ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ តើការធ្វើចលនាបេះដូងឬធ្វើ CPR មានលក្ខណៈដូចម្តេច! – Kalib9 ក្នុងស្រុក ជីវិតកម្សាន្ត យល់ដឹង សម្រស់និងសុខភាព | Pelklas

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ តើការធ្វើចលនាបេះដូងឬធ្វើ CPR មានលក្ខណៈដូចម្តេច!

គាំងបេះដូងគឺកើតចេញពីកត្តាជាច្រើន មានទាំងតូចមានទាំងធំ ហើយពេលបញ្ហាទាំងនេះហើយដែលទាមទារឲ្យធ្វើចលនាបេះដូងឬក៏ហៅថា CPR ជាបន្ទាន់ ដើម្បីសង្គ្រោះជីវិតអ្នកដែលមានបញ្ហាគាំងបេះដូងនេះ។ ម្យ៉ាងវិញថាក៏មានមហាជនមួយចំនួនធំមានចម្ងល់នឹងការធ្វើចលនាបេះដូងឬធ្វើ CPR នេះយ៉ាងដូចម្តេចហើយទាមទារឲ្យធ្វើក្នុងស្ថានភាពណាខ្លះ?

MTL322

យោងតាមហ្វេសប៊ុកផេករបសឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានឈ្មោះថា MJQ University Press បានសរសេរថា៖

92823631_2823467871083666_2421288251206664192_o

"តើការធ្វើចលនាបេះដូងឬធ្វើ CPR មានលក្ខណៈដូចម្តេច?

ជាដំបូង ខ្ញុំនឹងញែកពាក្យ Cardiopulmonary Resuscitation ឬ CPR នេះ ដើម្បីពន្យល់ ថាតើពាក្យនេះមានន័យយ៉ាងដូចម្តេច ជាមុនសិន។ C សំដៅលើពាក្យ Cardio ឬបេះដូង។ ចំណែក P គឺសំដៅលើពាក្យ Pulmonary ឬសួត ។ រឺឯ R សំដៅលើពាក្យ Resuscitation ដែលផ្តោតលើការសង្គ្រោះ បេះដូង និងសួត ឱ្យមានខ្យល់ចេញចូល ហើយនិងមានចលនាឡើងវិញ។ ពោល CPR គឺជាការធ្វើចលនាសង្គ្រោះបេះដូងឱ្យដំណើរការវិញ ។ ហើយការធ្វើចលនា CPR នេះ គេធ្វើលើគ្រប់ប្រភេទនៃគ្រោះថ្នាក់ដែលបណ្តាលជនរងគ្រោះដាច់ដង្ហើម ឬបេះដូងលែងលោត។ បងប្អូនយើងខ្លះគាត់ហាក់មិនទាន់យល់ទេ ថាតើត្រូវធ្វើចលនាបេះដូង ឬធ្វើ CPR នេះ នៅពេលណា និងក្នុងស្ថានភាពបែបណា។

ម៉្លោះហើយខ្ញុំចង់ចែករំលែកថា យើងអាចធ្វើចលនាបេះដូងដើម្បីជួយសង្គ្រោះដល់អ្នករងគ្រោះបានច្រើនស្ថានភាពណាស់ ដែលក្នុងនោះរួមមាន អ្នកគាំងបេះដូងដោយសារខ្យល់គ អ្នកដួលសន្លប់បាត់មាត់បាត់ក អ្នកត្រូវខ្សែភ្លើងឆក់ដល់សន្លប់ស្តូកស្តឹង អ្នកសន្លប់ដោយសារក្តៅខ្លាំងពេក អ្នកគាំងបេះដូង អ្នកលង់ទឹក អ្នកត្រូវរន្ទះបាញ់ជាដើម។ មែនទែនទៅ យើងអាចនិយាយបានថា សឹងតែគ្រប់ស្ថានភាព ដែលបណ្តាលឱ្យអ្នករងគ្រោះលែងមានចលនាបេះដូង ឬសន្លប់បាត់មាត់បាត់ក។ ការធ្វើចលនាបេះដូង ហៅជាភាសាអង់គ្លេសថា Cardiopulmonary Resuscitation ឬធ្វើ CPR នេះ ត្រូវបែងចែកជាពីរ គឺធ្វើចលនាបេះដូងដល់មនុស្សចាស់មួយបែប និងកូនក្មេងក្រោមអាយុ១ឆ្នាំ មួយបែបផ្សេងគ្នា។ ចំពោះក្មេងលើស១ឆ្នាំ ដល់វ័យជំទង ឬចាស់ យើងអាចធ្វើចលនាបេះដូងដូចគ្នា។ អ៊ីចឹង ប្រសិនបើយើងប្រទះឃើញជនរងគ្រោះ គាំងបេះដូងសន្លប់បាត់មាត់ ដោយឧប្បត្តិហេតុអ្វីមួយ ដំបូងយើងត្រូវ៖

GettyImages 995448850 17563d88be69408bb119448a89d62e84

១. បើយើងមានគ្នាពីរនាក់ ម្នាក់ត្រូវទាក់ទងទៅលេខសង្គ្រោះបន្ទាន់ ដើម្បីឱ្យក្រុមសង្គ្រោះមកដឹកជនគ្រោះទៅកាន់មន្ទីពេទ្យឱ្យទាន់ពេលវេលា។ បើអាច ប្រសិនបើជនរងគ្រោះស្ថិតនៅកន្លែងដែលមិនរាបស្មើ យើងត្រូវព្យាយាមលើកគាត់មកដាក់កន្លែងរាបស្មើ ដែលគ្មានអ្វីទល់ខ្នង មុននឹងធ្វើចលាសង្គ្រោះ។ ធ្វើបែបនេះ ដើម្បីការពារក្រែងខ្នងជនរងគ្រោះមានរបួសប្រសិនបើយើងសង្កត់ខ្លាំងៗពេលកំពុងធ្វើចលនាបេះដូង។ ត្រង់នេះ ត្រូវប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យមែនទែន ពិសេសបើសិនជាជនរងគ្រោះ បាក់ដៃ បាក់ជើង ជាដើម យើងត្រូវរិះរកវិធីជួយតាមជាក់ស្តែង ឬជួយនៅនឹងកន្លែងកើតហេតុតែម្តង ដោយគ្រាន់តែពិនិត្យលើផ្ទៃរាបនៅក្រោមខ្នងគាត់ថាតើមានអ្វីទល់ខ្នងឬអត់។ ប៉ុន្តែ បើជនរងគ្រោះ មិនស្ថិតលក្ខខណ្ឌដូចរៀបរាប់នេះទេ យើងអាចលើកគាត់ទៅកន្លែងមានសុវត្ថិភាព រាបស្មើល្អ មុននឹងធ្វើចលនាបេះដូង។

២. ស្ទង់មើលជីពចរជនរងគ្រោះ ថាតើនៅដើរ ឬអត់ ដោយយកម្រាមដៃរបស់យើង ទៅស្ទាបនៅត្រង់កដៃខាងក្រោមកៀកមេដៃ ពិនិត្យជីពចរត្រង់កញ្ចឹងក និងជីពចរត្រង់ក្រលៀន។

៣. ពិនិត្យមើល ថាតើ ជនរងគ្រោះនៅមានដង្ហើម ឬអត់ ដោយយកម្រាមដៃចង្អុល និងកណ្តាលពិនិត្យខ្យល់ដង្ហើមនៅត្រង់រុន្ធច្រមុះ នៅត្រង់ចន្លោះបបូរមាត់ ហើយនិងស្តាប់ចង្វាក់បេះដូងនៅដើមទ្រូងផ្នែកខាងឆ្វេងក្រោមដោះ។ ប្រសិនបើក្រោយពិនិត្យហើយ អត់មានដង្ហើម ជីពចរក៏ពុំលោត យើងត្រូវរូតរះធ្វើចលនាបេះដូងដោយ៖

 ប្រលេះលែវអាវជនរងគ្រោះដើម្បីងាយសង្កត់ដើមទ្រូងធ្វើចលនា។

 អង្គុងនៅចំហៀង ឬចោងហោងលើជនរងគ្រោះ(ឱ្យរាងកាយជនរងគ្រោះ នៅចំកណ្តាលចន្លោះជើងយើង) ហើយយកគិលដៃស្តាំយើង(ផ្នែកបាតដៃ លើកដៃបន្តិច) ដាក់ពីលើ និងចំកណ្តាលដើមទ្រូងជនរងគ្រោះ។

 យកគិលដៃឆ្វេងដាក់ពីលើខ្នងដៃស្តាំឱ្យបានត្រឹមត្រូវ រួចទើបយើងចាប់ផ្តើមសង្កត់ធ្វើចលនា។

 តាមក្បួនធ្វើចលនានេះ យើងត្រូវសង្គត់ត្រឹម១ចង្អុលដៃ ឬ១កន្លះ។ បើលើសហ្នឹង ក្រែងបាក់ឆ្អឹងខ្នងជនរងគ្រោះ។ ហើយយើងគប្បីធ្វើចលនាសង្កត់ឱ្យបាន ១០០ ទៅ១២០ ដង ដែលស្មើនឹង១នាទី។

បញ្ជាក់៖ ចំពោះកុមារតូចក្រោមអាយុ ១ឆ្នាំ យើងមិនត្រូវសង្គត់ខ្លាំងដូចមនុស្សធំឡើយ ព្រោះអាចបណ្តាលឱ្យបាក់ឆ្អឹងខ្ចី។ យើងគួរសង្កត់ដើមទ្រូងគាត់តិចជាងមនុស្សធំ១ថ្នាំងដៃ។ ហើយប្រើម្រាមដៃតែពីរប៉ុណ្ណោះ ដើម្បីធ្វើចលនាបេះដូង ឬធ្វើ CPR នេះ។ ពោលបើយើងសង្កត់រុញដើមទ្រូងមនុស្សធំចុះខ្លាំងប្រវែងត្រឹម១ចង្អុលដៃ នោះយើងត្រូវសង្កត់ទ្រូងក្មេងៗតូចចុះមកត្រឹមតែ១ថ្នាំងដៃប៉ុណ្ណោះ។

៤. ក្រោយធ្វើចនាបេះដូងម្តងជាពីរដងហើយ ជនរងគ្រោះនៅតែមិនដឹងខ្លួន បេះដូងនៅតែមិនទាន់ដើរ យើងត្រូវធ្វើចលនាបញ្ចូលខ្យល់អ៊ុកស៊ីសែន ដោយត្រូវផ្ញើយចង្កាជនរងគ្រោះឡើង និងផ្ទីងថ្ងាស់ចុះបន្តិច ដើម្បីងាយបើកមាត់ពិនិត្យ ថាតើមានអ្វីស្លាក់នៅកន្លើតឬអត់? បើមាន យើត្រូវយកចេញ រួចហើយត្រូវខ្ទប់ច្រមុះជនរងគ្រោះឱ្យជិត ដើម្បីឱ្យអ៊ុកស៊ីសែនចូលបានល្អ។ ក្រោយខ្ទប់ច្រមុះហើយ យើងយកបបូរមាត់យើងដាក់លើបបូរមាត់ជនរងគ្រោះឱ្យជិតល្អ រួចចាប់ផ្តើមផ្លុំខ្យល់អ៊ុកស៊ីសែនចូល។ ហើយក្នុងមួយវិនាទី យើងត្រូវផ្លុំពីរដង។ បន្ទាប់មក យើងត្រូវត្រឡប់មកធ្វើចលនាបេះដូងម្តង ដោយសង្គត់ដើមទ្រូងត្រឹមតែ ៣០ ដង រួចមកទៅផ្លុំខ្យល់ចូលសាជាថ្មី។ ដូច្នេះ យើងត្រូវផ្លុំបញ្ចូលខ្យល់ពីរដង ហើយធ្វើចលនាបេះដូងម្តង សាចុះសាឡើងរហូតទាល់ជនរងគ្រោះភ្ញាក់ដឹងខ្លួនវិញ។ ក្នុងតំណាក់កាលផ្លុំបញ្ចូលខ្យល់នេះ ចំពោះក្មេងតូចក្រោម១ឆ្នាំ យើងអាចដាក់មាត់យើងគ្រប់លើច្រមុះ និងមាត់គាត់តែម្តង ដើម្បីងាយផ្លុំបញ្ចូលខ្យល់អ៊ុកស៊ីសែន។ មែនទែនទៅ ការផ្លុំបញ្ចូលខ្យល់នេះ គឺជាដំណាក់កាលទីពីរនៃការធ្វើចលនាបេះដូង ឬធ្វើ CPR ។ ហើយយើងធ្វើបែបនេះ ក្នុងករណីដែលជនរងគ្រោះមិនទាន់ដឹងខ្លួននៅតំណាក់កាលទីមួយ។ ជនរងគ្រោះខ្លះ បើជីពចរគាត់នៅដើរ នោះគាត់នឹងមានដង្ហើមឡើងវិញ ហើយបើគាត់មិនមានដង្ហើម តែជីពចរដើរ គាត់នឹងមានដង្ហើមវិញដូចគ្នាដែរ។

View Of First Aid

ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតថា ចំពោះកុមារដែលមានអាយុក្រោម១ឆ្នាំ យើងមិនត្រូវសង្គត់ធ្វើចលនា ដូចមនុស្សធំឡើយ ព្រោះឆ្អឹងខ្នងគាត់នៅខ្ចីខ្លាំងណាស់។ ជួសឱ្យសង្គត់ដូចមនុស្សធំដោយប្រើគិលដៃទាំងពីរ យើង គប្បីជួយធ្វើចលនាបេះដូងដល់កុមារតូចដោយប្រើតែម្រាមដៃតែពីរប៉ុណ្ណោះ។ ចំណែកឯការសង្កត់ដើមទ្រូងនោះ ទៀតសោត យើងត្រូវសង្កត់ឱ្យដើមទ្រូងគេផតចុះត្រឹម១ថ្នាំងដៃតែប៉ុណ្ណោះ ខណៈមនុស្សធំ យើងសង្កត់ដើមទ្រូង ឱ្យផតចុះដល់ទៅ១ចង្អុលដៃ ឬ១ចង្អុលដៃកន្លះ៕"