩

មកទល់នឹងពេលនេះជំងឺកូវីដ-១៩ បានឆ្លងមកកម្ពុជាយើងជាង៣០ករណីហើយ ម្លោះហើយជាហេតុធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងភាគច្រើនហាក់មានភាពភ័យខ្លាច និងស្លន់ស្លោខ្លាំង។ ភាពភ័យខ្លាច និងស្លន់ស្លោ វាពុំមែនជាដំណោះស្រាយដ៏ល្អនោះទេ ដ្បិតបើយើងកាន់តែភ័យខ្លាច កាន់តែស្លន់ស្លោខ្លាំង យើងនឹងកាន់តែប្រឈមនឹងជំងឺនេះខ្លាំងឡើង ព្រោះប្រព័ន្ធការពារយើងចុះខ្សោយ។ ជួសឱ្យភាពស្លន់ស្លោ និងភ័យខ្លាច យើងគួរតែនាំគ្នាហាត់ប្រាណឱ្យបានខ្ជាប់ខ្ជួន ទទួលទានដំណេកឱ្យបានស្កប់ស្កល់តាមម៉ោងកំណត់ ញ៉ាំទឹកឱ្យបានច្រើនជាងមុន ពិសេសគឺទឹកក្ដៅឧណ្ហៗ (ចៀសវាងញ៉ាំទឹកកកឬទឹកត្រជាក់) និងញ៉ាំអាហារឱ្យមានសារធាតុបំប៉នគ្រប់គ្រាន់។ អាហារដែលមានសារធាតុបំប៉នគ្រប់គ្រាន់មាន៤ក្រុម ដែលក្នុងនោះរួមមាន ត្រីសាច់ បន្លែផ្លែឈើ ទឹកដោះគោស្រស់ ទឹកក្រូចស្រស់ ជាតិអង្ករឬស្រូវសាលីជាដើម។ ជាពិសេសត្រូវទទួលទានផ្លែគីវី (Kiwi) ផ្លែប៉ោម ក្រូចថ្លុង ក្រូចពោធិ៍សាត់ និងចំណីអាហារផ្សេងៗដែលមានផ្ទុកវីតាមីន C ដែលអាហារទាំងនេះជួយធ្វើឱ្យប្រព័ន្ធការពារក្នុងខ្លួនយើងរឹងមាំ មិនងាយចាញ់នឹងមេរោគផ្សេងៗ។

ទន្ទឹមនឹងនោះដែរ សូមមេត្តាលាងដៃជាមួយនឹងទឹកលាងដៃដែលមានគុណភាពស្តង់ដារត្រឹមត្រូវ និងលាងដៃជាមួយនឹងសាប៊ូឱ្យបានញឹកញាប់ ពិសេសក្រោយពេលចាប់កាន់របស់អ្វីមួយ ឬចាប់ដៃនរណាម្នាក់។ ក៏ប៉ុន្តែយើងក៏គួរចៀសវាងការលាងដៃនឹងអាល់កុលញឹកញាប់ពេកដែរ ប្រសិនបើអ្នកជាស្ត្រីដែលកំពុងតែពរពោះ ឬអ្នកដែលប្រតិកម្មនឹងសារធាតុអាល់កុល (លាងទៅធ្វើឱ្យស្បែកដៃរលាកក្រហាយ)។ ជម្រើសដ៏ល្អនោះ គឺយើងអាចលាងសម្អាតដៃជាមួយនឹងសាប៊ូឱ្យបានញឹកញាប់។

ខ្ញុំនិយាយបែបនេះពុំមែនមានន័យថា អាល់កុលធ្វើឱ្យប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះទាំងស្រុងនោះទេ ក៏ប៉ុន្តែ បើយោងតាមរបាយការណ៍សិក្សាថ្មីៗនៅសហរដ្ឋអាមេរិកបានឱ្យដឹងថា យើងមិនអាចធានាបានទាំងស្រុងនោះ ទេថា ជាតិអាល់កុលនឹងប៉ះពាល់ដល់សុខភាពស្ត្រីដែលកំពុងពពោះ ឬក៏អត់នោះនៅឡើយទេ។ ហើយដោយ សង្កេតឃើញថា បរិមាណនៃការប្រើប្រាស់អាល់កុលហាក់ខុសពីធម្មតា ម៉្លោះហើយក្រុមអ្នកជំនាញកំពុងស្រាវជ្រាវថា តើជាតិអាល់កុលនឹងប៉ះពាល់ដល់សុខភាពស្ត្រីឬយ៉ាងណា។

បើយោងតាមការសិក្សាស្រាវជ្រាវថ្មីៗពីវិទ្យាស្ថានទប់ស្កាត់ជំងឺឆ្លង ឬ National Institute of Allergy and Infectious Diseases (NIAID) ដែលជាផ្នែកមួយនៃវិទ្យាស្ថានសុខភាពរបស់សហរដ្ឋអាមេរិចក៏បានឱ្យដឹងទៀតថា ជំងឺឆ្លងប្រភេទថ្មី កូវីដ-១៩ នេះ អាចរស់បានយ៉ាងហោចណាស់៣ម៉ោងនៅក្នុងវត្ថុរាវជាតំណក់ដែលប៉ើងទៅក្នុងខ្យល់រាល់ពេលអ្នកជំងឺក្អក ខ្ចាយទឹកមាត់ ខ្ទាតញើស ឬទឹកសំបោ ជាដើម។ មេរោគនេះអាចរស់នៅលើផ្ទៃរាបស្មើ លើវត្ថុ ឬអ្វីផ្សេងៗដែលយើងអាចនឹងប៉ះពាល់ បានច្រើនថ្ងៃទៀតផង។ ដូចជានៅលើផ្លាស្ទីក និងដែកអ៊ីណុក (Stainless Steel) ដែលមេរោគនេះអាចរស់បានដល់ទៅ៣ថ្ងៃ។ នៅលើសំបកឡាំង ឬប្រអប់ក្រដាសដាសផ្សេងៗ មេរោគនេះអាចរស់បានដល់ទៅ២៤ ម៉ោង ហើយចំណែកនៅលើស្ពាន់វិញនោះ វាអាចរស់បានដល់ទៅ៤ម៉ោងថែមទៀតផង។ នេះបើយោងលើការសិក្សាស្រាវជ្រាវមួយដែលចេញផ្សាយនៅលើគេហទំព័រអនឡាញរបស់ទស្សនាវដ្តីឱសថអង់គ្លេស ឬ the New England Journal of Medicine ដែលទើបនឹងចេញផ្សាយថ្មីៗនេះដែរ។

សូមជម្រាបថា ជំងឺកូវីដ-១៩ វាកាន់តែមានឥទ្ធិពលលើបុគ្គលណាដែលមានប្រព័ន្ធការពារខាងក្នុងខ្សោយ ពិសេសគឺក្មេងតូច និងមនុស្សចាស់។ យ៉ាងណាក៏ដោយ យើងអាចបង្ការជំងឺនេះតាមរយៈមធ្យោបាយមួយចំនួនទៀត ដូចជា៖

១. លាងដៃឱ្យបានញឹកញាប់ជាមួយនឹងសាប៊ូ។ យើងត្រូវលាងដោយយកចិត្តទុកដាក់ ចៀសវាងលាងលេងសើច មិនបានសម្អាតសព្វកោះកៀនដូចជាចន្លោះម្រាមដៃ ក្រចកដៃ បាតដៃ ខ្នងដៃ ជាដើម។ ក្រោយលាងហើយ ត្រូវជូតឱ្យស្ងួតនឹងក្រណាត់ឬក្រដាសជូតដៃ។

២. ត្រូវពាក់ម៉ាស់ពេលដែលអ្នកធ្វើដំណើរនៅក្នុងជណ្តើរយន្ត ទៅផ្សារ ឬនៅពេលដែលអ្នកមានជំងឺ។ ប្រសិនបើពុំមានជំងឺ ឬពុំមានកិច្ចការរវល់ត្រូវទៅខាងក្រៅ អ្នកពុំចាំបាច់ពាក់ម៉ាស់ទេ ប៉ុន្តែត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច។

៣. បើឈឺសូមកុំចេញក្រៅផ្ទះ តែត្រូវទៅមន្ទីរពេទ្យដើម្បីឱ្យពេទ្យជំនាញពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា ចៀសវាងចម្លងទៅអ្នកនៅក្បែរ។ យើងអាចសាកល្បងផ្តាច់ខ្លួនចេញពីក្រុមមនុស្ស ធ្វើបែបនេះ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

៤. ស្របតាមបម្រែបម្រួលសង្គមជាក់ស្តែង ពោលបើទោះអ្នកយល់ថាខ្លួនឯងគ្មានជំងឺអ្វីក៏ដោយ ក៏ប៉ុន្តែយើងត្រូវតែប្រុងជើងការទុកជាមុន ពោលកុំចេះតែដើរចូលក្នុងកម្មវិធីជប់លៀង ហាងហូបចុក ចូលក្នុងក្រុមមនុស្ស ព្រោះយើងមិនអាចមើលដឹងដោយភ្នែកបានឡើយថានរណាមានផ្ទុកមេរោគអ្វី ដែលងាយនឹងឆ្លងដល់គ្រប់គ្នា រួមទាំងយើងថែមទៀតផង។

តែទោះជាយ៉ាងណាក៏ដោយ ការហូបចុកស្អាត ផឹកស្អាត និងរស់នៅស្អាត គឺជាក្បួនការពារខ្លួនដ៏ល្អបំផុតមួយទៀតដែលយើងគ្រប់គ្នាត្រូវតែអនុវត្តជាប្រចាំ ដើម្បីសុខភាពយើង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

#HealthTip
#DrMenglyJQuach
#MJQUP

Screenshot (293)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាមរយៈការណែនាំទាំងនេះគឺក្រើនរំលឹកដល់អ្នកទាំងអស់គ្នាចូលរួមសហការដើម្បីការពារនិងទប់ស្កាត់វីរុសមួយនេះ កុំឲ្យរីករាលដាលកាន់តែខ្លាំងឡើងថែមទៀត៕

Loading...