គួរយល់ដឹង៖ អាហារ និងវីរុសកូរ៉ូណា (កូវីដ-១៩) ដែលអ្នកចាំបាច់ត្រូវយល់ដឹង

កូវីដ-១៩គឺជាមេរោគឆ្លងមួយដែលបណ្ដាលដោយវីរុសកូរ៉ូណា។ មានព័ត៌មានមិនពិតជាច្រើនជុំវិញទំនាក់ទំនងរវាងកូវីដ-១៩ និងចំណីអាហារ។ ខាងក្រោមនេះគឺជាសំណួរ និងកង្វល់មួយចំនួនដែលអ្នកត្រូវយល់ដឹង៖

១​. តើមានអាហារណាដែលជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់យើងប្រឆាំងនឹងមេរោគកូវីដ-១៩ដែរឬទេ?

១

បច្ចុប្បន្ននេះមិនមានភ័ស្តុតាងដែលអាចជឿជាក់បានថាអាហារ ឬលំនាំនៃរបបអាហារណាមួយអាចជួយបង្កើតប្រព័ន្ធភាពស៊ាំរបស់យើង និងការពារ ឬព្យាបាលកូវីដ-១៩​បានទេ។

យ៉ាងណាមិញ មានសារធាតុចិញ្ចឹមជាច្រើនដូចជា ស្ពាន់ ហ្វូលេត(ប្រភេទវីតាមីនB) ដែក សេលេញ៉ូម ស័ង្កសី និងវីតាមីនA, B6, B12, C និងD ដែលដើរតួយ៉ាងសំខាន់ក្នុងប្រព័ន្ធភាពស៊ាំរបស់យើង។ ជាទូទៅវាត្រូវបានគេណែនាំឲ្យញុំាំអាហារមានតុល្យភាពចំពោះសុខភាពដែលទទួលបានពីបន្លែ និងផ្លែឈើ។ ក្រៅពីការបរិភោគអាហារដែលមានសុខភាពល្អ ការហាត់ប្រាណ ការកាត់បន្ថយស្រ្តេស និងការទទួលទានដំណេកគ្រប់គ្រាន់នឹងជួយគាំពារដល់មុខងារភាពស៊ាំឲ្យដំណើរការធម្មតាផងដែរ។

ការអនុវត្តតាមវិធីអនាម័យល្អៗ ការនៅឃ្លាតពីគ្នា និងការនៅឆ្ងាយពីអ្នកមានផ្ទុកមេរោគកូវីដ-១៩គឺជាមធ្យោបាយដ៏ល្អដើម្បីការពារការឆ្លងបាន។

២. តើមានថ្នាំបំប៉នណាដែលជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់យើងប្រឆាំងនឹងមេរោគកូវីដ-១៩​ ដែរឬទេ?

២

បច្ចុប្បន្ននេះមិនទានមានភ័ស្តុតាង ហើយក៏មិនមានការអះអាងពីសហគមន៍អឺរ៉ុបដែលថាមានថ្នាំបំប៉នណាមួយអាចជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់យើង និងការពារឬព្យាបាលមេរោគកូវីដ-១៩នេះដែរ។ តែយ៉ាងណា យើងគួរចងចាំចំណុចនេះទុកនៅពេលវាយតម្លៃព័ត៌មានពីនរណាម្នាក់ ឬអង្គការណាមួយដែលមានការអះអាងផ្សេងៗ។

ការប្រាកដថាយើងបានធ្វើតាមតម្រូវការនៃរបបអាហារដែលមានវីតាមីន និងសារធាតុរ៉ែជាច្រើនពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាពល្អ និងមុខងារភាពស៊ាំក្នុងខ្លួនតាមធម្មតា។ ការទទួលទានរបបអាហារដែលមានតុល្យភាពល្អគួរតែផ្ដល់នូវសារធាតុចឹញ្ចឹមចាំបាច់ទាំងអស់ដែលយើងត្រូវការ។

ក្នុងករណីមានបញ្ហាប្រឈមជាក់លាក់ណាមួយក្នុងការបំពេញតម្រូវការរបបអាហារ ថ្នាំគ្រាប់អាចត្រូវបានប្រើប្រាស់ដើម្បីបន្ថែមសារធាតុចិញ្ចឹមទៅក្នុងរបបអាហាររបស់យើង។

៣. តើអ្នកអាចឆ្លងមេរោគកូវីដ-១៩ ពីការទទួលទានអាហារដែរឬទេ?

៣

អាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់អឺរ៉ុបបានបញ្ជាក់ថា បច្ចុប្បន្ននេះមិនមានភ័ស្តុតាងណាមួយបញ្ជាក់ថាមេរោគកូវីដ-១៩អាចឆ្លងតាមរយៈការបរិភោគអាហារនោះទេ។

បើទោះបីជាវាមិនទំនងថាវីរុសនឹងឆ្លងតាមរយៈអាហារកខ្វក់ក៏ដោយ ការអនុវត្តតាមវិធីសុវត្ថិភាពចំណីអាហារតែងតែត្រូវបានណែនាំដើម្បីកាត់បន្ថយហានិភ័យនៃមេរោគដែលបណ្ដាលមកពីចំណីអាហារ។ នៅពេលចាប់កាន់ ឬរៀបចំអាហារត្រូវប្រាកដថា៖

  • លាងដៃយ៉ាងហោចណាស់រយៈពេល ២០វិនាទីជាមួយនឹងសាប៊ូមុន និងក្រោយការរៀបចំ និងបរិភោគអាហារ។
  • ខ្ទប់មាត់ និងច្រមុះជាមួយនឹងក្រដាសអនាម័យ ឬដៃអាវនៅពេលក្អក ឬកណ្ដាស់។
  • លាងផ្លែឈើ និងបន្លែឲ្យបានស្អាតមុនពេលបរិភោគ។
  • សម្អាតផ្ទៃ និងសម្ភារៈផ្សេងៗជាមួយនឹងសារធាតុកម្ចាត់មេរោគមុន និងក្រោយប្រើប្រាស់រួច។
  • រក្សាចំណីអាហារឆៅ និងឆ្អិននៅដោយឡែកពីគ្នាដើម្បីជៀសវាងអតិសុខុមប្រាណ(មីក្រុប) ដែលបង្កគ្រោះថ្នាក់ពីអាហារឆៅរាលដាលដល់អាហារដែលរួចរាល់សម្រាប់បរិភោគ។
  • ប្រើប្រដាប់ប្រដាដូចជា ជ្រុញសម្រាប់ចំណីអាហារឆៅ និងឆ្អិនផ្សេងគ្នាដើម្បីការពារពីការឆ្លងរាលដាល។
  • ត្រូវបា្រកដថាចំអិន និងកម្ដៅម្ហូបដល់សីតុណ្ហភាពគ្រប់គ្រាន់ (ស្មើ ឬលើពី ៧២អង្សាសេរយៈពេល ២នាទី)។

៤. តើមេរោគកូវីដ-១៩អាចឆ្លងរាលដាលតាមរយៈទឹកផឹកដែរឬទេ?

៤

វីរុសកូរ៉ូណាមិនត្រូវបានរកឃើញក្នុងទឹកផឹកនោះទេ។ ទោះបីជាវីរុសនេះអាចនៅបានក្នុងទឹករយៈពេលខ្លីក៏ដោយ ទឹកដែលបម្រុងទុកសម្រាប់ផឹកគឺមានសុវត្ថិភាព។ ទឹកដែលបើកចេញពីក្បាលរ៉ូប៊ីណេត្រូវឆ្លងកាត់តាមប្រព័ន្ធត្រួតពិនិត្យជាច្រើនដូចជាការច្រោះ និងការសម្លាប់មេរោគដែលវីរុសកូរ៉ូណាមិនអាចមានវត្តមានបានទេ។ ទឹកបរិសុទ្ធក៏ត្រូវបានកំណត់យ៉ាងតឹងរឹងដើម្បីធានាថាវាមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមចុចមើល៖ World Health Organisation (WHO) - Water, sanitation, hygiene and waste management for COVID-19

៥. តើអ្នកនៅតែអាចបំបៅកូនដោយទឹកដោះបានទេ ប្រសិនបើអ្នកមានមេរោគកូវីដ-១៩?

៥

ប្រាកដណាស់ អ្នកពិតជាអាចបំបៅកូនបាន។ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថាម្ដាយដែលបានឆ្លងមេរោគកូវីដ-១៩ នៅតែត្រូវបានណែនាំឲ្យបំបៅកូនដោយទឹកដោះ ប៉ុន្ដែពួកគេគួរតែអនុវត្តតាមការប្រុងប្រយ័ត្នទាំងនេះ៖

  • អនុវត្តអនាម័យផ្លូវដង្ហើម និងពាក់ម៉ាសពេលបំបៅដោះ
  • លាងដៃឲ្យបានស្អាតមុនពេល និងក្រោយប៉ះទារក
  • ប្រសិនបើបំបៅកូនដោយប្រើដៃ ឬប្រដាប់បំបៅផ្សេងៗត្រូវប្រាកដថា៖
  • លាងដៃមុនពេលប៉ះប្រដាប់បូម ឬផ្នែកនៃដប
  • អនុវត្តតាមការណែនាំសម្រាប់ការសម្អាតនៅលើសម្ភារៈនោះបន្ទាប់ពីប្រើរួច។

សម្រាប់ព័ត៌មានបន្ថែមសូមចុចមើល៖ WHO - Q&A on COVID-19, pregnancy, childbirth and breastfeeding.

 

By: Cobra

Source: eufic