ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ ត្រូវយល់ឱ្យច្បាស់ពីរោគសញ្ញាគ្រុនផ្ដាសាយធម្មតា ផ្ដាសាយធំ ក្អករ៉ាំរ៉ៃ និង Covid-19 – Kalib9 ក្នុងស្រុក ជីវិតកម្សាន្ត យល់ដឹង សម្រស់និងសុខភាព | Pelklas

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ ត្រូវយល់ឱ្យច្បាស់ពីរោគសញ្ញាគ្រុនផ្ដាសាយធម្មតា ផ្ដាសាយធំ ក្អករ៉ាំរ៉ៃ និង Covid-19

ក្នុងអំឡុងពេលនេះដែរ ពិភពលោកទាំងមូលកំពុងតែជួបប្រទះនឹងបញ្ហា Covid-19 ដែលកំពុងតែរីករាលដាលដែលសម្លាប់មនុស្សអស់ជាច្រើននាក់ និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមានផលប៉ះពាល់ទៀតផង។ យ៉ាងណាមិញរោគសញ្ញានៃវីរុស Covid-19 នោះគឺអាចជាគ្រុនក្តៅ ក្អក និងថប់ដង្ហើម។ ដោយឡែកមនុស្សមួយចំនួនភាពភ័យខ្លាចចំពោះវីរុសនេះ នៅពេលពួកគេកណ្ដាស់ ក្អក ហៀរសម្បោរ និងក្ដៅខ្លួនតិចតួច ដោយពួកគេគិតថាខ្លួនអាំចនឹងឆ្លងវីរុសនេះ។

MW IB802_corona_ZG_20200309102315

ជុំវិញបញ្ហានេះផងដែរ ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានបកស្រាយទាក់ទងនឹងរោគសញ្ញាគ្រុនផ្ដាសាយធម្មតា ផ្ដាសាយធំ ក្អករ៉ាំរ៉ៃ និង Covid_19 ដោយលោកបានសរសេរក្នុងហ្វេសប៊ុកផេក MJQ University Press ថា៖

90551249_2781849001912220_3954313919127879680_o

"មនុស្សគ្រប់រូបនៅលើលោកនេះតែងតែកើតមានផ្ដាសាយឬអាឡាក់ហ្ស៊ីជារឿងធម្មតា។ ដូច្នេះកុំគ្រាន់តែកណ្ដាស់ ក្អក ហៀរសម្បោរ និងក្ដៅខ្លួនតិចតួច សន្មតថាខ្លួនកើត Covid-19 ឱ្យសោះ ព្រោះភាពភ័យស្លន់ស្លោនេះធ្វើឱ្យប្រព័ន្ធការពារយើងចុះខ្សោយ។ បើប្រព័ន្ធការពារយើងចុះខ្សោយ កុំថាឡើយតែជំងឺ Covid-19 សូម្បីតែជំងឺផ្សេងៗដទៃទៀតក៏វាយលុករាងកាយយើងដែរ។

ជំងឺផ្ដាសាយធម្មតា (Cold), ផ្ដាសាយធំ (Flu), ក្អករ៉ាំរ៉ៃ និង Covid-19 វាមានរោគសញ្ញាខុសប្លែកពីគ្នា។ ផ្ដាសាយធម្មតា មានរោគសញ្ញាដូចជា កណ្ដាស់ ហៀរសម្បោរ តែអត់ក្ដៅខ្លួន អត់ឈឺក្បាល អត់ឈឺប្រាណ ដែលវាអាចបណ្ដាលមកពីអាឡាក់ហ្ស៊ីដោយធូលីដីឬលម្អងផ្កា។ រីឯផ្ដាសាយធំ តែងមានអាការៈដូចជា ក្ដៅខ្លួន រងាស្រៀវស្រាញ ឈឺក្បាល អស់កម្លាំង ក្អកមានស្លេស្ម៍ ឈឺបំពង់ក ជាដើម។ ចំណែកជំងឺក្អករ៉ាំរ៉ៃ តែងមានសញ្ញាដូចជា ក្អកខេះៗជាប្រចាំ ក្អកស្ងួត និងឈឺដើមទ្រូង។ ក្អករ៉ាំរ៉ៃនេះ វាបណ្ដាលមកពីជាតិអាស៊ីតនៅក្នុងក្រពះ។ នៅពេលយើងគេងទៅ អាស៊ីតក្នុងក្រពះច្រាលឡើងលើ ហើយស្លេស្ម៍នៅបំពង់កធ្លាក់ចុះ ក៏បណ្ដាលឱ្យរមាស់កក្អក ជួនកាលក្អករហូតដល់​រាកនោមដាក់ខោក៏មាន។ ដោយឡែក ជំងឺ Covid-19 ក្រោយឆ្លង​៣ថ្ងៃដំបូង វាពុំមានលេចចេញរោគសញ្ញាអ្វីទាំងអស់។ បន្ទាប់​​មក នៅថ្ងៃទី៤ទី៥បន្ទាប់ពីឆ្លង យើងចាប់ផ្ដើមក្ដៅខ្លួនតិចៗ (៣៦.៥​អង្សា) ក្អកស្ងួតឬក្អកគ្មានស្លេស្ម៍។ ចូលដល់ថ្ងៃទី៥ទី៦ចាប់ផ្ដើមឈឺបំពង់កតិចៗ ឈឺខ្លួនប្រាណ និងឈឺគន្លាក់ដៃជើង។ ចូលដល់ថ្ងៃទី៦ទី៧ចាប់ផ្ដើមអស់កម្លាំង ចង់ក្អួត ចង់ចង្អោរ ចង់រាក។ បន្ទាប់មកទៀត ចូលដល់ថ្ងៃទី៧ទី៨ចាប់ផ្ដើមឈឺបំពង់កខ្លាំង ឈឺគន្លាក់ដៃ​ជើងខ្លាំង អស់កម្លាំង កម្រើកខ្លួនឈឺខ្លួនប្រាណ រងាស្រៀវស្រាញ ចាប់​ផ្ដើមរាក ចាប់ផ្ដើមក្អួត ចាប់ផ្ដើមក្អកខ្លាំង ញ៉ាំអីអត់ចូល ខ្សោះអស់កម្លាំង។ លុះចូលដល់លើសពី១០ថ្ងៃឡើង មុខមាត់យើងចាប់ផ្ដើមឡើងពណ៌ស្វាយ ស្វាយបបូរមាត់ ខ្លួនប្រាណខ្សោះ ញ៉ាំអត់ចូល ពិបាកដកដង្ហើមខ្លាំង ចាប់ផ្ដើមក្អកមានស្លេស្ម៍ រាកខ្លាំង ក្អួតខ្លាំង ឈឺគន្លាក់ដៃជើង កម្ដៅចាប់ផ្ដើមឡើងដល់៣៧​ឬ៣៨​អង្សា។

Sneeze_particles

ស្របពេលស្ថានភាពប្រទេសជាតិ ក៏ដូចជាពិភពលោកកំពុងជ្រួលច្របល់រឿង Covid-19 យើងមិនគួរស្លន់ស្លោដណ្ដើមគ្នាទិញម៉ាស់ ទិញទឹកអាល់កុល ទុកក្នុងផ្ទះទេ ព្រោះវាអាចធ្វើឱ្យជនឆ្លៀតឱកាសលក់របស់អស់ហ្នឹងក្នុងតម្លៃថ្លៃ ធ្វើឱ្យមានការឆាបឆេះផ្ទះ(អាល់កុល) និងធ្វើឱ្យមន្ទីរពេទ្យខ្វះរបស់ទាំងអស់ហ្នឹងប្រើប្រាស់ ហើយពិបាកនឹងរកទិញ។ ផ្ទុយទៅវិញ យើងគួរតែធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឬអង្គការសុខភាពពិភពលោក ដូចជា កុំចេញទៅក្រៅប្រទេស កុំជួបជុំគ្នា កុំប៉ះពាល់គ្នាឬអ្នកជំងឺ កុំប៉ះរបស់របរផ្ដេសផ្ដាស កុំចេញក្រៅផ្ទះ (បើចេញត្រូវពាក់ម៉ាស់) ត្រូវលាងដៃនឹងសាប៊ូឱ្យបានញឹកញាប់ (លាងពី២០ទៅ២៥វិនាទី) កុំចាប់ដៃជាមួយគេ (បើចាប់ត្រូវលាងដៃនឹងសាប៊ូឱ្យស្អាតក្រោយពេលចាប់) ពេលកណ្ដាស់ត្រូវយកក្រដាសជូតមាត់មកខ្ទប់មាត់ ហើយបោះចោលក្នុងធុងសំរាម រួចទៅលាងដៃ។ ចៃដន្យគ្មានក្រដាសឬយើងកណ្ដាស់លឿនពេក យើងត្រូវយកកែងដៃមកខ្ទប់ពេលកណ្ដាស់ រួចទៅលាងដៃចេញ។ ចៀសវាងយកដៃទៅអង្អែលឬប៉ះផ្ទៃមុខ ព្រោះវាមានភាគរយឆ្លងជំងឺផ្សេងៗខ្ពស់ខ្លាំងណាស់។ ហេតុអ្វី? ព្រោះមុខយើងមានរន្ធខ្យល់ច្រើន វាអាចរុញមេរោគចូលទៅក្នុង ធ្វើឱ្យយើងកើតមុនឬកើតជំងឺផ្សេងៗ។ កុំយកដៃទៅឈ្លីឬប៉ះភ្នែក ព្រោះអាចធ្វើឱ្យមេរោគជាប់នឹងទឹកភ្នែកចូលមកមាត់យើង។ កុំយកដៃប៉ះច្រមុះ ព្រោះអាចឱ្យមេរោគជាប់ច្រមុះ ពេលដកដង្ហើមទៅក្នុងបំពង់ក ហើយចូលទៅដល់សួតយើងទៀត។ ប្រសិនបើមានផ្ដាសាយ យើងត្រូវពាក់ម៉ាស់។ ប៉ុន្តែបើយើងអត់មានរោគផ្ដាសាយ អត់មានរោគក្អក ឬអត់មានរោគអ្វីផ្សេងទេ បើនៅក្នុងផ្ទះកុំពាក់ម៉ាស់អី។ បើក្នុងគ្រួសារយើងមានអ្នកឈឺ យើងឱ្យតែអ្នកឈឺពាក់ទៅបានហើយ។ ធ្វើបែបហ្នឹងដើម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារ និងកុំឱ្យទីផ្សាររកម៉ាស់លក់មិនបាន។ ត្រូវញ៉ាំទឹកឱ្យបាន១លីត្រកន្លះទៅ២លីត្រក្នុងមួយថ្ងៃ ព្រោះទឹកមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ជំងឺផ្សេងៗ។ ត្រូវញ៉ាំអាហារឱ្យបានទៀងទាត់ និងគេងឱ្យបានស្កប់ស្កល់។ ត្រូវញ៉ាំផ្លែឈើឬទឹកផ្លែឈើស្រស់ៗ។ ផ្លែឈើដែលមានប្រយោជន៍ចំពោះសុខភាពខ្លាំងមានដូចជា ចេក ស្រកានាគ ស្ពឺ ក្រូច ក្រូចថ្លុង អំពិលទុំ គីវី ប៉ោម ជាពិសេសគឺទឹកដូង។ ម្យ៉ាង ត្រូវយកទឹកក្ដៅឧណ្ហៗលាយជាមួយអំបិលប្រៃឡែមៗមកខ្ពុរមាត់និងបំពង់ក ឱ្យបាន៤ទៅ៥ដងក្នុងមួយថ្ងៃ ដើម្បីលាងមេរោគក្នុងបំពង់កចេញ។ មេរោគ Covid-19 នៅក្នុងបំពង់កយើង៤ទៅ៥ម៉ោងទើបវាចុះទៅបំពង់សួត។ ដូច្នេះបើយើងខ្ពុរមាត់នឹងទឹកក្ដៅឧណ្ហៗលាយទឹកអំបិលញឹកញាប់ វាអាចជួយយើងបានច្រើន។

Gettyimages 1181575980

សូមជម្រាបថា ជំងឺ Covid-19 ងាយនឹងឆ្លងចំពោះមនុស្សឈឺស្រាប់ ស្រ្តីពពោះ ក្មេងតូច និងមនុស្សចាស់ ព្រោះអ្នកទាំងនេះសុទ្ធតែមានប្រព័ន្ធការពារខ្សោយ ដូច្នេះត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។

ចំពោះបងប្អូនដែលសង្ស័យថាខ្លួនឯងកើតជំងឺ Covid-19 ប៉ុន្តែមិនហ៊ានទៅមន្ទីរពេទ្យឱ្យគ្រូពេទ្យពិនិត្យ ឬទៅមន្ទីរពេទ្យហើយតែពេទ្យមិនពិនិត្យ ដោយបញ្ជូនទៅពេទ្យធំបន្ត អាចទាក់ទងសួរខ្ញុំតាមតេលេក្រាមបាន។ ពេលសួរខ្ញុំ គ្រាន់តែរៀបរាប់អំពីអាការោគ ភេទ អាយុ ប្រាប់ខ្ញុំ ខ្ញុំនឹងចេញវេជ្ជបញ្ជាជូនបងប្អូនតាមតេលេក្រាម។

Estornudar

ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់គ្នាថា ក្នុងកាលៈទេសៈប្រទេសជាតិកំពុងមានអាសន្ន យើងត្រូវចេះរួបរួមគ្នា ត្រូវចេះសហការគ្នា ត្រូវមានមេត្តាធម៌និងយោគយល់គ្នា។ ពេលវេលានេះ ពុំមែនជាពេលវេលាដែលត្រូវទិតៀន វាយប្រហារ ឬដៀលពូជសាសន៍គ្នាទេ ព្រោះគ្មាននរណាចង់នាំបញ្ហាដាក់ខ្លួនទេ ហើយក៏គ្មាននរណាចង់នាំបញ្ហាដាក់សង្គមឬប្រទេសខ្លួនឯងដែរ។ នេះជារឿងដែលមើលមិនឃើញ ជារឿងដែលកើតឡើងពេញពិភពលោក ដូច្នេះបើគ្នាមានរោគហើយ ហើយនាំចូលដល់សង្គមហ្នឹងទៀត តើយើងដៀលពួកគាត់បានផលអ្វី? ការមើលងាយ ការរើសអើង ការដៀល ការទិតៀន ពុំមែនជាចំណុចមួយជួយគ្នាទេ។ ក្នុងគ្រាអាសន្ននេះ យើងគួរតែលើកស្ទួយ ជួយគ្នាទៅវិញទៅមក ជាពិសេសជនជាតិភាគតិច ពួកគាត់ភ័យខ្លាំងខ្លាំងណាស់៕"

ដូច្នេះហើយ សូមបងប្អូនស្វែងយល់អំពីរោគសញ្ញានៃជម្ងឺទាំងនេះ ជាពិសេសគឺបង្កើនការប្រុងប្រយ័ត្នកុំឲ្យឆ្លងនូវវីរុសដ៏កាចសាហាវនេះផងដែរ៕