ជាការពិតណាស់ ដោយសារតែវីរុស Covid-19 គឺជាវីរុសរាតត្បាតជាសកល និងរាលដាលដល់ប្រទេសជាច្រើននៅក្នុងពិភពលោក រួមទាំងប្រទេសកម្ពុជាយើងផងនោះ ទើបមានវិធានការបង្ការការរាលនេះជាច្រើន ដោយការឧស្សាហ៍លាងសម្អាតដៃនឹងសាប៊ូ ឬអាល់កុល ចៀសវាងការជួបជុំ ពិសេសពាក់ម៉ាស់រាល់ពេលចេញទៅខាងក្រៅជាដើម។
នៅក្នុងនោះ ការបំលាស់ទីពីកន្លែងមួយទៅកន្លែងមួយ ជាពិសេសការឆ្លងខេត្ត និងឆ្លងប្រទេស ត្រូវមានវិធានការការរស់នៅដាច់ដោយឡែក ១៤ថ្ងៃសិន ដើម្បីប្រាកដថាខ្លួនមិនមានផ្ទុកនូវវីរុសមួយនេះ ចៀសវាងការឆ្លងរាលដាលទៅអ្នកដទៃ ពិសេសគឺក្រុមគ្រួសារតែម្តង។
នៅក្នុងនោះគ្រួសារពលករមកពីក្រៅប្រទេសមួយ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានអារម្មណ៍ក្តុកក្តួលអាណិតខ្លាំង ព្រោះតែខ្លួនទើបមកពីក្រៅប្រទេសទាំងប្តីប្រពន្ធ ពេលមកដល់ស្រុកខ្មែរស្រុកកំណើតបានរស់នៅឆ្ងាយពីគ្រួសារ និងកូនជាទីស្រលាញ់ បានត្រឹមតែមើលពីចម្ងាយ។
បើទោះបីជារូបភាពនេះមើលទៅសែនអាណិត និងក្តុកក្តួលខ្លាំង តែប្រសិនជាកន្លងរយៈពេល ១៤ថ្ងៃគ្មានរោគសញ្ញាសង្ស័យ នោះនឹងមានរួមរស់ជាមួយគ្រួសារដោយគ្មានការព្រួយបារម្ភ ហើយនេះគឺដើម្បីសុខសុវត្ថិភាពទាំងក្រុមគ្រួសារ និងប្រទេសជាតិទាំងមូល ពោលគឺជាវិធានការគួរឱ្យយកតម្រាបតាមសម្រាប់ពលករចំណាកស្រុកត្រលប់មកភូមិស្រុកគួរតែអនុវត្តិតាម ដើម្បីរួមគ្នាទប់ស្កាត់វីរុស Covid-19 ធ្វើតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល៕